ប្រធានាធិបតីបារាំង ថ្កោលទោសចំពោះហេតុការណ៍ប៉ះទង្គិចគ្នាខ្លាំងក្លា ក្នុងថ្ងៃប្រកួតពានរង្វាន់អឺរ៉ុប
28-11-2026 10:39
(បរទេស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើការថ្កោលទោស ចំពោះហេតុការណ៍ប៉ះទង្គិចគ្នាដោយហឹង្សា នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់អឺរ៉ុប UEFA Europa League កាលពីរាត្រីថ្ងៃព្រហស្បតិ៍ នៅឯកីឡដ្ឋាន Stade Veldrome ស្ថិតក្នុងទីក្រុង Marseille។
បើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងថា ការប៉ះទង្គិចគ្នាដោយហឹង្សានេះដែរ វាបានបង្កឱ្យមានផលប៉ះពាល់ និងខូចខាតទ្រព្យសម្បត្តិជាច្រើនផងដែររវាងក្រុមអ្នកគាំទ្រ Marseille ទល់នឹងក្រុមភ្ញៀវ Levski Sofia ក្នុងថ្ងៃជាមួយគ្នារវាងក្រុម Besiktas និង Hapoel Be'er Sheva ហើយ Sunderland ដែលបញ្ចប់ក្នុងលទ្ធផល ១-១ ជាមួយ Jageillonia Bialystok របស់ប៉ូឡូញ ដែលសុទ្ធសឹងផ្ទុះហឹង្សាដូចៗគ្នា។
ទន្ទឹមគ្នានោះ លោក ម៉ាក្រុង ដែលទើបអញ្ជើញមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំ ហ្រ្វង់កូហ្វូនី នាពាក់កណ្តាលខែនេះបានថ្លែងទៅកាន់នាយករដ្ឋមន្រ្តីបុលហ្គារី លោក Rumen Radev អំពីហេតុការណ៍កើតឡើងដោយចេតនាថា «ហេតុការណ៍ហឹង្សានេះមិនគួរកើតមានឡើងឡើយក្នុងកីឡា ឬតាមទីសាធារណៈនានាតែម្តង ហើយសកម្មហឹង្សាទាំងនេះ ក៏មិនត្រូវបានលើកលែងទោសនោះដែរ»។
ភ្លាមៗនោះដែរ បើយោងតាមទីភ្នាក់ងារ Reuters លោក Radev ក៏បានថ្លែងអំណរគុណចំពោះលោក Macron សម្រាប់ការចេញមុខដោះស្រាយដោយផ្ទាល់ «ចំពោះប្រជាពលរដ្ឋបុលហ្គារី ដែលបានរងការវាយប្រហារ បូករួមទាំងការមើលថែទាំ និងព្យាបាលដល់ជនរងគ្រោះផងនោះ»។
បើយោងតាមថ្នាក់ដឹកនាំក្លិប Marseille លេងនៅក្របខណ្ឌ Ligue 1 បានគូសបញ្ជាក់ថា បានកំពុងស៊ើបអង្កេតចំពោះហេតុការណ៍នេះ គ្រាដែលរបាយការណ៍ពីមន្រ្តីប៉ូលីសប្រចាំតំបន់បានបង្ហាញថា ជនរងគ្រោះទាំងអស់សុទ្ធតែប្រជាពលរដ្ឋបុលហ្គារី ខណៈចំនួនចាប់ខ្លួន និងគ្រោះថ្នាក់ដល់ជីវិតពុំត្រូវបានបង្ហាញឡើយ។
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានថ្កោលទោសយ៉ាងដាច់អហង្កា និងមិនអាចលើកលែងបានឡើយ៕




