លោក ប៉ិច បូឡែន បិទបញ្ចប់ដំណើរ ១៧ឆ្នាំជាមួយ YEAC ដោយទុកកេរដំណែលសម្រាប់សហគ្រិន វ័យក្មេងកម្ពុជា
26-11-2026 10:44
(ភ្នំពេញ)៖ កាលពីពេលថ្មីកន្លងទៅនេះ ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិន វ័យក្មេងកម្ពុជា (YEAC) អាណត្តិទី៧ ត្រូវបានរៀបចំឡើងរួមជាមួយទិវាសហគ្រិនភាពកម្ពុជា២០២៦ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ។
លោក ប៉ិច បូឡែនបានចូលរួមចាប់តាំងពីជាសមាជិកស្ថាបនិក ក្នុងឆ្នាំ២០០៩ ពេលដែល ក្រុម សហគ្រិន វ័យក្មេងមកពីវិស័យធុរកិច្ចផ្សេងៗ បានរួមគ្នាបង្កើតសមាគមនេះ។ បន្ទាប់មក លោកបាន បម្រើការជាអនុប្រធានប្រតិបត្តិ រហូតក្លាយជាប្រធានសមាគម។ ក្នុងរយៈពេលនោះ លោកបាន ចូលរួម បណ្តុះបណ្តាលសហគ្រិនថ្មីៗដោយផ្ទាល់ តាមរយៈកម្មវិធីសហគ្រិនវ័យក្មេង (Junior Entrepreneurship Program)។ លោកក៏បានជំរុញភាពជាដៃគូជាមួយស្ថាប័នវិនិយោគ ដើម្បីភ្ជាប់សមាជិកទៅកាន់ វិនិយោគិន និងដៃគូធុរកិច្ចអន្តរជាតិផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឧកញ៉ា ប៉ិច បូឡែន អតីតប្រធាន YEAC, ថ្នាក់ដឹកនាំគ្រប់អាណត្តិ ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលបានរួមគ្នាខិតខំបំពេញបេសកកម្មគាំទ្រ និងលើកកម្ពស់សហគ្រិនវ័យក្មេងកម្ពុជា តាំងពីឆ្នាំ២០០៩មក ព្រមទាំងការរួមចំណែកក្នុងកិច្ចការសង្គម និងការអភិវឌ្ឍជាតិ។
ជាមួយគ្នានោះ លោកក៏បានជូនពរ YEAC សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត និងបន្តចូលរួមចំណែកក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាល តាមរយៈការលើកស្ទួយធុរកិច្ច ឱកាសវិនិយោគ បំផុសចលនាកិច្ចការសង្គម ព្រមទាំងបន្តជ្រោមជ្រែងសហគ្រិនវ័យក្មេង និងយុវជនវ័យក្មេង សំដៅជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ដោយការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដំណើររបស់លោកជាមួយ YEAC បានបន្សល់នូវ សមិទ្ធផល លេចធ្លោជាច្រើន។ តួយ៉ាងក្នុងឆ្នាំ២០២២ YEAC គឺជាប្រធានក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYEC) ហើយបានធ្វើជាម្ចាស់ផ្ទះមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នៅទីក្រុងភ្នំពេញ ក្រោមប្រធានបទ «Rise Stronger Together»។
ក្នុងឆ្នាំ២០២៤ សមាគមបានប្រារព្ធខួបលើកទី១៥ ហើយក្នុងឆ្នាំ២០២៥ សមាគមបានដាក់ចេញទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ ដើម្បីកំណត់ផ្លូវ សម្រាប់ដំណាក់កាលបន្ទាប់។
បណ្តាញរបស់ YEAC ក៏បានរីកធំឡើងៗ ដោយមានសាខាចំនួន ៨ គ្របដណ្តប់ដល់ចំនួន ១០ ខេត្ត និងមានសមាជិកកើនឡើងដល់ជាង ៦០០រូប។ សមាគមក៏បានបើកទ្វារទទួលអាជីវកម្មក្រៅប្រព័ន្ធ និង Start up ជាសមាជិក ស្របតាមគោល នយោបាយរាជរដ្ឋាភិបាល៕








