អ្នកឧកញ៉ា លី សុភ័ក្ត ប្រកាសបើកសម្ពោធមជ្ឈមណ្ឌល «សេវាកម្មថែទាំយានយន្តអគ្គិសនី» ដំបូងគេនៅកម្ពុជា
22-11-2026 19:06
(ភ្នំពេញ)៖ មជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ Ning Service Cambodia ដែលជាមជ្ឈមណ្ឌលផ្តល់សេវាកម្ម ថែទាំយានយន្តថាមពលអគ្គីសនី ដែលទទួលបានសិទ្ធិជាផ្លូវការ ដំបូងគេបង្អស់ និងមានតែមួយគត់នៅកម្ពុជា ត្រូវបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។
អ្នកឧកញ៉ា លី សុភ័ក្ដ ប្រធានក្រុមប្រឹក្សាភិបាល អិល អេកស៍ គ្រុប និង SDB Motors Cambodia បានថ្លែងថា ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ក្នុងដំណើរអភិវឌ្ឍវិស័យយានយន្ត ថាមពលអគ្គីសនីនៅកម្ពុជា។
ក្នុងនាមជាក្រុមហ៊ុនវិនិយោគលើគម្រោងនេះ អ្នកឧកញ៉ា លី សុភ័ក្ដ មានមោទនភាពចំពោះសមិទ្ធផល ដែលសម្រេចបាន។ ប៉ុន្តែអ្វីដែលសំខាន់ជាងមោទនភាព គឺការទទួលខុសត្រូវ រយៈពេលវែងចំពោះអតិថិជនទីផ្សារ និងការអភិវឌ្ឍវិស័យយានយន្តនៅក្នុងប្រទេសកម្ពុជា។
បើតាមអ្នកឧកញ៉ា លី សុភ័ក្ដ, SDB គឺជាក្រុមហ៊ុនដែលមានសិទ្ធិចែកចាយផ្តាច់មុខ ម៉ាកយានយន្តថាមពលអគ្គីសនីរបស់ចិននៅកម្ពុជាច្រើនជាងក្រុមហ៊ុនដទៃទៀត។ ក្នុងរយៈពេលកន្លងមក SDB បានបោះជំហានយ៉ាងសកម្មក្នុងទីផ្សារកម្ពុជា បានបម្រើអតិថិជនជាច្រើន និងបានរីកចម្រើនជាមួយទីផ្សារក្នុងស្រុក។
អ្នកឧកញ៉ា លី សុភ័ក្ដ ជឿជាក់ថា កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមួយ មិនត្រូវបានវាស់វែង ត្រឹមចំនួនរថយន្តដែលបានលក់ចេញនោះទេ ប៉ុន្តែត្រូវវាស់វែងតាមសមត្ថភាព និងការទទួលខុសត្រូវ នៅពេលអតិថិជនជួបបញ្ហា ហើយនៅតែជឿទុកចិត្ត និងជ្រើសរើសក្រុមហ៊ុនរបស់យើង។
លោក វ៉ាង ស៊ីន មកពីក្រុមហ៊ុន CATL បានឲ្យដឹងថា ក្រុមហ៊ុន CATL ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ជាសហគ្រាសឈានមុខគេលើពិភពលោក ក្នុងវិស័យបច្ចេកវិទ្យាថាមពលស្អាត ប្តេជ្ញាផ្តល់នូវដំណោះស្រាយ និងសេវាកម្មលំដាប់ថ្នាក់ពិភពលោក ក្នុងការប្រើប្រាស់ថាមពលថ្មី នៅទូទាំងពិភពលោក។
លោក វ៉ាង ស៊ីន បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ មានរថយន្តជាង២៤លានគ្រឿងនៅទូទាំងពិភពលោក ដែលបានបំពាក់ដោយអាគុយរបស់ក្រុមហ៊ុន CATL។
លោកថា បរិមាណប្រើប្រាស់អាគុយ សម្រាប់យានយន្តរបស់ CATL បានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកជាបន្តបន្ទាប់ រយៈពេល៩ឆ្នាំ ខណៈដែលបរិមាណដឹកជញ្ជូនអាគុយ សម្រាប់ប្រព័ន្ធស្តុកទុកថាមពល បានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកជាបន្តបន្ទាប់រយៈពេល៥ឆ្នាំ៕













