* ហ្ស៊កដានី និងអ៊ីរ៉ាក់ ប្រកាសបិទ Telegram ក្នុងថ្ងៃតែមួយ ក្រោមហេតុផលសន្តិសុខជាតិ
* ចក្រភពអង់គ្លេសបើកការសាកល្បងពិនិត្យមហារីកសុដន់ដោយប្រើ AI ទ្រង់ទ្រាយធំបំផុតលើពិភពលោក ទៅលើស្ត្រីជិត ៧០ ម៉ឺននាក់
* រដ្ឋពីរនៅអាមេរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន SpaceX របស់ Elon Musk ជុំវិញបញ្ហា AI «Grok» ផលិតរូបភាពកុមារអាសអាភាស
* អភិវឌ្ឍអស់ជិត ១០ ឆ្នាំ! ក្រុមហ៊ុនកាណាដាបង្កើតបច្ចេកវិទ្យាបំប្លែងទឹកសមុទ្រទៅជាទឹកសាប ដោយប្រើថាមពលរលកសមុទ្រ
* អាមេរិកសម្រេចដាក់ក្រុមហ៊ុន Megaspeed ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ជុំវិញការសង្ស័យបង្វែរបន្ទះឈីប Nvidia ទៅឱ្យចិន

ក្រុមហ៊ុនមូលបត្រ រ៉ូយាល់គ្រុប ម.ក ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ថ្នាលជួញដូរមូលបត្រអន្តរជាតិ

26-11-2026 18:05

(ភ្នំពេញ)៖ ក្រុមហ៊ុនមូលបត្រ រ៉ូយាល់គ្រុប ម.ក (RGS) ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ រ៉ូយាល់ គ្រុប (Royal Group) នឹងរៀបចំពិធីសម្ពោធជាផ្លូវការ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នូវថ្នាលជួញដូរមូលបត្រអន្តរជាតិ ដែលមានឈ្មោះថា Royal Group Global Market (RGGM) ព្រមទាំងពិធីសម្ពោធការិយាល័យថ្មីស្ថិតនៅអគារ Royal Group Central Tower ជាន់ទី១០ ផ្លូវក្រមួនស (ផ្លូវលេខ ១១៤) កែងនិងផ្លូវសម្តេចសង្ឃនាយកស្រី (ផ្លូវលេខ ៦៧) ភូមិ១០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
កម្មវិធីទូរស័ព្ទដៃ RGGM នេះទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ហើយកម្មវិធីនេះនឹងតភ្ជាប់វិនិយោគិននៅក្នុងប្រទេសកម្ពុជា ទៅកាន់ទីផ្សារហិរញ្ញវត្ថុអន្តរជាតិដោយផ្ទាល់ ព្រមទាំងបានរចនាឡើងដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ រួមមានការតភ្ជាប់ទំនាក់ទំនងយ៉ាងរលូនជាមួយធនាគារក្នុងស្រុកនៅកម្ពុជា និងផ្តល់សេវាគាំទ្រអតិថិជនជាភាសាខ្មែរ។

នៅក្នុងពិធីសម្ពោធជាផ្លូវការនេះ នឹងមានការបង្ហាញវីដេអូអំពី "កម្មវិធីទូរស័ព្ទដៃ RGGM" (RGGM App) ដែលជាថ្នាលជួញដូរមូលបត្រអន្តរជាតិ រួមទាំងការណែនាំអំពីដំណើរការចុះឈ្មោះគណនីវិនិយោគ។ លើសពីនេះ ក៏នឹងមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីភាពជាដៃគូសហការសម្រាប់ "កម្មវិធីទូរស័ព្ទដៃ RGGM" ផងដែរ។

ដោយមានការប្តេជ្ញាចិត្តក្នុងការពង្រឹងសុខុមាលភាពហិរញ្ញវត្ថុរយៈពេលវែង RGGM ជួយឱ្យវិនិយោគិនអាចស្វែងយល់ពីទីផ្សារភាគហ៊ុនសកល និងដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែង ដូចជាការត្រៀមខ្លួនសម្រាប់ការចូលនិវត្តន៍ ឬការសិក្សារបស់កូនៗជាដើម។ កម្មវិធីនេះនឹងផ្តល់ជូននូវខ្លឹមសារអប់រំដែលងាយយល់សម្រាប់វិនិយោគិនថ្មី ដោយពន្យល់អំពីរបៀបប្រើប្រាស់ និងហានិភ័យនៃការវិនិយោគលើភាគហ៊ុន ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនធ្វើការសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តធ្វើការវិនិយោគ។

អំពីក្រុមហ៊ុនមូលបត្រ រ៉ូយាល់គ្រុប ម.ក (RGS) ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Royal Group និងទទួលបានអាជ្ញាប័ណ្ណពីនិយ័តករមូលបត្រកម្ពុជា (SERC) ក្រុមហ៊ុនមូលបត្រ រ៉ូយាល់គ្រុប ម.ក (RGS) ផ្តល់សេវាកម្មវិនិយោគដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដោយដើរតួនាទីជាស្ពានតភ្ជាប់វិនិយោគិនកម្ពុជាទៅកាន់ទីផ្សារមូលធនសកល តាមរយៈ Royal Group Global Market (RGGM)។ RGGM អនុញ្ញាតឱ្យវិនិយោគិននៅក្នុងប្រទេសកម្ពុជាអាចចូលទៅកាន់ទីផ្សារអន្តរជាតិបានតាមរយៈ RGS ដោយផ្តល់ជម្រើសក្នុងការប្រើប្រាស់ធនាគារក្នុងស្រុក និងទទួលបានការណែនាំពីក្រុមការងារជំនួយជាភាសាខ្មែរ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ វិនិយោគិនកម្ពុជាដែលចង់ចូលទៅកាន់ទីផ្សារអន្តរជាតិ ត្រូវពឹងផ្អែកលើក្រុមហ៊ុនឈ្មួញជើងសារបរទេស។ ចំណុចនេះបានបង្កជាក្តីបារម្ភទាក់ទងនឹងសុវត្ថិភាពរបស់វិនិយោគិន តម្លាភាព និងការការពារផ្នែកច្បាប់។ លើសពីនេះ វិនិយោគិនត្រូវឆ្លងកាត់នីតិវិធីបរទេសដ៏ស្មុគស្មាញ ដើម្បីគ្រាន់តែបើកគណនី និងដាក់ប្រាក់។ ការផ្ទេរប្រាក់ទៅក្រៅប្រទេសក៏តែងតែពាក់ព័ន្ធនឹងកម្រៃសេវាខ្ពស់ ព្រមទាំងក្តីបារម្ភជានិច្ចអំពីការចំណាយដោយលាក់បាំង ឬហានិភ័យនៃការបាត់បង់ប្រាក់។

ប៉ុន្តែឥឡូវនេះ អ្វីៗបានផ្លាស់ប្តូរហើយ ជាមួយនឹងការដាក់ឱ្យដំណើរការ Royal Group Global Market វិនិយោគិនកម្ពុជា ទាំងវិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គល អាចចូលទៅកាន់ទីផ្សារអន្តរជាតិបានតាមរយៈសេវាកម្មដ៏សាមញ្ញ និងពេញលេញនៅកន្លែងតែមួយ។ វិនិយោគិនគ្រាន់តែបើកគណនីជាមួយ RGS ដោយដាក់ប្រាក់ចូលគណនីតាមរយៈធនាគារដៃគូដ៏គួរឱ្យទុកចិត្ត គឺធនាគារ វីង (Wing Bank) រួចធ្វើការទិញភាគហ៊ុនដោយផ្ទាល់នៅលើកម្មវិធី RGGM នោះវិនិយោគិននឹងអាចក្លាយជាម្ចាស់មូលបត្រអន្តរជាតិក្រោមឈ្មោះរបស់ពួកគេផ្ទាល់។

កម្មវិធីនេះនឹងតភ្ជាប់វិនិយោគិនកម្ពុជាទៅកាន់ទីផ្សារភាគហ៊ុនអន្តរជាតិធំៗមួយចំនួន រួមមាន ទីផ្សារភាគហ៊ុនញូវយ៉ក (New York Stock Exchange), ទីផ្សារភាគហ៊ុនអូស្ត្រាលី (Australian Securities Exchange), ទីផ្សារភាគហ៊ុនហុងកុង (Hong Kong Stock Exchange), ទីផ្សារភាគហ៊ុនតូក្យូ (Tokyo Stock Exchange), ទីផ្សារភាគហ៊ុនសិង្ហបុរី (Singapore Exchange) និងទីផ្សារភាគហ៊ុនកូរ៉េ (Korea Exchange) ក្រោមក្របខណ្ឌដែលមានការត្រួតពិនិត្យពេញលេញ និងមានតម្លាភាព។
វិនិយោគិនអាចវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមាន មូលបត្ររដ្ឋរបស់សហរដ្ឋអាមេរិក (U.S. Treasuries) ភាគហ៊ុនអន្តរជាតិ (Stocks) មូលនិធិជួញដូរលើទីផ្សារ (ETFs) និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត។

តាមរយៈ កម្មវិធីទូរស័ព្ទដៃ RGGM នេះ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ គម្រោងមូលនិធិវិនិយោគ និងបុគ្គលដែលមានធនធាន អាចពង្រីកជម្រើសវិនិយោគរបស់ខ្លួន ធ្វើពិពិធកម្មនៃផលប័ត្រវិនិយោគ បង្កើនសន្ទនីយភាព (Liquidity) ពង្រឹងការគ្រប់គ្រងហានិភ័យ និងស្វែងរកឱកាសវិនិយោគដោយគ្មានព្រំដែន៕


លោក សេង ចាន់ធឿន នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Royal Group Securities