* ចក្រភពអង់គ្លេសបើកការសាកល្បងពិនិត្យមហារីកសុដន់ដោយប្រើ AI ទ្រង់ទ្រាយធំបំផុតលើពិភពលោក ទៅលើស្ត្រីជិត ៧០ ម៉ឺននាក់
* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន
* ល្បឿននៃការរីកចម្រើនរបស់ AI ធ្វើឲ្យលោក Jensen Huang រួចផុតពីការចោទប្រកាន់ និងវិលមកតំណែង CEO វិញ

កម្ពុជា ជួបប្រជុំជាមួយប្រតិភូដឹកនាំត្រៀមប្រកួតជើងឯកអាស៊ី ខណៈហ្វីលីពីន និងមីយ៉ាន់ម៉ា ទទួលសិទ្ធិធ្វើម្ចាស់ផ្ទះរៀងៗខ្លួន

25-11-2026 18:56

(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកានេះ បានដឹកនាំកិច្ចប្រជុំជាបន្ដបន្ទាប់ ជាមួយប្រតិភូដឹកនាំបណ្ដាប្រទេសត្រៀមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងត្រៀមប្រារព្ធពិធីបើកការប្រកួតផ្លូវការ នាថ្ងៃទី២៦ ខែវិច្ឆិកាស្អែក ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

កិច្ចប្រជុំនេះ បានផ្ដោតលើរបៀបវារៈសំខាន់ៗមួយចំនួន ពិសេសស្មារតីក្នុងការប្រកួតជើងឯកអាស៊ី ដែលមិនត្រឹមជាការប្រកួតប្រជែងមេដាយនោះទេ តែគោលការណ៍ស្នូលនៃការប្រកួត គឺសាមគ្គីភាព ក្នុងនាមគ្រួសារកីឡាវ៉ូវីណាមប្រចាំទ្វីបអាស៊ី ក៏ដូចជាការគោរពនូវដៃគូប្រកួត គោរពគ្រូបង្វឹក និងគោរពអាជ្ញាកណ្ដាល-ចៅក្រម ដែលជាការងារត្រូវបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ ស្របពេលប្រតិភូ គ្រូបង្វឹក ដែលបានចូលរួម បានវាយតម្លៃខ្ពស់ ចំពោះការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ទាំងការទទួលបដិសណ្ឋារកិច្ច និងទីលានប្រកួត។

ឆ្លៀតឱកាសនោះ គណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវ៉ូវីណាមអាស៊ី និងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ ដែលមានលោក អ៊ូ រតនា ជាប្រធាន ក៏បានប្រជុំពិភាក្សា និងបានសម្រេចប្រទេសហ្វីលីពីន ដែលទទួលសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជើងឯកទ្វីបអាស៊ី លើកទី៧ ឆ្នាំ២០២៨ ព្រមទាំងប្រទេសមីយ៉ាន់ម៉ា ដែលទទួលបានសិទ្ធម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧។

សូមបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជើងឯកទ្វីបអាស៊ី លើកទី៦ គ្រោងនឹងធ្វើការប្រកួតផ្លូវការពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ គឺមានអត្តពលិកប្រមាណ ២៣០នាក់ មកពី ១១ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជាចូលរួម។ តាមរយៈនេះ សហព័ន្ធបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋ ចូលរួមទស្សនា និងលើកទឹកចិត្តដល់អត្តពលិកកម្ពុជា ឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់កីឡាករ-កីឡាការិនីក្នុងការដណ្ដើមមេដាយជូនជាតិមាតុភូមិ៕