OpenAI ជំរុញឱ្យឧស្សាហកម្ម AI កំណត់ «ហ្វ្រាំងសុវត្ថិភាព» មុនពេលបច្ចេកវិទ្យាឆ្លាតវៃហួសពីការគ្រប់គ្រងរបស់មនុស្ស
23-11-2026 09:14
(បរទេស)៖ ប្រធានអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន OpenAI លោក Jakub Pachocki បានស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ទូទាំងពិភពលោក ព្រមព្រៀងគ្នាកំណត់ដែនកំណត់រួមលើសមត្ថភាពរបស់ AI ដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមានពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានេះ។ សំណើនេះក៏ទទួលបានការគាំទ្រពីនាយកប្រតិបត្តិ OpenAI លោក Sam Altman ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក Pachocki បានស្នើឱ្យប្រើសូចនាករ «Perplexity» ជារង្វាស់រួមសម្រាប់វាយតម្លៃសមត្ថភាពរបស់ម៉ូដែល AI ក្នុងការទស្សន៍ទាយទិន្នន័យបន្ទាប់ ដោយតម្លៃកាន់តែទាបបង្ហាញពីសមត្ថភាពទស្សន៍ទាយកាន់តែប្រសើរ។ លោកបានសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍគួរប្តេជ្ញាមិនឱ្យ AI ឆ្លងកាត់ដែនកំណត់សមត្ថភាពដែលបានព្រមព្រៀងគ្នា រហូតដល់មនុស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយល់ដឹង តាមដាន និងធានាសុវត្ថិភាពរបស់វា។
ការព្រមាននេះកាន់តែមានសារៈសំខាន់ ខណៈលោក Pachocki លើកឡើងថា នៅដើមឆ្នាំ២០២៧ AI អាចជួយជំរុញការរីកចម្រើននៃវិធីសាស្ត្របណ្តុះបណ្តាល AI ផ្ទាល់ខ្លួន ដែលអាចធ្វើឱ្យការអភិវឌ្ឍបច្ចេកវិទ្យានេះដើរលឿនជាងការរីកចម្រើននៃប្រព័ន្ធតាមដាន និងសុវត្ថិភាព។ លោក Sam Altman បានគាំទ្រសំណើនេះ ដោយចាត់ទុកអត្ថបទរបស់លោក Pachocki ថាជា «រឿងសំខាន់បំផុតដែល OpenAI បានផ្សព្វផ្សាយក្នុងរយៈពេលមួយដ៏យូរមកនេះ»។
គួរជម្រាបថា សំណើនេះបានបង្ហាញពីក្តីបារម្ភកាន់តែខ្លាំងចំពោះអនាគត AI ដែលអាចអភិវឌ្ឍលឿនជាងសមត្ថភាពរបស់មនុស្សក្នុងការគ្រប់គ្រង។ សំណួរដ៏សំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យានាពេលនេះ មិនមែនត្រឹមតែថា តើមនុស្សអាចបង្កើត AI ឱ្យឆ្លាតវៃកម្រិតណានោះទេ ប៉ុន្តែគឺថា តើមនុស្សអាចរក្សាការគ្រប់គ្រងលើបច្ចេកវិទ្យាដ៏មានឥទ្ធិពលនេះបានដល់កម្រិតណា៕












