* យល់ដឹងផ្នែកច្បាប់៖ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅក្នុងច្បាប់កម្ពុជា
* ដើរលេងបុណ្យអុំទូកឆ្នាំនេះ ជិះឡានអគ្គិសនីទៅណាក៏គ្មានកង្វល់រឿងរកទីតាំងកន្លែងសាកថ្មដែរ ! ក្នុងឱកាសបុណ្យអុំទូក បើមានគម្រោងធ្វើដំណើរកម្សាន្តជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ កុំភ្លេចប្រើមុខងារ EV Zone របស់កម្មវិធីឆ្លាតវៃ Fresh AI ដែលជួយស្វែងរកទីតាំងសាករថយន្តអគ្គិសនីជាង ៤៤០ កន្លែងទូទាំងប្រទេសកម្ពុជា។

យល់ដឹងផ្នែកច្បាប់៖ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅក្នុងច្បាប់កម្ពុជា

22-11-2026 17:50

(ភ្នំពេញ)៖ ស្របតាមការរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគបាននឹងកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដែលជំរុញឱ្យមានការបង្កើតអាជីវកម្មក្នុងវិស័យផ្សេងៗកាន់តែច្រើនឡើង ។ ទន្ទឹមនឹងនេះ ការជ្រើសរើសទម្រង់គតិយុត្តសមស្របសម្រាប់ការបង្កើតក្រុមហ៊ុន គឺជាកត្តាសំខាន់ក្នុងការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង សិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់ម្ចាស់អាជីវកម្ម ។ ក្នុងចំណោមទម្រង់ក្រុមហ៊ុនដែលច្បាប់បានកំណត់ ក្រុមហ៊ុនសហកម្មសិទ្ធិ គឺជាទម្រង់មួយដែលពេញនិយមស្របតាមសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាដែលអនុញ្ញាតឱ្យបុគ្គលចាប់ពី ០២ (ពីរ)រូបឡើងទៅចូលរួមធ្វើអាជីវកម្ម ក្រោមកិច្ចព្រមព្រៀង និងលក្ខខណ្ឌដែលច្បាប់បានកំណត់ ។ ក្រុមហ៊ុនសហកម្មសិទ្ធិត្រូវបានបែងចែកជាពីរប្រភេទ គឺក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ។ ដូច្នេះក្នុងអត្ថបទច្បាប់នេះ យើងនឹងលើកយកតែ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ មកធ្វើការបកស្រាយតែប៉ុណ្ណោះ ។

តើក្រុមហ៊ុនសហកម្មសិទ្ធិទូទៅមានលក្ខណៈគតិយុត្តយ៉ាងដូចម្តេច ផ្អែកតាមច្បាប់កម្ពុជា ?

ដើម្បីយល់កាន់តែច្បាស់អំពី «ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅក្នុងច្បាប់កម្ពុជា» កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើការចែករំលែកជូនសិស្ស និស្សិត និងសាធារណជនដូចតទៅ៖

យោងតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម បានចែង និងកំណត់អំពីទម្រង់នៃក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ទាក់ទងនឹងចំណុចសំខាន់ៗជាច្រើន រួមមានការបង្កើតក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងការរំលាយក្រុមហ៊ុនជាអាទិ៍ ។ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ គឺជាក្រុមហ៊ុនដែលមានទីស្នាក់ការចុះបញ្ជី និងភ្នាក់ងារចុះបញ្ជីជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា និងមាននាមករណ៍ជាភាសាខ្មែរ ជាទំនាក់ទំនងគតិយុត្តមួយប្រភេទដែលត្រូវបានបង្កើតឡើងតាមរយៈកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើន ដែលបានដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកិច្ចរួម ក្នុងគោលបំណងរកប្រាក់ចំណេញ ។ កិច្ចសន្យាដែលបង្កើត
ក្រុមហ៊ុននេះ អាចធ្វើជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ ហើយក្នុងករណីកិច្ចសន្យានេះ ធ្វើជាលាយលក្ខណ៍អក្សរ សហកម្មសិទ្ធិករទូទៅទាំងអស់ត្រូវចុះហត្ថលេខាលើកិច្ចសន្យានោះ ។ ជាទូទៅក្រុមហ៊ុនសហកម្មសិទ្ធិ ត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្ម ដែលមានលក្ខណៈជាការផ្តល់សេវាកម្ម ដូចជាក្រុមហ៊ុនមេធាវី និងក្រុមហ៊ុនសវនកម្មជាអាទិ៍។

សហកម្មសិទ្ធិករទូទៅ ដែលបានចុះកិច្ចសន្យាជាមួយអតិថិជន ត្រូវចងភ្ជាប់កាតព្វកិច្ចទៅនឹងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ នៅពេលណាដែលកាតព្វកិច្ចនោះស្ថិតនៅក្នុងកម្មវត្ថុអាជីវកម្មរបស់ក្រុមហ៊ុន ឬនៅពេលណាដែលវត្ថុនៃកិច្ចសន្យានោះជាទ្រព្យសម្បត្តិដែលត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ហើយសហកម្មសិទ្ធិករទូទៅទាំងអស់ ត្រូវទទួលខុសត្រូវរួមគ្នា និងដាច់ដោយឡែកពីគ្នានូវកាតព្វកិច្ច និងបំណុលរបស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនោះ ។ តតិយជននៃក្រុមហ៊ុនសហកម្មសិទ្ធិ ត្រូវទាមទារការអនុវត្តកាតព្វកិច្ចបំណុល ឬទ្រព្យសម្បត្តិ ពីក្រុមហ៊ុនសហកម្មសិទ្ធិទូទៅសិន មុននឹងទាមទារពីសហកម្មសិទ្ធិករទូទៅ ហើយបុគ្គលដែលបានចូលជាសហកម្មសិទ្ធិករទូទៅ នៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅដែលមានស្រាប់ ហើយត្រូវទទួលខុសត្រូវចំពោះបំណុលទាំងអស់ ដែលកើតឡើងដោយសារក្រុមហ៊ុន មុនពេលដែលបុគ្គលនោះចូលជាសហកម្មសិទ្ធិករទូទៅ ។ ឧទាហរណ៍៖ ខ្លួនជាសហកម្មសិទ្ធិករទូទៅនៅពេលបំណុលនោះកើតឡើងដែរ ប៉ុន្តែបំណុលទាំងអស់ណាដែលបានកើតឡើងមុនពេលបុគ្គលនោះចូលជាសហកម្មសិទ្ធិករទូទៅ បំណុលនោះអាចត្រូវបានចេញសងដោយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ ហើយមិនត្រូវបានចេញសងដោយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បុគ្គលនោះឡើយ លើកលែងតែបុគ្គលនោះមានការព្រមព្រៀងផ្សេងនៅក្នុងលិខិតជាលាយលក្ខណ៍អក្សរ ។ ចំណែកការរំលាយក្រុមហ៊ុនសហកម្មសិទ្ធិទូទៅអាចធ្វើឡើងតាមមូលហេតុដែលមានចែងនៅក្នុងកិច្ចសន្យា និងតាមច្បាប់កំណត់ ។

សរុបជារួម ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ គឺជាទម្រង់ក្រុមហ៊ុនមួយប្រភេទ ដែលក្នុងនោះសហកម្មសិទ្ធិករទូទៅ មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងធ្វើសកម្មភាពអាជីវកម្មក្នុងនាមក្រុមហ៊ុន ដោយត្រូវទទួលខុសត្រូវរួមគ្នា និងដាច់ដោយឡែកពីគ្នាយ៉ាងពេញលេញចំពោះបំណុល និងកាតព្វកិច្ចទាំងឡាយរបស់ក្រុមហ៊ុន ដោយមិនកំណត់លើទ្រព្យសម្បត្តិផ្ទាល់ខ្លួនឡើយ ។

រៀបរៀងដោយ៖ កញ្ញា សាន់ រតនា និងលោក ញ៉ែត មករា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕