* OpenAI ដាក់ពាក្យប្តឹងបកក្រុមហ៊ុន Apple ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម និងរារាំងដៃគូផ្គត់ផ្គង់ផលិតផល AI
* ការវិលត្រឡប់របស់ Jensen Huang ជួយស្រោចស្រង់ Nvidia តែមួយពេលខ្លី ឬជាផ្កាភ្លើងដាស់ទីផ្សារ AI ដែលកំពុងរង្គោះរង្គើ?
* មិនត្រឹមឆ្លើយសំណួរ! ChatGPT អាចនឹងហៅទូរស័ព្ទ ផ្ញើសារ និងបញ្ជាមុខងារផ្សេងៗជំនួសអ្នក
* Nvidia ផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ និងបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបណ្ដោះអាសន្ន
* ក្រុមហ៊ុន Binance ប្រកាសបើកដំណើរការដកប្រាក់ឡើងវិញ ក្រោយបញ្ចប់ការស្តារប្រព័ន្ធបន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធឺណិត

មិនត្រឹមឆ្លើយសំណួរ! ChatGPT អាចនឹងហៅទូរស័ព្ទ ផ្ញើសារ និងបញ្ជាមុខងារផ្សេងៗជំនួសអ្នក

28-11-2026 10:08

(បរទេស)៖ ក្រុមហ៊ុន OpenAI កំពុងអភិវឌ្ឍសមត្ថភាពថ្មីៗសម្រាប់ ChatGPT លើប្រព័ន្ធ Android ដោយអាចឱ្យជំនួយការ AI នេះហៅទូរស័ព្ទ ផ្ញើសារ និងគ្រប់គ្រងមុខងារមួយចំនួននៅលើទូរស័ព្ទបានដោយផ្ទាល់។ ព័ត៌មាននេះត្រូវបានរកឃើញតាមរយៈកូដកម្មវិធី ChatGPT ជំនាន់ 1.2026.328 ដែលបង្ហាញថា OpenAI កំពុងពង្រីកសមត្ថភាពរបស់ ChatGPT ឱ្យលើសពីការឆ្លើយតបជាអត្ថបទ និងការសន្ទនាតាមសំឡេង។ នេះបើយោងតាមការ​ចេញផ្សាយដោយ GSMArena នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមការបង្ហាញក្នុងកូដ ChatGPT អាចនឹងមានសមត្ថភាពចូលមើលបញ្ជីឈ្មោះទំនាក់ទំនង ប្រវត្តិការហៅទូរស័ព្ទ ធ្វើការហៅចេញ ព្រមទាំងអាន និងផ្ញើសារជាអក្សរតាមការបញ្ជារបស់អ្នកប្រើប្រាស់។ លើសពីនេះ វាក៏អាចគ្រប់គ្រងការចាក់តន្ត្រី ដោយផ្អាក បន្ត ឬរំលងបទចម្រៀងបានផងដែរ។ ទោះជាយ៉ាងណា អ្នកប្រើប្រាស់ត្រូវផ្តល់សិទ្ធិអនុញ្ញាតជាមុន ហើយ ChatGPT មិនទាន់អាចបើកកម្មវិធីតន្ត្រី ឬចាប់ផ្តើមចាក់បទចម្រៀងថ្មីដោយខ្លួនឯងបាននៅឡើយទេ។

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺ ChatGPT អាចនឹងមើលឃើញអ្វីដែលកំពុងបង្ហាញនៅលើអេក្រង់ទូរស័ព្ទ ដើម្បីប្រើជាបរិបទក្នុងការឆ្លើយសំណួររបស់អ្នកប្រើប្រាស់។ ជាមួយគ្នានេះ កូដកម្មវិធីក៏បង្ហើបពីការពង្រីកសមត្ថភាពរបស់ភ្នាក់ងារ AI ឈ្មោះ Dots ដែលអាចបំពេញកិច្ចការផ្សេងៗដោយមិនចាំបាច់បើកកម្មវិធី ChatGPT ទុក ហើយអាចដំណើរការបានសូម្បីតែពេលទូរស័ព្ទចាក់សោក៏ដោយ។

យ៉ាងណាមិញ OpenAI មិនទាន់ប្រកាសជាផ្លូវការថា មុខងារទាំងនេះនឹងចេញឱ្យប្រើប្រាស់នៅពេលណានៅឡើយទេ។ ប្រសិនបើត្រូវបានដាក់ឱ្យប្រើប្រាស់មែន វាអាចនឹងធ្វើឱ្យ ChatGPT ក្លាយជាជំនួយការឌីជីថលដែលមានសមត្ថភាពកាន់តែទូលំទូលាយ ដោយមិនត្រឹមតែឆ្លើយសំណួរប៉ុណ្ណោះទេ ប៉ុន្តែអាចជួយបំពេញកិច្ចការប្រចាំថ្ងៃនៅលើទូរស័ព្ទជំនួសអ្នកប្រើប្រាស់បានផងដែរ៕