អប់រំគុណតម្លៃអូឡាំពិក លើកកម្ពស់សាមគ្គីភាព និងមិត្តភាពក្នុងវិស័យកីឡា ដល់យុវជនកំពត
22-11-2026 16:28
(ភ្នំពេញ)៖ សិស្សានុសិស្សយ៉ាងច្រើនកុះករ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះរាជសម្ភារ ខេត្តកំពត បានទទួលនូវពុទ្ធិ និងបទពិសោធន៍ថ្មីៗ ជុំវិញប្រវត្តិ និងគុណតម្លៃពិតប្រាកដនៃវិស័យកីឡា តាមរយៈ «កម្មវិធីអប់រំគុណតម្លៃអូឡាំពិក» ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ស្របតាមចក្ខុវិស័យរបស់សាលា ក្នុងការលើកកម្ពស់នូវស្មារតីមិត្តភាព សាមគ្គីភាព និងសុខភាព។
លោក អ៊ុន ប៉េងឡេង គ្រូអប់រំកាយ និងកីឡាប្រចាំវិទ្យាល័យខាងលើ បានសម្ដែងក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលក្រុមការងារ NOCC បានជ្រើសរើសយកគ្រឹះស្ថានសិក្សារបស់ខ្លួន រៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ជាមួយការចែករំលែកនូវចំណេះដឹងរបស់វាគ្មិនជំនាញអូឡាំពិក បានជួយពង្រីកការយល់ដឹងរបស់សិស្សានុសិស្សឱ្យកាន់តែស៊ីជម្រៅ អំពីប្រវត្តិសាស្ត្រកីឡា ជាពិសេសដំណើរវិវត្តនៃព្រឹត្តិការណ៍កីឡាអូឡាំពិក តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។
គ្រូជំនាញរូបនេះបានគូសបញ្ជាក់ថា «កន្លងមកសាលារបស់យើងតែងតែយកចិត្តទុកដាក់ និងជំរុញយ៉ាងខ្លាំងលើសកម្មភាពលេងកីឡា។ ដូច្នេះនៅពេលមានការបំពេញបន្ថែមពីកម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកនេះទៀត ខ្ញុំជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សនឹងយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ និងគុណតម្លៃនៃការលេងកីឡា មិនមែនត្រឹមតែដើម្បីសុខភាពប៉ុណ្ណោះទេ»។
ទន្ទឹមជាមួយគ្នា យុវតី ហឿង សុផាណា សិស្សថ្នាក់ទី១០B នៃវិទ្យាល័យដដែល ក៏បានសម្ដែងក្ដីរីករាយ ចំពោះកម្មវិធីនេះ ដែលបានផ្ដល់នូវការយល់ដឹងកាន់តែទូលំទូលាយពីប្រវត្តិកីឡាអូឡាំពិក និងខ្លឹមសារនៃការប្រកួតកីឡានានា ដោយកញ្ញាបានសង្កត់ធ្ងន់ថា កីឡាមិនមែនជាការប្រកួតប្រជែងដើម្បីតែឈ្នះចាញ់ម្យ៉ាងនោះទេ ប៉ុន្តែវាបានបង្កប់នូវអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ ជាពិសេសគឺការចេះគោរពគ្នាទៅវិញទៅមក ការមានសាមគ្គីភាព និងមិត្តភាពតែម្ដង។
គួរដឹងថា ក្រោយបញ្ចប់កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ នៅខេត្តកំពត ដែលជាខេត្តទី៣ បន្ទាប់ពិខេត្តកណ្ដាល និងខេត្តកែប ក្រុមការងារ NOCC នឹងបន្ដរៀបចំយុទ្ធនាការនេះ ទៅកាន់បណ្ដាខេត្តគោលដៅផ្សេងៗទៀតនៅទូទាំងប្រទេស រួមទាំងគម្រោងចុះទៅផ្សព្វផ្សាយដល់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក៏ដូចជាភូមិរង់ចាំ ដើម្បីបណ្ដុះស្មារតីស្រឡាញ់កីឡា និងគុណតម្លៃអូឡាំពិកដល់យុវជននៅទីនោះផងដែរ៕











