* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* អាមេរិកព្រមានពីការដាច់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែច្រើន ខណៈប្រព័ន្ធចាស់ៗកំពុងត្រូវបានជំនួសដោយប្រព័ន្ធថ្មី
* OpenAI ជំរុញឱ្យឧស្សាហកម្ម AI កំណត់ «ហ្វ្រាំងសុវត្ថិភាព» មុនពេលបច្ចេកវិទ្យាឆ្លាតវៃហួសពីការគ្រប់គ្រងរបស់មនុស្ស
* WSJ ទម្លាយពី «Li Ming»៖ ដៃគូជិតស្និទ្ធរបស់ Alice Huang ដែលត្រូវចោទថាកសាងបណ្តាញបង្វែរឈីប Nvidia ទៅចិន
* យល់ដឹងផ្នែកច្បាប់៖ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅក្នុងច្បាប់កម្ពុជា

អ្នកចូលរួមជាង ៥,០០០ នាក់ រួមគ្នាលើកកម្ពស់ការអាន និងការយល់ដឹងអំពីរូបិយវត្ថុខ្មែរ ក្នុងកម្មវិធី «១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» លើកទី២ នៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងព្រៃវែង

23-11-2026 11:52

(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណជាង ៥,០០០ នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងព្រៃវែង បានចុះឈ្មោះចូលរួមរត់ក្នុងកម្មវិធី «១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំង៣ បង្ហាញពីការគាំទ្រ និងការរួមចំណែករបស់សហគមន៍ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីរូបិយវត្ថុខ្មែរ លើកកម្ពស់ការអាន និងការអប់រំសម្រាប់កុមារ និងយុវជនកម្ពុជា។

លើសពីកម្មវិធីរត់ និងភ្ជាប់ការអាន ការអប់រំ សុខភាព ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងរូបិយវត្ថុខ្មែរ កម្មវិធីនេះនឹងបង្កើតបរិយាកាសរីករាយ សាមគ្គីភាព និងការចូលរួមពីសហគមន៍ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទូទៅនៅតាមបណ្ដាខេត្ត បន្តអនុវត្តទម្លាប់ល្អ និងរស់នៅប្រកបដោយសុខុមាលភាព។

កម្មវិធីនេះ គឺជាជុំទី២ បន្ទាប់ពីកម្មវិធីថ្នាក់ជាតិ «១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ត្រូវបានរៀបចំឡើងដោយជោគជ័យនៅរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះ ក៏បានប្រព្រឹត្តទៅនៅខេត្តចំនួន ៥ រួមមាន បាត់ដំបង ស្ទឹងត្រែង កំពត តាកែវ និងស្វាយរៀង ដោយមានអ្នកចូលរួមសរុបប្រមាណជាង ១០,០០០ នាក់។

កម្មវិធី «១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់» ត្រូវបានរៀបចំឡើងក្នុងកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា សារមន្ទីរ ស.ស.រ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត។ កិច្ចសហការនេះមានគោលបំណង ៣ សំខាន់ៗ៖ ទី១. ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្ដុះទម្លាប់អានក្នុងជីវិតប្រចាំថ្ងៃ និងជំរុញវប្បធម៌អាននៅកម្ពុជា តាមរយៈការគាំទ្រ និងឧបត្ថម្ភទិវាជាតិអំណាន និងពិព័រណ៍សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល ៣ ឆ្នាំ។ ទី២. ចូលរួមផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងរូបិយវត្ថុខ្មែរ តាមរយៈផ្ដល់ឱកាសដល់កុមារកម្ពុជាចំនួន ១០,០០០ នាក់ នៅតាមបណ្ដាខេត្ត បានសិក្សាអំពីប្រវត្តិសាស្ត្រ និងរូបិយវត្ថុខ្មែរនៅសារមន្ទីរ ស.ស.រ សម្រាប់រយៈពេល ៣ ឆ្នាំ។ ទី៣. ចូលរួមផ្សព្វផ្សាយ លើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ ឱ្យកាន់តែទូលំទូលាយ នៅតាមបណ្ដាខេត្ត ក្រុង សម្រាប់រយៈពេល ៣ ឆ្នាំ។

សូមជម្រាបថា អម្រឹត ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលមានប្រតិបត្តិការជាង ៣៥ ឆ្នាំ និងបានចូលរួមចំណែកជាវិជ្ជមានដល់សង្គម។ បច្ចុប្បន្ន អម្រឹត កំពុងបម្រើអតិថិជនជិតមួយលាននាក់ តាមរយៈបណ្ដាញសាខាចំនួន ១៥០ ទូទាំងប្រទេសកម្ពុជា ដោយមានការគាំទ្រពីបុគ្គលិកជាង ៤,៧០០ នាក់។

អម្រឹត មានទ្រព្យសកម្មសរុបជាង ២ ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសរុបលើសពី ១,៥ ពាន់លានដុល្លារអាមេរិក និងផលប័ត្រឥណទានប្រមាណជាង ១,៧ ពាន់លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០២៥ អម្រឹត បានជាប់ចំណាត់ថ្នាក់ទី៧ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស ពីអគ្គនាយកដ្ឋានពន្ធដារ។

អម្រឹត ទទួលបានវិញ្ញាបនបត្រការពារអតិថិជនកម្រិតមាស (Gold-Level Client Protection Certification) ពី MFR ដែលជាស្ថាប័នវាយតម្លៃឯករាជ្យលំដាប់អន្តរជាតិផងដែរ៕