* ហ្ស៊កដានី និងអ៊ីរ៉ាក់ ប្រកាសបិទ Telegram ក្នុងថ្ងៃតែមួយ ក្រោមហេតុផលសន្តិសុខជាតិ
* ចក្រភពអង់គ្លេសបើកការសាកល្បងពិនិត្យមហារីកសុដន់ដោយប្រើ AI ទ្រង់ទ្រាយធំបំផុតលើពិភពលោក ទៅលើស្ត្រីជិត ៧០ ម៉ឺននាក់
* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន

ព្រះខ័នរាជ ជួបក្រុមខ្លាំងជប៉ុន Machida យប់នេះ ខណៈលោក McConkey នឹងព្យាយាមបង្កបញ្ហាដល់ក្រុមភ្ញៀវ

26-11-2026 12:46

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុមខ្លាំង FC Machida Zelvia របស់ជប៉ុន នាវេលាម៉ោង ៧៖១៥នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៧ នេះ ក្នុងពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champion League Two 2026/27 ពូល G នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

នេះគឺជាជំនួបជើងទី២ រវាងក្រុមទាំងពីរ បន្ទាប់ពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រៅដី ២-០។ ប៉ុន្ដែត្រឡប់មកប្រកួតក្នុងដី លោក Matthew McCokey បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំង ទោះបីលោកដឹង គឺជាការប្រកួតដ៏តានតឹង តែនឹងព្យាយាមលេង និងបង្កើតឱកាស ក៏ដូចជាបង្កបញ្ហាដល់គូប្រជែងផងដែរ។

លោក Matthew McCokey បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា «ច្បាស់ណាស់នេះគឺជាការប្រកួតដ៏តានតឹងខ្លាំងសម្រាប់ពួកយើង ព្រោះគូប្រកួតរបស់យើង គឺជាដៃគូដែលខ្លាំង ហើយ ១១នាក់ដំបូង ទោះបីដាក់កីឡាករណា ក៏ជាកីឡាករដែលមានគុណភាពល្អដែរ។ កាលពីជើងទី១ យើងបានជួបក្រុម Machida រាងលឿនពេកនៅក្នុងពានរង្វាន់នេះ។ មានចំណុចមួយចំនួន ដែលយើងធ្វើបានល្អ ហើយមានចំណុចមួយចំនួន ដែលជាមេរៀនសម្រាប់យើងដើម្បីកែប្រែឲ្យបានល្អប្រសើរទៀតក្នុងការប្រកួត»។

«កាលជើងទី១ លេងនៅទឹកដីជប៉ុន យើងធ្វើបានល្អ ពេលយើងបាត់បាត់ ហើយពេលមានបាល់ ការលេងពីក្រោមគឺយើងធ្វើបានល្អ តែយើងនៅខ្វះខាតនៅពេលយើងឡើងដល់តំបន់ប្រយុទ្ធ គឺការសម្រេចចិត្ត និងការបញ្ចូនបាល់ចុងក្រោយ យើងមានចំណុចខ្វះខាតមួយចំនួន។ សម្រាប់ការប្រកួតលើកនេះ យើងសង្ឃឹមថា យើងនឹងព្យាយាមលេងឲ្យបានច្រើននៅតំបន់ប្រយុទ្ធរបស់គេ ហើយព្យាយាមបង្កើតឱកាសឲ្យច្រើន។ សង្ឃឹមថា យើងបង្កើតបញ្ហាច្រើនដល់ពួកគេ»។

គួរដឹងថា បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ២ ក្នុងពូលដោយមាន ៧ពិន្ទុ លើក្រុម Shanghai Shenhua របស់ចិន ដែលឈរលេខ៣ មាន ៤ពិន្ទុ តាមពីក្រោយក្រុម Machida Zelvia ដែលមាន ១២ពិន្ទុ និងសល់ ២ប្រកួតក្នុងដៃដូចគ្នា។ ផ្អែកលើស្ថានភាពពិន្ទុបច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង ត្រូវការពិន្ទុដាច់ខាតពីការប្រកួតទល់ក្រុម Machida Zelvia យប់នេះ ក៏ដូចជាជំនួបបញ្ចប់ពូលទល់ក្រុម Shanghai Shenhua របស់ចិននាថ្ងៃទី០៣ ខែធ្នូខាងមុខ ដើម្បីធានាកៅអីឡើងទៅវគ្គបន្ដនៃពានរង្វាន់ AFC Champion League Two 2026/27៕