កំពូលមហាសេដ្ឋី Elon Musk សន្យាផ្តល់ភាគហ៊ុន SpaceX ២ ហ៊ុនដល់កុមារអាមេរិកគ្រប់រូប ដែលមានតម្លៃសរុបជិត ១៨ ពាន់លានដុល្លារ
26-11-2026 17:09
(បរទេស)៖ មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក លោក Elon Musk បានប្រកាសថា កុមារគ្រប់រូបនៅសហរដ្ឋអាមេរិកនឹងទទួលបានភាគហ៊ុនក្រុមហ៊ុន SpaceX ចំនួន ២ ហ៊ុន ដែលមានតម្លៃសរុបជិត ១៨ ពាន់លានដុល្លារ។ ក្នុងនោះ ភាគហ៊ុនមួយហ៊ុននឹងផ្តល់ដោយក្រុមហ៊ុន SpaceX និងមួយហ៊ុនទៀតផ្តល់ដោយលោកផ្ទាល់។ ភាគហ៊ុនពីក្រុមហ៊ុននឹងត្រូវផ្ទេរនៅខែក្រោយ ខណៈភាគហ៊ុនរបស់លោក Musk នឹងត្រូវផ្ទេរនៅខែមិថុនា ឆ្នាំ២០២៧ បន្ទាប់ពីការរឹតបន្តឹងលើការលក់ភាគហ៊ុនរបស់លោកផុតកំណត់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា ខ្លួននឹងផ្តល់ភាគហ៊ុនថ្មីប្រភេទ Class A មួយហ៊ុនដល់គណនី Trump Account ដែលកំពុងដំណើរការនីមួយៗ ហើយលោក Musk នឹងផ្តល់ភាគហ៊ុនផ្ទាល់ខ្លួនចំនួនស្មើគ្នាបន្ថែមទៀត។ កម្មវិធី Trump Account មានគោលបំណងផ្តល់ឱ្យកុមារអាមេរិកដែលមានអាយុក្រោម ១៨ ឆ្នាំនូវឱកាសចូលរួមក្នុងទីផ្សារភាគហ៊ុន និងកសាងទ្រព្យសម្បត្តិតាំងពីវ័យក្មេង។ សេតវិមានបានឱ្យដឹងថា គិតត្រឹមខែតុលា មានគណនីជិត ៧០ លានត្រូវបានបង្កើតឡើង ខណៈភាគហ៊ុន SpaceX បានបិទការជួញដូរក្នុងតម្លៃ ១២៧.៤៤ ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃពុធ។
លោក Christopher Brankin ទីប្រឹក្សាទីផ្សារសកលនៅក្រុមហ៊ុន Mitrade Group បានលើកឡើងថា៖ «អ្វីដែលវានឹងបង្កើតឡើង គឺមូលដ្ឋានអ្នកកាន់កាប់ភាគហ៊ុនបុគ្គលដ៏ធំមួយក្នុងរយៈពេលវែង។ វានឹងជំរុញឱ្យមនុស្សចូលរួមក្នុងទីផ្សារភ្លាមៗ និងបង្កើតក្រុមអតិថិជនដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុយ៉ាងច្រើន សម្រាប់វេទិកាជួញដូរភាគហ៊ុន នៅពេលមនុស្សជំនាន់នេះឈានដល់វ័យពេញវ័យ»។ លោក Musk ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៨២៤ ពាន់លានដុល្លារ និងកាន់កាប់ភាគហ៊ុន SpaceX ប្រមាណ ៦.៤២ ពាន់លានហ៊ុន គិតត្រឹមខែមិថុនា បានប្រកាសគម្រោងនេះតាំងពីខែមុន ដោយលោកបានសរសេរនៅលើបណ្តាញសង្គម X ថា៖ «នៅឆ្នាំក្រោយ ខ្ញុំនឹងផ្តល់ភាគហ៊ុន SpaceX មួយហ៊ុនរបស់ខ្ញុំដល់កុមារគ្រប់រូបនៅអាមេរិក។ នេះគ្រាន់តែជាការផ្តល់ជូនលើកដំបូងប៉ុណ្ណោះ ហើយនឹងមានការផ្តល់ជូនបន្ថែមទៀតនៅពេលក្រោយ»។ លោកបានបន្ថែមថា៖ «ការផ្តល់ភាគហ៊ុន ដែលជាចំណែកក្នុងសេដ្ឋកិច្ចនាពេលអនាគត ដោយផ្ទាល់ដល់ប្រជាជន គឺជាមធ្យោបាយដ៏ត្រឹមត្រូវ»។
គួរជម្រាបថា ការសន្យារបស់លោក Musk កើតឡើងស្របពេលក្រុមហ៊ុន AI Anthropic ក៏បានប្រកាសបែងចែកភាគហ៊ុន ៥% របស់ខ្លួនទៅក្នុងមូលនិធិសម្រាប់ប្រយោជន៍សាធារណៈ ដែលមានតម្លៃប្រមាណ ៥៤ ពាន់លានដុល្លារតាមតម្លៃទីផ្សារបច្ចុប្បន្ន។ ចំណែកលោក Warren Buffett អតីតប្រធានក្រុមហ៊ុន Berkshire Hathaway ត្រូវបានរាយការណ៍ថា បានបរិច្ចាគទ្រព្យសម្បត្តិប្រមាណ ៦០ ពាន់លានដុល្លាររួចមកហើយ ខណៈមូលនិធិ Bill & Melinda Gates Foundation បានចែកចាយជំនួយជាង ១០០ ពាន់លានដុល្លារ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០០៕













