កម្ដៅចេញពី Data Center ជួយហ្វាំងឡង់គេចពីភាពត្រជាក់ខ្លាំងបានមួយផ្នែក
26-11-2026 14:50
(បរទេស)៖ ជំនួសឱ្យការបណ្តោយឱ្យកម្ដៅដ៏លើសលប់ចេញពីម៉ាស៉ីនមេកុំព្យូទ័រ គ្មានប្រយោជន៍អ្វីសោះ ប្រទេសហ្វាំងឡង់ កំពុងប្រែក្លាយមជ្ឈមណ្ឌលទិន្នន័យ (Data Center) ក្រោមដី ទៅជាប្រភពផ្តល់កម្ដៅមានប្រយោជន៍។
ម៉ាស៉ីនមេ AI បញ្ចេញកម្ដៅខ្លាំងពេលកំពុងដំណើរការ ដូចនេះឧបករណ៍ធ្វើឱ្យត្រជាក់ នឹងស្រូបយកថាមពលកម្ដៅពីម៉ាស៉ីនមេ ដែលជាធម្មតាបង្កើតបានជាទឹកក្ដៅឧណ្ហៗ សីតុណ្ហភាពចន្លោះពី ២៥°C ដល់ ៤៥°C។ ហ្វាំងឡង់ប្រមូលកម្ដៅពី Data Center រួមទាំងពីទីតាំងក្រោមដី ហើយបញ្ជូនកម្ដៅនោះទៅក្នុងបណ្តាញផ្គត់ផ្គង់កម្ដៅសម្រាប់តំបន់។
ក្រុមហ៊ុនផ្តល់សេវាសាធារណៈដូចជា Helen បានប្រើប្រាស់ម៉ាស៉ីនបូមកម្ដៅ (heat pumps) ភ្ជាប់ Data Center ទៅក្នុងបណ្តាញផ្គត់ផ្គង់កម្ដៅ របស់ទីក្រុង Helsinki។ វិធីនេះជួយកាត់បន្ថយភាពត្រជាក់ដល់អគារផ្សេងៗ ដូចជាលំនៅដ្ឋានក្បែរៗនោះ និងវិហារ Uspenski ជាដើម។ គម្រោងក្នុងទីក្រុង និងទីប្រជុំជន ដូចជា Hamina, Mäntsälä និង Espoo ក៏បានបញ្ជូនកម្ដៅដែលប្រមូលពីម៉ាស៉ីនមេ ទៅក្នុងបណ្តាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ។វិធីសាស្រ្តនេះកាន់តែមានលក្ខណៈជាពិសេស ដោយសារតែកត្តាអាកាសធាតុដ៏ត្រជាក់នៅហ្វាំងឡង់។
កម្ដៅចេញពី Data Center អាចជួយកាត់បន្ថយតម្រូវការប្រេងឥន្ធនៈ សម្រាប់ម៉ាស៉ីនកម្ដៅបន្ថែមទៀត នៅក្នុងរដូវរងា។ ថ្វីត្បិតតែវាមិនអាចលុបបំបាត់តម្រូវការប្រើប្រាស់អគ្គិសនីនៃ Data Center ក៏ដោយ តែវាក៏អាចបង្កើនប្រសិទ្ធភាពថាមពលរួម ដោយប្រើប្រាស់ថាមពលដែលជាធម្មតាត្រូវបោះបង់ចោល៕



