អូស្ត្រាលីអនុម័តច្បាប់បង្ខំក្រុមហ៊ុនបច្ចេកវិទ្យាទប់ស្កាត់មាតិកាគ្រោះថ្នាក់ បើបំពានអាចពិន័យដល់ ៥% នៃចំណូលសកល
26-11-2026 10:39
(បរទេស)៖ ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ថ្មីមួយ តម្រូវឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតចាត់វិធានការទប់ស្កាត់មាតិកា និងមុខងារដែលបង្កគ្រោះថ្នាក់ជាមុន បើមិនដូច្នោះទេ អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៥% នៃចំណូលសរុបនៅទូទាំងពិភពលោក ឬ ១០៩ លានដុល្លារអូស្ត្រាលី (ប្រមាណ ៧២ លានដុល្លារ) ដោយយកចំនួនណាដែលខ្ពស់ជាង។ ច្បាប់ដែលមានឈ្មោះថា Digital Duty of Care នឹងចូលជាធរមានក្នុងរយៈពេល ១២ ខែទៀត ដោយមានគោលបំណងដាក់ការទទួលខុសត្រូវលើក្រុមហ៊ុនបច្ចេកវិទ្យាក្នុងការធានាសុវត្ថិភាពអ្នកប្រើប្រាស់លើវេទិការបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ច្បាប់នេះកំណត់ការហាមឃាត់មាតិកាដែលជំរុញឱ្យមានអរិភាពចំពោះស្ត្រី ឬប្រឆាំងនឹងសមភាពយេនឌ័រ ព្រមទាំងមាតិកាដែលលើកតម្កើងបទល្មើស ឬជំរុញឱ្យមានសកម្មភាពប្រថុយប្រថានដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង លោកស្រី Anika Wells បានថ្លែងថា «ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនអាចបន្តយល់ច្រឡំបានទៀតទេ ពួកគេមានទំនួលខុសត្រូវក្នុងការធានាសុវត្ថិភាពប្រជាជនអូស្ត្រាលីនៅលើវេទិការបស់ខ្លួន ហើយរដ្ឋាភិបាលនឹងចាត់វិធានការឱ្យពួកគេទទួលខុសត្រូវ ប្រសិនបើមិនអនុវត្តតាម»។ ច្បាប់ថ្មីនេះជាវិធានការបន្ថែមទៀតរបស់អូស្ត្រាលី បន្ទាប់ពីប្រទេសនេះបានហាមឃាត់កុមារអាយុក្រោម ១៦ ឆ្នាំប្រើប្រាស់បណ្តាញសង្គមកាលពីឆ្នាំ២០២៥។
ទោះជាយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាភាគច្រើនបានជំទាស់នឹងច្បាប់នេះ ដោយបារម្ភថា ការកំណត់និយមន័យមាតិកាបង្កគ្រោះថ្នាក់មិនទាន់ច្បាស់លាស់ និងផ្តល់អំណាចឱ្យមន្ត្រីរដ្ឋាភិបាលមានការសម្រេចចិត្តទូលំទូលាយ។ ពួកគេព្រួយបារម្ភថា ក្រុមហ៊ុនអាចសម្រេចលុបមាតិកាច្រើនហួសហេតុ ដើម្បីជៀសវាងការផាកពិន័យ។ លោកស្រី Jennifer Duxbury នាយកគ្រប់គ្រងបណ្តោះអាសន្ននៃសមាគម DIGI ដែលតំណាងឱ្យក្រុមហ៊ុនអ៊ីនធឺណិត បានលើកឡើងថា ច្បាប់នេះនៅតែមានភាពមិនច្បាស់លាស់ ដែលធ្វើឱ្យក្រុមហ៊ុនពិបាកយល់ថាត្រូវអនុវត្តតាមរបៀបណា ហើយថាតើច្បាប់នេះនឹងជួយបង្កើនសុវត្ថិភាពប្រជាជនអូស្ត្រាលីបានយ៉ាងដូចម្តេច។ លោកស្រីក៏បានបង្ហាញក្តីបារម្ភអំពីសិទ្ធិឯកជនភាព ដោយសារនិយតករអាចប្រើប្រាស់គណនីអនាមិកក្លែងក្លាយ ដើម្បីស៊ើបអង្កេតវេទិកាអនឡាញ។
ផ្ទុយទៅវិញ វិទ្យាស្ថាន Australia Institute ដែលធ្លាប់ធ្វើយុទ្ធនាការគាំទ្រច្បាប់នេះ បានចាត់ទុកការអនុម័តច្បាប់នេះថាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងកម្រិតពិភពលោក ដោយយល់ថា ការផាកពិន័យធ្ងន់ធ្ងរនឹងជំរុញឱ្យក្រុមហ៊ុនបណ្តាញសង្គមចាត់វិធានការកាន់តែម៉ឺងម៉ាត់ ក្នុងការលុបមាតិកាបង្កគ្រោះថ្នាក់ចេញពីវេទិការបស់ខ្លួន៕










