រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
24-11-2026 09:09
(បរទេស)៖ រដ្ឋ Virginia និងរដ្ឋ Oregon របស់សហរដ្ឋអាមេរិក បានសម្រេចដាក់ពាក្យបណ្តឹងរួមគ្នាប្រឆាំងនឹងក្រុមហ៊ុន SpaceX Super Intelligence របស់មហាសេដ្ឋី Elon Musk ពីបទខកខានក្នុងការទប់ស្កាត់ និងឆ្លៀតទាញយកផលចំណេញពីមុខងារនៃប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ឈ្មោះ Grok ដែលអាចបង្កើតរូបភាពនិងវីដេអូរំលោភបំពានផ្លូវភេទលើកុមារ (CSAM) ព្រមទាំងរូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីសាមីខ្លួន។
យោងតាមពាក្យបណ្តឹង ក្រុមហ៊ុនបានបំភាន់អ្នកប្រើប្រាស់អំពីសុវត្ថិភាពបច្ចេកវិទ្យា និងខ្វះវិធានការការពារគ្រប់គ្រាន់ ខណៈមុខងារ «Spicy Mode» របស់ Grok ត្រូវបានគេយកទៅកែច្នៃយករូបថតពិតរបស់បុគ្គលនានា ទៅបង្កើតជារូបភាពស្រើបស្រាល និងអាក្រាតកាយ។ របាយការណ៍ស្រាវជ្រាវបានបង្ហាញថា Grok បានបង្កើតរូបភាពអាសអាភាសរាប់លានសន្លឹកបង្ហោះលើបណ្តាញសង្គម X ដែលក្នុងនោះមានរូបភាពកុមារជាង ២០,០០០ សន្លឹក។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងប្រឈមនឹងបណ្តឹងជាច្រើនករណីទៀត ស្របពេលដែលអគ្គមេធាវីតាមបណ្តារដ្ឋបានចេញមុខចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីបំពេញចន្លោះប្រហោងនៃបទប្បញ្ញត្តិសហព័ន្ធ។ វិធានការច្បាប់នេះ បានក្លាយជាការដាស់តឿនដ៏សំខាន់មួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក ឱ្យបង្កើនការទទួលខុសត្រូវខ្ពស់ និងពង្រឹងក្រមសីលធម៌ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាពសង្គម ជាពិសេសការការពារអនីតិជនពីការកេងប្រវ័ញ្ចតាមប្រព័ន្ធឌីជីថល៕










