* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* អាមេរិកព្រមានពីការដាច់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែច្រើន ខណៈប្រព័ន្ធចាស់ៗកំពុងត្រូវបានជំនួសដោយប្រព័ន្ធថ្មី
* OpenAI ជំរុញឱ្យឧស្សាហកម្ម AI កំណត់ «ហ្វ្រាំងសុវត្ថិភាព» មុនពេលបច្ចេកវិទ្យាឆ្លាតវៃហួសពីការគ្រប់គ្រងរបស់មនុស្ស
* WSJ ទម្លាយពី «Li Ming»៖ ដៃគូជិតស្និទ្ធរបស់ Alice Huang ដែលត្រូវចោទថាកសាងបណ្តាញបង្វែរឈីប Nvidia ទៅចិន
* យល់ដឹងផ្នែកច្បាប់៖ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅក្នុងច្បាប់កម្ពុជា

Waymo ប្រកាសប្រមូលរថយន្ត Robotaxi មកកែសម្រួលប្រព័ន្ធសុវត្ថិភាព ២ ករណី ក្រោយអាមេរិកដាក់បម្រាមលើការបើកបរលើផ្លូវល្បឿនលឿន

23-11-2026 16:36

(បរទេស)៖ ក្រុមហ៊ុន Waymo ដែលជាក្រុមហ៊ុនអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Alphabet បានប្រកាសប្រមូលប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់រថយន្ត Robotaxi មកកែសម្រួលចំនួន ២ ករណី ដោយសារបញ្ហាពាក់ព័ន្ធនឹងការបើកបរចូលគន្លងផ្លូវល្បឿនលឿនដែលត្រូវបានបិទ និងការឆ្លើយតបចំពោះការបញ្ជាចរាចរណ៍របស់មន្ត្រីនគរបាល។ វិធានការនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាហាមឃាត់រថយន្តរបស់ក្រុមហ៊ុននេះមិនឱ្យធ្វើតេស្ត និងដាក់ឱ្យដំណើរការលើផ្លូវល្បឿនលឿនក្នុងរដ្ឋ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន FOX Business នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ចំពោះបញ្ហាទីមួយ ប្រព័ន្ធបើកបរស្វ័យប្រវត្តិអាចធ្វើឱ្យរថយន្តបើកចូល និងបន្តធ្វើដំណើរលើគន្លងផ្លូវល្បឿនលឿនដែលត្រូវបានបិទដោយមិនមានចេតនា។ ក្រុមហ៊ុនបញ្ជាក់ថា មិនមានករណីគ្រោះថ្នាក់បុកគ្នា ឬមនុស្សរងរបួសដោយសារបញ្ហានេះទេ ហើយកំពុងបន្តរកដំណោះស្រាយ។ ចំណែកបញ្ហាទីពីរ ពាក់ព័ន្ធនឹងការប៉ះទង្គិចមួយករណី ដែលរថយន្តបានអនុវត្តតាមការណែនាំរបស់មន្ត្រីនគរបាលដំបូង ប៉ុន្តែក្រោយមកមន្ត្រីរូបនោះបានបាត់ចេញពីដែនមើលឃើញរបស់ប្រព័ន្ធរថយន្តជាបណ្តោះអាសន្ន។ ក្រុមហ៊ុនបានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីដោះស្រាយបញ្ហាទីពីរនេះ ត្រូវបានបញ្ចប់កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

អ្នកនាំពាក្យ Waymo បានថ្លែងប្រាប់សារព័ត៌មាន FOX Business ថា៖ «យើងអនុវត្តស្តង់ដារសុវត្ថិភាពខ្ពស់ចំពោះបច្ចេកវិទ្យារបស់យើង ហើយតែងតែចាត់វិធានការជាមុន នៅពេលយើងរកឃើញឱកាសណាមួយដើម្បីកែលម្អប្រសិទ្ធភាព»។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការប្រមូលប្រព័ន្ធមកកែសម្រួលទាំងនេះ គឺជាផ្នែកមួយនៃវិធានការសុវត្ថិភាព ដើម្បីសាកល្បង និងកែលម្អបច្ចេកវិទ្យា ខណៈក្រុមហ៊ុនពង្រីកសេវាកម្មទៅកាន់ស្ថានភាពចរាចរណ៍ដែលកាន់តែស្មុគស្មាញ។ ក្រុមហ៊ុនក៏បានបញ្ជាក់ថា ការប្រមូលមកកែសម្រួលទាំងពីរករណីនេះជាវិធានការស្ម័គ្រចិត្ត និងមិនតម្រូវឱ្យរថយន្តទាំងអស់ផ្អាកដំណើរការឡើយ។

គួរបញ្ជាក់ថា អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ាបានដាក់កំហិតលើការធ្វើតេស្ត និងប្រតិបត្តិការរថយន្ត Waymo នៅលើផ្លូវល្បឿនលឿនទូទាំងរដ្ឋ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីរថយន្តចំនួន ៣ គ្រឿងបានបើកចូលតំបន់សំណង់ដែលបិទនៅជិតទីក្រុង Burlingame និងមានហេតុការណ៍ពាក់ព័ន្ធនឹងរថយន្តប៉ូលិសចរាចរណ៍រដ្ឋនៅទីក្រុង San Francisco។ ក្រៅពីនេះ អាជ្ញាធរសហព័ន្ធអាមេរិកក៏កំពុងស៊ើបអង្កេតរបាយការណ៍ដែលថា រថយន្ត Waymo បានបើកកាត់រថយន្តដឹកសិស្សសាលាដែលកំពុងឈប់ ព្រមទាំងករណីរថយន្តស្វ័យប្រវត្តិរបស់ក្រុមហ៊ុននេះបុកកុមារម្នាក់នៅក្បែរសាលាបឋមសិក្សាក្នុងទីក្រុង Santa Monica កាលពីខែមករា។ ហេតុការណ៍ទាំងនេះបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនៃបច្ចេកវិទ្យាបើកបរដោយគ្មានមនុស្សបញ្ជា ខណៈបច្ចេកវិទ្យានេះកំពុងត្រូវបានពង្រីកការប្រើប្រាស់កាន់តែទូលំទូលាយ៕