ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិ «Vattanac Legends Championship» លើកទី២ បើកជាផ្លូវការ ដោយមានកីឡាករ ៧៩នាក់ មកពី ២២ប្រទេសចូលរួម
25-11-2026 18:10
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលកម្រិតអន្តរជាតិ «Vattanac Legends Championship» លើកទី២ នៅកម្ពុជា បានប្រារព្ធពិធីបើកជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវឌ្ឍនៈ ហ្គោល រីសត ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបើកព្រឹត្តិការណ៍នេះ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ,លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, អ្នកឧកញ៉ា សំ អាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុបឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឯកអគ្គរាជទូត-រដ្ឋទូត អ្នកឧកញ៉ា ឧកញ៉ា គណៈប្រតិភូកីឡាករ The Legends Tour អ្នកសារព័ត៌មាន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន។
ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងកីឡាករវាយកូនហ្គោលអន្តរជាតិ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមការប្រកួតកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ Vattanac Legends Championship និង Vattanac Championship ឆ្នាំ២០២៦។
សម្តេចបានសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុន វឌ្ឍនៈ ហ្គោល រីសត ដែលបានសហការជាមួយស្ថាប័នអន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំការប្រកួតកីឡាវាយកូនហ្គោលកម្រិតពិភពលោកជាលើកទីពីរនៅកម្ពុជា។ ព្រឹត្តិការណ៍នេះក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ក៏បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាឱ្យដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានលើកឡើងថា កាលពីឆ្នាំ ២០២៥ ក្រោមចក្ខុវិស័យ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប, យើងបានត្រួសត្រាយផ្លូវ និងបង្កើតស្នាដៃប្រវត្តិសាស្ត្រថ្មីមួយ តាមរយៈកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលលំដាប់ពិភពលោករបស់ The Legends Tour ជាលើកដំបូងបង្អស់នៅប្រទេសកម្ពុជាប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់។ ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យនេះ បានលើកកម្ពស់កិត្យានុភាពជាតិ និងទាក់ទាញចំណាប់អារម្មណ៍ពីជុំវិញពិភពលោកឱ្យស្គាល់កាន់តែច្បាស់ពីសក្តានុពលទេសចរណ៍ វប្បធម៌ កីឡា និង ការវិនិយោគរបស់កម្ពុជា ។
អ្នកឧកញ៉ា បានបន្ដថា តាមរយៈការទទួលស្គាល់ និងការជឿទុកចិត្តពីស្ថាប័ន The Legends Tour លើសមត្ថភាពរៀបចំ និងស្តង់ដារបដិសណ្ឋារកិច្ចដ៏ល្អឯកកាលពីឆ្នាំមុន, នៅឆ្នាំ ២០២៦ នេះ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប និង វឌ្ឍនៈ ហ្គោល រីហ្សត បានទទួលកិត្តិយសដ៏ធំធេងជាថ្មីម្តងទៀត ដោយអាចនាំយកព្រឹត្តិការណ៍ប្រកួតកីឡាពានរង្វាន់អន្តរជាតិដ៏អស្ចារ្យនេះមកព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ ជាមួយនឹងមហិច្ឆតា និងវិសាលភាពកាន់តែធំជាងមុន។ កម្មវិធីប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ដោយមានកីឡាករចូលរួមប្រកួតសរុបរហូតដល់ ៧៩នាក់ ច្រើនជាងឆ្នាំ២០២៥ ដែលមានត្រឹមតែ ៦០នាក់ប៉ុណ្ណោះ, ហើយមកពីប្រទេសចំនួន ២២ ជុំវិញពិភពលោក ក្នុងនោះមាន ខ្មែរ ១នាក់ផងដែរ។
អ្នកឧកញ៉ាក៏បានបញ្ជាក់ថា ទីលានវាយកូនគោល វឌ្ឍនៈ ហ្គោល រីហ្សត ត្រូវបានរចនាឡើងដោយវីរកីឡាករវាយកូនគោលលំដាប់កំពូលរបស់ពិភពលោកគឺ Sir Nick Faldo។ ទីលាននេះ បង្កើតឡើងដោយបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះរវាងស្តង់ដារបច្ចេកទេសកម្រិតពិភពលោក និងដួងព្រលឹងនៃបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរ តាមរយៈក្បូរក្បាច់រចនានិងសំណង់សិល្បៈហត្ថកម្មដ៏ល្អវិចិត្រនៃរូបចម្លាក់ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ព្រហ្មមុខបួន លានជល់ដំរី និងព្រះបាទជ័យវរ្ម័នទី៧ ព្រមទាំងស្នាដៃសិល្បៈដទៃទៀត។ ហើយក្រុមហ៊ុនក៏មានរៀបចំ «ភូមិ វឌ្ឍនៈ Championship» (Vattanac Championship Village) ដ៏រស់រវើកមួយនៅក្នុងបរិវេណរមណីយដ្ឋានវាយកូនគោល ដែលនឹងមានការសម្តែងសិល្បៈវប្បធម៌ប្រពៃណីខ្មែរ ម្ហូបអាហារក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់ និងសកម្មភាពកម្សាន្តចម្រុះជាច្រើនសម្រាប់អ្នកចូលរួម និងក្រុមគ្រួសារផងដែរ។
សូមជម្រាបជូនថា កីឡាមិនត្រឹមតែជាស្ពាននៃការប្រកួតប្រជែង និងការបង្ហាញសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពាននៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជាកំពុងបង្ហាញពីសមត្ថភាព ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាលំដាប់អន្តរជាតិ ព្រមទាំងបន្តពង្រឹងរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល ដែលមានទាំងភាពទាក់ទាញ វប្បធម៌ បដិសណ្ឋារកិច្ច និងហេដ្ឋារចនាសម្ព័ន្ធកីឡាទំនើប៕
















