* ចក្រភពអង់គ្លេសបើកការសាកល្បងពិនិត្យមហារីកសុដន់ដោយប្រើ AI ទ្រង់ទ្រាយធំបំផុតលើពិភពលោក ទៅលើស្ត្រីជិត ៧០ ម៉ឺននាក់
* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន
* ល្បឿននៃការរីកចម្រើនរបស់ AI ធ្វើឲ្យលោក Jensen Huang រួចផុតពីការចោទប្រកាន់ និងវិលមកតំណែង CEO វិញ

អាមេរិកកាត់ទោស Huawei ឱ្យជាប់ពិរុទ្ធលើបទល្មើសព្រហ្មទណ្ឌ ១០ ករណី ពាក់ព័ន្ធនឹងការបោកបញ្ឆោតធនាគាររឿងជំនួញនៅអ៊ីរ៉ង់ និងការលួចអាថ៌កំបាំងបច្ចេកវិទ្យា

25-11-2026 14:11

(ញូវយ៉ក)៖ ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍យក្សរបស់ចិន Huawei ត្រូវបានគណៈវិនិច្ឆ័យ នៅទីក្រុងញូវយ៉ក សម្រេចកាត់ទោសឱ្យមានពិរុទ្ធកាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌដ៏ធំរបស់សហរដ្ឋអាមេរិក ក្រោមការចោទប្រកាន់ថាបានបោកបញ្ឆោតធនាគារអំពីប្រតិបត្តិការជំនួញរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ និងបានលួចអាថ៌កំបាំងពាណិជ្ជកម្មពីក្រុមហ៊ុនអាមេរិក។ សាលក្រមនេះធ្វើឡើងក្នុងសំណុំរឿងដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ដែលកាលនោះបានរុញច្រានឱ្យរដ្ឋាភិបាលអាមេរិកដាក់បញ្ចូល Huawei ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មនៅឆ្នាំបន្ទាប់ ដោយរឹតត្បិតការទទួលបានបច្ចេកវិទ្យារបស់អាមេរិក ក្រោមក្តីបារម្ភផ្នែកសន្តិសុខជាតិ។

គណៈវិនិច្ឆ័យនៅតុលាការសហព័ន្ធ Brooklyn បានរកឃើញថា Huawei មានកំហុសលើ ១០ បទចោទ ក្នុងចំណោមបទចោទប្រកាន់ព្រហ្មទណ្ឌទាំង ១២ រួមមានការឆបោកធនាគារ ការឆបោកតាមប្រព័ន្ធអេឡិចត្រូនិក ការរំលោភបំពានទណ្ឌកម្ម និងការឃុបឃិតលួចអាថ៌កំបាំងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ គណៈវិនិច្ឆ័យបានសម្រេចឱ្យ Huawei រួចផុតពីបទចោទប្រកាន់ពីបទឃុបឃិតរារាំងយុត្តិធម៌ និងបទចោទឧក្រិដ្ឋកម្មជាប្រព័ន្ធ ដែលចោទថាក្រុមហ៊ុនបានធ្វើសកម្មភាពជាអង្គការឧក្រិដ្ឋ។ សវនាការជំនុំជម្រះនេះមានរយៈពេលជាង ២ ខែ ដោយព្រះរាជអាជ្ញាបានកោះហៅសាក្សីជាង ៦០ នាក់ និងភាគីការពារក្តីហៅសាក្សី ១៥ នាក់ ខណៈចៅក្រមស្រុកអាមេរិកលោកស្រី Ann Donnelly នឹងប្រកាសទោស និងការផាកពិន័យលើក្រុមហ៊ុន Huawei នៅ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៧។

ដីកាចោទប្រកាន់ឆ្នាំ ២០១៨ បានចោទថា Huawei បានបំភ័ន្តធនាគារធំៗរួមមាន HSBC, Standard Chartered និង BNP Paribas អំពីទំនាក់ទំនងជំនួញនៅអ៊ីរ៉ង់ ដើម្បីអាចផ្ទេរប្រាក់ដុល្លារចេញចូលអ៊ីរ៉ង់ដោយបំពានទណ្ឌកម្មអាមេរិក។ ព្រះរាជអាជ្ញាក៏បានបង្ហាញសេចក្តីថ្លែងការណ៍ភ្ជាប់ជាមួយកិច្ចព្រមព្រៀងពន្យារការចោទប្រកាន់របស់លោកស្រី Meng Wanzhou ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ និងជាកូនស្រីស្ថាបនិក Huawei ដែលធ្លាប់ត្រូវបានឃុំខ្លួននៅកាណាដាកាលពីឆ្នាំ ២០១៨ មុននឹងត្រូវបានដោះលែងត្រឡប់ទៅចិនវិញ) ដែលក្នុងនោះលោកស្រីបានទទួលស្គាល់ថាក្រុមហ៊ុនពិតជាបានធ្វើជំនួញខុសច្បាប់នៅអ៊ីរ៉ង់មែន។

បន្ថែមពីលើនេះ ព្រះរាជអាជ្ញាបានបង្ហាញភស្តុតាងថា Huawei បានលួចកូដប្រភព (Source code) សម្រាប់ Router ពីក្រុមហ៊ុន Cisco Systems លួចបច្ចេកវិទ្យាអង់តែនពីក្រុមហ៊ុន Quintel និងជួលសាស្ត្រាចារ្យម្នាក់ដើម្បីលួចចូលមើលបន្ទះសៀគ្វីរបស់ក្រុមហ៊ុនឈីប CNEX។ ជាមួយគ្នានេះ គណៈវិនិច្ឆ័យក៏បានទស្សនាវីដេអូដែលបង្ហាញពីបុគ្គលិក Huawei លួចដាក់ផ្នែកមួយនៃមនុស្សយន្តធ្វើតេស្តរបស់ T-Mobile ចូលក្នុងកាបូបស្ពាយ និងបានស្តាប់ភស្តុតាងជុំវិញករណីវិស្វករ Huawei លួចចូលស្តង់របស់ក្រុមហ៊ុន Fujitsu ក្នុងពិព័រណ៍ពាណិជ្ជកម្មដើម្បីថតរូបឧបករណ៍ផងដែរ។

មេធាវីរបស់ Huawei លោក Brian Heberlig បាននិយាយថាក្រុមហ៊ុនមានការខកចិត្តចំពោះការកាត់ទោសនេះ ប៉ុន្តែការរួចផុតពីបទចោទឧក្រិដ្ឋកម្មជាប្រព័ន្ធ បានបង្ហាញពី «វប្បធម៌អនុលោមតាមច្បាប់ដោយសុចរិត» របស់ក្រុមហ៊ុន ហើយលោកបញ្ជាក់ថាក្រុមហ៊ុនរំពឹងយ៉ាងមុតមាំថានឹងប្តឹងឧទ្ធរណ៍។ ក្នុងសវនាការ ភាគីការពារក្តីបានអះអាងថា ធនាគារទាំងនោះបានដឹងអំពីជំនួញរបស់ Huawei នៅអ៊ីរ៉ង់រួចហើយ ហើយភាពជោគជ័យរបស់ Huawei គឺបានមកពីការខិតខំប្រឹងប្រែង និងការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)។

ដោយឡែក រដ្ឋអាជ្ញាអាមេរិកលោក Joseph Nocella បានថ្កោលទោសសកម្មភាពរាប់ទសវត្សរ៍របស់ Huawei ថាបានបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិអាមេរិក។ ទោះជាយ៉ាងណា អ្នកជំនាញកត់សម្គាល់ថា សំណុំរឿងនេះមិនបានធ្វើឱ្យអាជីវកម្មរបស់ Huawei ដួលរលំឡើយ ដោយបច្ចុប្បន្នក្រុមហ៊ុនដែលមានបុគ្គលិកជាង ២០០,០០០ នាក់ និងប្រតិបត្តិការក្នុងប្រមាណ ១៧០ ប្រទេសនេះ បានពង្រីកខ្លួនក្លាយជាតួអង្គសំខាន់ក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) របស់ចិន៕