ក្រុមហ៊ុននំប៉័ង និងកាហ្វេកូរ៉េ Butterful & Creamorous ចាប់ដៃគូជាមួយក្រុមហ៊ុន Nourish and Sips នាំយកហាងនំប៉័ងបែបបារាំងគុណភាពខ្ពស់មកកាន់កម្ពុជា
27-11-2026 16:40
(ភ្នំពេញ)៖ ក្រុមហ៊ុន Butterful & Creamorous (B&C) ដែលជាម៉ាកហាងនំប៉័ង និងកាហ្វេរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិអាជីវកម្មមេ (Master Franchise Agreement) ជាមួយក្រុមហ៊ុន Nourish and Sips របស់កម្ពុជា ដើម្បីនាំយកផលិតផលនំប៉័ង និងនំដុតបែបបារាំង ព្រមទាំងបទពិសោធន៍ហាងកាហ្វេរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា។
ហាងដំបូងរបស់ B&C គ្រោងនឹងបើកនៅតំបន់បឹងកេងកង១ រាជធានីភ្នំពេញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៧។ ការពង្រីកអាជីវកម្មមកកម្ពុជានេះ គឺជាទីផ្សារដំបូងរបស់ក្រុមហ៊ុននៅក្នុងតំបន់មេគង្គ និងជាផ្នែកមួយនៃផែនការពង្រីកវត្តមាននៅអាស៊ី។
សូមជម្រាបថា B&C បានបើកហាងដំបូងនៅតំបន់ Apgujeong Rodeo ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៩។ ក្រុមហ៊ុនមានភាពលេចធ្លោតាមរយៈការផលិតនំប៉័ង និងនំដុតដោយប្រើប្រាស់គ្រឿងផ្សំមានគុណភាពខ្ពស់ ដូចជា ប៊ឺបារាំងប្រភេទ AOP ទឹកដោះគោសរីរាង្គ និងស៊ុតគុណភាពខ្ពស់។
ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនមានដូចជា Croissant, Financier និង Baguette ព្រមទាំងនំដែលមានរូបមន្តពិសេសផ្សេងៗ។ ក្រៅពីគុណភាពផលិតផល ហាងរបស់ B&C ក៏មានការរចនាបែបបារាំង ដែលទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន និងអ្នកទស្សនាជាច្រើន។
បច្ចុប្បន្ន B&C បានពង្រីកវត្តមាននៅតាមផ្សារទំនើបធំៗទាំង៣ក្នុងប្រទេសកូរ៉េ រួមមាន Shinsegae, Lotte និង Hyundai ព្រមទាំងមានរោងចក្រផលិត និងផ្គត់ផ្គង់ផលិតផលកណ្តាលផ្ទាល់ខ្លួន ដែលទទួលបានវិញ្ញាបនបត្រ HACCP ដើម្បីធានាគុណភាព និងសុវត្ថិភាពចំណីអាហារ។
ប្រទេសចិនគឺជាទីផ្សារក្រៅប្រទេសដំបូង និងធំបំផុតរបស់ B&C ដោយក្រុមហ៊ុនបានចូលទៅក្នុងទីផ្សារនេះកាលពីឆ្នាំ២០២១ និងបើកហាងដំបូងនៅទីក្រុងប៉េកាំង។ គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦ ក្រុមហ៊ុនមានហាងប្រមាណ៥០ទីតាំងនៅទូទាំងប្រទេសចិន។
ក្រៅពីប្រទេសចិន B&C បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិអាជីវកម្មមេជាមួយដៃគូក្នុងប្រទេសសិង្ហបុរី កាលពីខែឧសភា ឆ្នាំ២០២៥ ហុងកុង និងម៉ាកាវ កាលពីខែកក្កដា ឆ្នាំ២០២៦ និងកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ក្រុមហ៊ុនកំពុងពិភាក្សាជាមួយដៃគូអាជីវកម្មនៅប្រទេសឥណ្ឌូនេស៊ី វៀតណាម សហរដ្ឋអាមេរិក និងកាណាដា ដើម្បីពង្រីកទីផ្សារបន្ថែមទៀត។ ក្រុមហ៊ុនក៏ធ្លាប់សហការជាមួយម៉ាកល្បីៗដូចជា Valentino, Max Mara និង Audi ដើម្បីពង្រឹងរូបភាពជាម៉ាកយីហោផលិតផលមានគុណភាពខ្ពស់ និងលក្ខណៈប្រណីតផងដែរ។
ក្រោមកិច្ចព្រមព្រៀងនេះ B&C នឹងផ្តល់ម៉ាកយីហោ រូបមន្តផលិតផល ការរចនាហាង ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការ និងការបណ្តុះបណ្តាលជំនាញ។ ចំណែកក្រុមហ៊ុន Nourish and Sips នឹងទទួលខុសត្រូវលើការអភិវឌ្ឍសាខា ការផ្សព្វផ្សាយទីផ្សារ និងការគ្រប់គ្រងប្រតិបត្តិការនៅកម្ពុជា។
ការជ្រើសរើសកម្ពុជាជាទីផ្សារថ្មីនេះ កើតឡើងស្របពេលដែលវប្បធម៌នៃការចូលហាងកាហ្វេ ហាងបង្អែម និងការប្រើប្រាស់ផលិតផលបែប Lifestyle កំពុងមានការរីកចម្រើន ជាពិសេសនៅរាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ការពេញនិយមលើវប្បធម៌កូរ៉េ រួមមានភាពយន្តភាគ ផលិតផលថែរក្សាសម្រស់ និងម្ហូបអាហារកូរ៉េ ក៏ជាកត្តាដែលបង្កើតឱកាសទីផ្សារសម្រាប់ម៉ាកយីហោកូរ៉េនៅកម្ពុជាផងដែរ។
សម្រាប់ B&C ការចូលមកកាន់ទីផ្សារកម្ពុជាមិនត្រឹមតែជាការពង្រីកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានសំខាន់ក្នុងការពង្រឹងវត្តមានរបស់ខ្លួននៅតំបន់៕




