ក្តៅគគុក! ហូឡង់ប្តឹងទាមទារឱ្យផ្អាកការលក់វ៉ែនតា AI របស់ Meta ក្រោយបារម្ភថាអាចលួចថតមនុស្សដោយសម្ងាត់
27-11-2026 14:06
(បរទេស)៖ ក្រុមអង្គការការពារសិទ្ធិអ្នកប្រើប្រាស់ និងសិទ្ធិឌីជីថលនៅប្រទេសហូឡង់ បានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីទាមទារឱ្យផ្អាកការលក់វ៉ែនតាឆ្លាតវៃបំពាក់ AI របស់ក្រុមហ៊ុន Meta ដោយសារបារម្ភថា ឧបករណ៍នេះអាចឱ្យអ្នកពាក់ថតរូប ឬវីដេអូមនុស្សដទៃដោយមិនឱ្យពួកគេដឹងខ្លួន ដែលអាចរំលោភច្បាប់ការពារសិទ្ធិឯកជនភាពរបស់អឺរ៉ុប។ ក្រុមដើមបណ្តឹងចង់ឱ្យ Meta បញ្ឈប់ការលក់ រហូតដល់មានវិធានការទប់ស្កាត់ការថតដោយគ្មានការយល់ដឹងពីអ្នកត្រូវបានថត និងបញ្ឈប់ការយករូបភាពទៅបណ្តុះបណ្តាលម៉ូដែល AI។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
មេធាវីរបស់អង្គការ Offlimits លោកស្រី Karlijn Han បានលើកឡើងក្នុងសវនាការថា វ៉ែនតានេះត្រូវបានប្រើសម្រាប់អ្វីដែលលោកស្រីហៅថា «ការលួចថតរូប ឬវីដេអូអ្នកដទៃដោយសម្ងាត់»។ លោកស្រីបានព្រមានថា៖ «ការថតដោយលាក់បាំងប្រាកដជាកើតឡើងក្នុងពេលប្រឡង នៅបន្ទប់ផ្លាស់សម្លៀកបំពាក់ អាងហែលទឹក បន្ទប់សណ្ឋាគារ និងមន្ទីរពេទ្យ ព្រមទាំងនៅសួនកុមារ និងឆ្នេរផងដែរ។ ការរំលោភសិទ្ធិឯកជនភាពនីមួយៗ កាន់តែអាក្រក់ជាងលើកមុន»។ ក្រុមដើមបណ្តឹងក៏ទាមទារឱ្យពិន័យ ១០ម៉ឺនអឺរ៉ូក្នុងមួយថ្ងៃ (ប្រហែល ១០៩,៦៧៥ ដុល្លារ) ប្រសិនបើ Meta មិនអនុវត្តតាម ដោយកំណត់ពិន័យសរុបអតិបរមា ១០០លានអឺរ៉ូ (ប្រហែល ១០៩.៦៧៥ លានដុល្លារ)។
ជាការឆ្លើយតប មេធាវីរបស់ Meta បានស្នើឱ្យតុលាការច្រានចោលបណ្តឹង ដោយអះអាងថា ក្រុមហ៊ុនមិនអាចទទួលខុសត្រូវចំពោះរាល់ករណីដែលអ្នកប្រើប្រាស់យកផលិតផលទៅប្រើប្រាស់ខុសដោយចេតនាបានឡើយ។ លោកក៏បានបញ្ជាក់ថា វ៉ែនតាមានភ្លើងសញ្ញាបង្ហាញនៅពេលកំពុងថត និងបដិសេធការចោទប្រកាន់ថា Meta ប្រមូលរូបភាពដែលថតនៅអឺរ៉ុបទៅប្រើប្រាស់ ឬបណ្តុះបណ្តាល AI ដោយរំលោភច្បាប់។ គួរឱ្យកត់សម្គាល់ Meta និងដៃគូផលិត EssilorLuxottica បានលក់វ៉ែនតាឆ្លាតវៃនេះជាង ៧លានគ្រឿងក្នុងឆ្នាំ២០២៥ ដែលស្មើនឹងប្រមាណ ៨០% នៃទីផ្សារពិភពលោក។
គួរបញ្ជាក់ថា បញ្ហានេះមិនមែនកើតឡើងតែនៅហូឡង់នោះទេ ខណៈប្រទេសជាច្រើនកំពុងពិចារណាដាក់កម្រិត ឬហាមឃាត់ការប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដើម្បីការពារសិទ្ធិឯកជនភាព។ អាល្លឺម៉ង់ក៏បានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង Meta និង Ray-Ban ខណៈក្រុមប្រឹក្សាការពារទិន្នន័យអឺរ៉ុបបានព្រមានថា ឧបករណ៍នេះបង្កហានិភ័យធ្ងន់ធ្ងរដល់ឯកជនភាព។ ទន្ទឹមនេះ Meta ក៏កំពុងប្រឈមនឹងបណ្តឹងតំណាងក្រុមនៅសហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ពីការចែករំលែករូបភាពឯកជនដោយមិនត្រឹមត្រូវផងដែរ៕












