* ហ្ស៊កដានី និងអ៊ីរ៉ាក់ ប្រកាសបិទ Telegram ក្នុងថ្ងៃតែមួយ ក្រោមហេតុផលសន្តិសុខជាតិ
* ចក្រភពអង់គ្លេសបើកការសាកល្បងពិនិត្យមហារីកសុដន់ដោយប្រើ AI ទ្រង់ទ្រាយធំបំផុតលើពិភពលោក ទៅលើស្ត្រីជិត ៧០ ម៉ឺននាក់
* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន

Flight Centre អូស្ត្រាលីរងការសង្ស័យបែកធ្លាយទិន្នន័យអតិថិជនរាប់ម៉ឺននាក់ ក្រោយប្រព័ន្ធកក់សណ្ឋាគារមានសកម្មភាពមិនប្រក្រតី

26-11-2026 15:27

(បរទេស)៖ ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលី Flight Centre កំពុងស៊ើបអង្កេតករណីសកម្មភាពមិនប្រក្រតីក្នុងប្រព័ន្ធកក់កន្លែងស្នាក់នៅរបស់ក្រុមហ៊ុនភាគីទីបី ដែលអាចបណ្តាលឱ្យទិន្នន័យអតិថិជនមួយចំនួនធំត្រូវបានលាតត្រដាង។ ដំណឹងនេះបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ ២.១% មកនៅត្រឹម ១០.៦៤ ដុល្លារអូស្ត្រាលី (ប្រហែល ៧.០៦ដុល្លារ) ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី១៩ ខែតុលា។ នេះបើយោងតាមការ​ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្រុមហ៊ុនបានបញ្ជាក់ថា ប្រព័ន្ធដែលរងបញ្ហានេះត្រូវបានប្រើប្រាស់ដោយម៉ាកអាជីវកម្មទេសចរណ៍មួយចំនួនរបស់ខ្លួន រួមមាន Flight Centre, Travel Associates និង Cruiseabout ព្រមទាំងភ្នាក់ងារទេសចរណ៍ឯករាជ្យមួយចំនួន។ ការត្រួតពិនិត្យដំបូងបង្ហាញថា កំណត់ត្រាភាគច្រើនដែលត្រូវបានចូលមើលមានតែឈ្មោះអតិថិជន ខណៈមួយចំនួនទៀតមានព័ត៌មានមូលដ្ឋានអំពីការធ្វើដំណើរ។ កំណត់ត្រាមួយចំនួនតូចបំផុតអាចមានព័ត៌មានលម្អិតខ្លះៗក្នុងលិខិតឆ្លងដែន អ៊ីមែល លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និងក្នុងករណីកម្រ ព័ត៌មានសុខភាព ឬបញ្ហាចល័តភាព។

Flight Centre មិនទាន់អាចកំណត់ចំនួនទិន្នន័យដែលត្រូវបានទាញយកបាននៅឡើយទេ ប៉ុន្តែអះអាងថា ខ្លួនមិនទាន់រកឃើញភស្តុតាងថា ព័ត៌មានកាតឥណទាន ការទូទាត់ប្រាក់ ឬគណនីធនាគាររបស់អតិថិជនត្រូវបានចូលមើលនោះទេ។ ក្រុមហ៊ុនក៏បានបញ្ជាក់ថា ការកក់សំបុត្រយន្តហោះមិនរងផលប៉ះពាល់ពីហេតុការណ៍នេះដែរ។

គួរជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការជាមួយភាគីទីបី ដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាព ទប់ស្កាត់សកម្មភាពមិនប្រក្រតី ផ្លាស់ប្តូរលេខកូដផ្ទៀងផ្ទាត់ និងព័ត៌មានសម្ងាត់ចូលប្រើប្រាស់ ព្រមទាំងបង្កើនការតាមដានប្រព័ន្ធ។ Flight Centre ក៏បានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ និងជួលអ្នកជំនាញខាងក្រៅឱ្យជួយស៊ើបអង្កេតផងដែរ៕