* Nvidia ផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ និងបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបណ្ដោះអាសន្ន
* ក្រុមហ៊ុន Binance ប្រកាសបើកដំណើរការដកប្រាក់ឡើងវិញ ក្រោយបញ្ចប់ការស្តារប្រព័ន្ធបន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធឺណិត
* Apple ដក Chatbot AI របស់ MiniMax ចេញពី App Store ទូទាំងពិភពលោក ក្រោយរងការចោទថាផ្ញើសារផ្លូវភេទទៅកាន់កុមារ
* កំពូលមហាសេដ្ឋី Elon Musk សន្យាផ្តល់ភាគហ៊ុន SpaceX ២ ហ៊ុនដល់កុមារអាមេរិកគ្រប់រូប ដែលមានតម្លៃសរុបជិត ១៨ ពាន់លានដុល្លារ
* រឿងអាស្រូវចារកម្ម AI! អតីតវិស្វករ OpenAI និងជាដៃគូវិនិយោគជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ត្រូវបានដោះលែងឱ្យនៅក្រៅឃុំដោយតម្កល់ប្រាក់ ១ លានដុល្លារ

ធនាគារកណ្តាលជប៉ុនព្រមានពីហានិភ័យ AI និងលុយឌីជីថល ដែលអាចគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុពិភពលោក

27-11-2026 16:28

(បរទេស)៖ ធនាគារកណ្តាលជប៉ុន (BOJ) បានព្រមានថា ការរីកចម្រើននៃប្រាក់ឌីជីថល និងបច្ចេកវិទ្យា AI កំពុងបង្កើតហានិភ័យថ្មីៗដល់ស្ថិរភាពហិរញ្ញវត្ថុ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ លោក Kazushige Kamiyama នាយកប្រតិបត្តិ BOJ បានជំរុញឱ្យអ្នករៀបចំគោលនយោបាយហិរញ្ញវត្ថុទូទាំងពិភពលោក ពង្រឹងវិធានការការពារ ខណៈប្រាក់ឌីជីថលដូចជា Stablecoin និងប្រាក់បញ្ញើដែលបម្លែងទៅជាថូខិនឌីជីថល កំពុងកើនឡើង និងអាចបង្កភាពស្មុគស្មាញដល់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកបានព្រមានថា AI កាន់តែមានសមត្ថភាពខ្ពស់ក្នុងការស្វែងរកចំណុចខ្សោយ និងទាញយកប្រយោជន៍ពីចំណុចខ្សោយទាំងនោះ ដើម្បីវាយប្រហារប្រព័ន្ធសន្តិសុខតាមអ៊ីនធឺណិត ដែលតម្រូវឱ្យអាជ្ញាធរ និងស្ថាប័នហិរញ្ញវត្ថុពង្រឹងប្រព័ន្ធការពាររបស់ខ្លួន។ ក្នុងសុន្ទរកថានៅសិក្ខាសាលារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅទីក្រុងតូក្យូ លោកបានមានប្រសាសន៍ថា៖ «ការច្នៃប្រឌិតបច្ចេកវិទ្យាផ្តល់ឱកាសដ៏ធំធេងក្នុងការកែលម្អប្រព័ន្ធរូបិយវត្ថុ និងការទូទាត់ ប៉ុន្តែការច្នៃប្រឌិតត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងទំនុកចិត្ត»។

លោកក៏បានបង្ហាញការព្រួយបារម្ភថា ការបម្លែងទ្រព្យសកម្មដូចជា មូលបត្របំណុល និងប្រាក់បញ្ញើ ទៅជាថូខិនឌីជីថល (Tokenisation) អាចធ្វើឱ្យការប្រែប្រួលទីផ្សារកាន់តែខ្លាំងនៅពេលមានវិបត្តិ ខណៈប្រព័ន្ធឌីជីថលដែលភ្ជាប់គ្នាអាចធ្វើឱ្យការវាយប្រហារតាមអ៊ីនធឺណិតរាលដាលយ៉ាងឆាប់រហ័ស។ ដូច្នេះ ប្រព័ន្ធហិរញ្ញវត្ថុថ្មីៗត្រូវមានវិធានការសុវត្ថិភាព និងសមត្ថភាពទប់ទល់នឹងវិបត្តិតាំងពីដំណាក់កាលរចនាដំបូង។

លោក Kamiyama បានសង្កត់ធ្ងន់ថា ប្រទេសនានាត្រូវបង្កើតក្របខ័ណ្ឌច្បាប់ច្បាស់លាស់ ដើម្បីធានាថាការប្រើប្រាស់ និងការផ្ទេរទ្រព្យសកម្មឌីជីថលមានការការពារសិទ្ធិស្របច្បាប់ និងស្ថិតក្រោមការគ្រប់គ្រងត្រឹមត្រូវ។ លោកបានបញ្ជាក់ថា៖ «អត្ថប្រយោជន៍នៃការបម្លែងទ្រព្យសកម្មទៅជាថូខិន មិនអាស្រ័យតែលើបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការរៀបចំប្រព័ន្ធស្ថាប័នឱ្យបានត្រឹមត្រូវ ក្របខ័ណ្ឌច្បាប់ច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជនផងដែរ»៕