* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* អាមេរិកព្រមានពីការដាច់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែច្រើន ខណៈប្រព័ន្ធចាស់ៗកំពុងត្រូវបានជំនួសដោយប្រព័ន្ធថ្មី
* OpenAI ជំរុញឱ្យឧស្សាហកម្ម AI កំណត់ «ហ្វ្រាំងសុវត្ថិភាព» មុនពេលបច្ចេកវិទ្យាឆ្លាតវៃហួសពីការគ្រប់គ្រងរបស់មនុស្ស
* WSJ ទម្លាយពី «Li Ming»៖ ដៃគូជិតស្និទ្ធរបស់ Alice Huang ដែលត្រូវចោទថាកសាងបណ្តាញបង្វែរឈីប Nvidia ទៅចិន
* យល់ដឹងផ្នែកច្បាប់៖ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅក្នុងច្បាប់កម្ពុជា

អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»

23-11-2026 10:36

(បរទេស)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងទាមទារចម្លើយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Nvidia ជុំវិញការលក់បន្ទះឈីបទៅប្រទេសចិន និងចង់ដឹងថា តើអ្នកទទួលខុសត្រូវលើការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនៅក្នុងក្រុមហ៊ុនជានរណា។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានថ្លែងនៅថ្ងៃទី២២ ខែវិច្ឆិកា ថារដ្ឋាភិបាលបានទាក់ទងជាមួយថ្នាក់ដឹកនាំបណ្តោះអាសន្ន សមាជិកក្រុមប្រឹក្សាភិបាល និងមេធាវីរបស់ Nvidia ដើម្បីស្វែងរកការពិត។ នេះបើយោងតា​មការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣​ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Bessent បានបញ្ជាក់ថា៖ «យើងពិតជាត្រូវការចម្លើយ ព្រោះយើងចង់ដឹងថា វប្បធម៌ការងារនៅក្នុងក្រុមហ៊ុនមានលក្ខណៈបែបណា»។ លោកក៏ចង់ដឹងថា តើបញ្ហានេះកើតឡើងនៅកម្រិតបុគ្គលិកថ្នាក់ទាប ថ្នាក់កណ្តាល ឬដឹងដល់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន។ បច្ចុប្បន្ន ក្រុមប្រឹក្សាភិបាល Nvidia កំពុងធ្វើការត្រួតពិនិត្យផ្ទៃក្នុង ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ។

បញ្ហានេះកើតឡើងចំពេលមានសេចក្តីរាយការណ៍អំពីរឿងអាស្រូវផ្ទាល់ខ្លួនរបស់លោក Jensen Huang ដែលពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលស្ថាប័នចារកម្មអាមេរិកសង្ស័យថាជាចារកម្មចិន ព្រមទាំងទំនាក់ទំនងក្រៅអាពាហ៍ពិពាហ៍ជាមួយបុគ្គលិកជាន់ខ្ពស់ម្នាក់។ សេចក្តីរាយការណ៍នេះបាននាំឱ្យមានការស៊ើបអង្កេតពីនិយតករអាមេរិក និង FBI ព្រមទាំងការត្រួតពិនិត្យផ្ទៃក្នុង និងសកម្មភាពផ្លូវច្បាប់មួយចំនួន។ ទន្ទឹមនឹងនេះ រដ្ឋបាលលោក Donald Trump ក៏បានរឹតបន្តឹងការនាំចេញបន្ទះឈីប AI ទំនើបទៅកាន់ប្រទេសចិនបន្ថែមទៀតផងដែរ។

ដោយឡែក លោក Trump បានបង្ហាញបំណងចង់ឃើញលោក Huang ចេញមុខសុំទោស និងត្រឡប់ទៅកាន់ Nvidia វិញ។ ប៉ុន្តែលោក Bessent បានឆ្លើយតបថា អាមេរិកត្រូវការព័ត៌មានបន្ថែម ដោយសង្កត់ធ្ងន់ថា៖ «យើងត្រូវដឹងឱ្យច្បាស់ថា តើការទទួលខុសត្រូវចុងក្រោយស្ថិតនៅលើអ្នកណា»។ ករណីនេះកំពុងបង្កើនសម្ពាធលើ Nvidia និងលើកជាសំណួរធំៗអំពីតម្លាភាព ការគ្រប់គ្រង និងការទទួលខុសត្រូវរបស់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងបរិបទនៃការប្រកួតប្រជែងបច្ចេកវិទ្យារវាងអាមេរិក និងចិន៕