OpenAI ដាក់ពាក្យប្តឹងបកក្រុមហ៊ុន Apple ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម និងរារាំងដៃគូផ្គត់ផ្គង់ផលិតផល AI
28-11-2026 11:19
(បរទេស)៖ ក្រុមហ៊ុន OpenAI បានដាក់ពាក្យបណ្តឹង ប្តឹងបកទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នៅតុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ាវិញ ដោយចោទប្រកាន់ថា Apple បានលួចអាថ៌កំបាំងពាណិជ្ជកម្ម និងរារាំងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់មិនឱ្យសហការផលិតឧបករណ៍ AI ជាមួយខ្លួន។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពី Apple បានប្តឹង OpenAI កាលពីខែកក្កដា ជុំវិញការទាក់ទាញអតីតបុគ្គលិកជាន់ខ្ពស់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
យោងតាមពាក្យបណ្តឹង OpenAI បានលើកឡើងថា Apple បានជួលអតីតបុគ្គលិកម្នាក់ឱ្យចូលធ្វើការវិញ ក្រោយបុគ្គលិករូបនោះបានមកបម្រើការនៅ OpenAI រយៈពេល ៦ខែ ដើម្បីលួចយកផែនការអភិវឌ្ឍន៍ឧបករណ៍ Hardware ថ្មីៗ។ លើសពីនេះ OpenAI បានចោទប្រកាន់ Apple ថាបានប្រើប្រាស់ប្រព័ន្ធតាមដានសារ និងគណនីផ្ទាល់ខ្លួនរបស់អតីតបុគ្គលិក ក៏ដូចជាបង្កើតគោលការណ៍ការងាររឹតត្បិត ដើម្បីរារាំងបុគ្គលិកមិនឱ្យទៅចូលរួមជាមួយក្រុមហ៊ុនគូប្រជែង។ OpenAI បានបង្ហើបឱ្យដឹងថា រហូតមកដល់ពេលនេះ មានបុគ្គលិករបស់ Apple ចំនួន ៤០០នាក់ហើយ ដែលបានលាឈប់មកធ្វើការនៅ OpenAI ហើយ Apple កំពុងព្យាយាមគំរាមកំហែងបុគ្គលិកដទៃទៀត កុំឱ្យហ៊ានចាកចេញទៅស្វែងរកការងារនៅក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត៕
ជាការឆ្លើយតប ក្រុមហ៊ុន Apple បានបដិសេធរាល់ការចោទប្រកាន់ទាំងស្រុង ដោយចាត់ទុកថាបណ្តឹងតបតនេះជាការប៉ុនប៉ងបង្វែរដានពីការពិត។ ជម្លោះផ្លូវច្បាប់រវាងក្រុមហ៊ុនយក្សទាំងពីរ បានឆ្លុះបញ្ចាំងពីការកើនឡើងកម្តៅនៃការប្រកួតប្រជែងលើទីផ្សារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការដណ្តើមធនធានមនុស្សជំនាញកម្រិតខ្ពស់នៅលើឆាកអន្តរជាតិ៕















