* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* អាមេរិកព្រមានពីការដាច់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែច្រើន ខណៈប្រព័ន្ធចាស់ៗកំពុងត្រូវបានជំនួសដោយប្រព័ន្ធថ្មី
* OpenAI ជំរុញឱ្យឧស្សាហកម្ម AI កំណត់ «ហ្វ្រាំងសុវត្ថិភាព» មុនពេលបច្ចេកវិទ្យាឆ្លាតវៃហួសពីការគ្រប់គ្រងរបស់មនុស្ស
* WSJ ទម្លាយពី «Li Ming»៖ ដៃគូជិតស្និទ្ធរបស់ Alice Huang ដែលត្រូវចោទថាកសាងបណ្តាញបង្វែរឈីប Nvidia ទៅចិន
* យល់ដឹងផ្នែកច្បាប់៖ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅក្នុងច្បាប់កម្ពុជា

សហគ្រិនខ្មែរ រៀបចំកម្មវិធី «សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦» ដើម្បីជួយអភិវឌ្ឍផ្នត់គំនិតបែបសហគ្រិនភាព និងនវានុវត្តភាពក្នុងវិស័យបច្ចេកវិទ្យា

23-11-2026 16:30

(ភ្នំពេញ)៖ សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ វគ្គការប្រកួត សង្វៀនរ៉ូបូត ដ្រូន និង រ៉ុក្កែត កាលពីថ្ងៃទី១៣, ១៧, ១៩, និង ២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ វិទ្យាល័យបឹងត្របែក និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ការប្រកួត នេះត្រូវបានអនុវត្ត ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន AI Farm Robotics Factory, សមាគមអភិវឌ្ឍន៍ ឧស្សាហកម្មរ៉ូបូតកម្ពុជា, និងដៃគូចូលរួមអនុវត្តកម្មវិធីផ្សេងៗទៀត។

កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ត្រូវបានរៀបចំឡើង ដើម្បីបណ្ដុះផ្នត់គំនិតបែបសហគ្រិនភាព បង្កើន សមត្ថភាពច្ចេកទេស និងពន្លឿនការបង្កើតគំរូផលិតផល ព្រមទាំងដំណោះស្រាយបច្ចេកវិទ្យា។ កម្មវិធីនេះ បែង ចែកជា ៣វិញ្ញាសារប្រកួត រួមមាន សង្វៀនរ៉ូបូត (Battlbotx), សង្វៀនដ្រូន (Dronament), និង សង្វៀនរ៉ុក្កែត (Rocketovation) ដែលអ្នកចូលរួមប្រកួតភាគច្រើនជា ប្អូនៗសិស្សថ្នាក់វិទ្យាល័យ និងនិស្សិតថ្នាក់ មហាវិទ្យាល័យ។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា អនុញ្ញាតឱ្យយុវជន និងសិស្សនិស្សិត បង្ហាញពី សមត្ថភាពលើបច្ចេកវិទ្យាថ្មីៗ ដូចជា រ៉ូបូត ដ្រូន និងរ៉ុក្កែត។ កម្មវិធីនេះ ក៏បានទាក់ទាញចំណូលចិត្តយុវជន និង សិស្សនិស្សិតក្នុងការចូលរួមសិក្សាមុខវិជ្ជា STEM ដែលជាជំនាញមានតម្រូវការខ្ពស់នាពេលអនាគត»។

តាមរយៈកម្មវិធីនេះ ក្រុមប្រកួតនីមួយៗមិនត្រឹមតែទទួលបានចំណេះដឹងថ្មីៗពីវិស្វករជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអនុវត្តជាក់ស្ដែង ដោយប្រើប្រាស់ចំណេះដឹងផ្នែក STEM ព្រមទាំង ជំនាញទាក់ទងនឹង វិស្វកម្មគីមី អគ្គិសនី មេកានិច អេឡិចត្រូនិច ការសរសេរកូដ និងបច្ចេកវិទ្យាបោះពុម្ព 3D ដើម្បីបង្កើតជា រ៉ូបូត ដ្រូន និងរ៉ុក្កែត សម្រាប់ប្រកួតប្រជែងក្រោមទម្រង់ជាកីឡា។

ក្រុមប្រកួតទាំងអស់ត្រូវតែគោរពទៅតាមលក្ខន្តិកៈ នៃវិញ្ញាសារនីមួយៗ ប៉ុន្តែអាចជ្រើសរើសការរចនារូបរាងបានដោយសេរី។ បន្ថែមលើចំណេះដឹង បច្ចេកទេស ទាំងនេះ ក្រុមប្រកួតទាំងអស់ក៏មានឱកាសរៀនធ្វើការងារជាក្រុមក្នុងការដោះស្រាយបញ្ហា បង្កើតផែនការប្រកួត និងរៀបចំយុទ្ធសាស្ដ្រនានា ដែលអាចជាទុនសម្រាប់ឱ្យអ្នកប្រកួតទាំង អស់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ និងបំពេញការងារប្រចាំថ្ងៃ។

ជាលទ្ធផល កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ បានផ្ដល់ពានរង្វាន់ និងទឹកប្រាក់ទៅកាន់ ក្រុមជ័យលាភីឯកចំនួន ៩ ដែលបានឆ្លងកាត់ការប្រកួតជាច្រើនជុំ។ ដោយឡែក ក្រុមប្រកួតចំនួន ១១ ចុងក្រោយផ្សេងទៀតក៏បានទទួលរង្វាន់លើកទឹកចិត្ត លើការច្នៃប្រឌិត និងនវានុវត្តន៍។ ការប្រគល់ពានរង្វាន់ នេះ មិនមែនគ្រាន់តែជាការទទួលស្គាល់លទ្ធផលនៃ ការខិតខំរបស់ក្រុមដែលបានឈ្នះនោះទេ ប៉ុន្តែជាការលើក ទឹកចិត្តដល់យុវជនទាំងអស់ ឱ្យបន្តស្វែងរក ចំណេះដឹងថ្មីៗ និងបង្កើតវិជ្ជាជីវៈ ទាក់ទងនឹងវិស័យបច្ចេកវិទ្យា រ៉ូបូត ដ្រូន និង រ៉ុក្កែត សម្រាប់អនាគតប្រទេសជាតិ។

សូមជម្រាបថា សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាបរធនបាលកិច្ចរាជរដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធី គាំទ្រ សហគ្រិនភាព និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ សហគ្រិនខ្មែរ មានគោលដៅ ក្លាយជាថ្នាលជាតិសម្រាប់ ការលើកកម្ពស់គ្រប់សកម្មភាពសហគ្រិនភាព តាមរយៈការ កសាងប្រព័ន្ធអេកូឡូស៊ី ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងការជំរុញ ការវិនិយោគក្នុងវិស័យអាទិភាព៕