អម្រឹត បន្តគាំទ្រការរីកចម្រើនរបស់ប្រជាជន និងអាជីវកម្មនៅកម្ពុជា តាមរយៈការចូលរួម «វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ២០២៦»
28-11-2026 12:18
(ភ្នំពេញ)៖ អម្រឹត បានចូលរួមជាអ្នកឧបត្ថម្ភធំ Gold Sponsor ក្នុង «វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ២០២៦» ដែលរៀបចំឡើងដោយសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និង វិនិយោគជាតិកម្ពុជា (CamTIPA) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វេទិកានេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានគោលបំណងបើកឱកាសវិនិយោគថ្មីៗ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបង្កើតភាពជាដៃគូរយៈពេលវែងរវាងសហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ។
ការចូលរួមក្នុងវេទិកានេះ មិនមែនគ្រាន់តែជាការចូលរួមឧបត្ថម្ភកម្មវិធីតែប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីប្តេជ្ញាចិត្តរយៈពេលវែងចំពោះប្រជាជន អាជីវកម្ម និងការរីកចម្រើនរបស់កម្ពុជា ដែលមានការចូលរួមចំណែកគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសំណាក់ ដៃគូពាក់ព័ន្ធនានា។
អស់រយៈពេលជាង ៣៥ ឆ្នាំ មកនេះ អម្រឹត បានបន្តប្រតិបត្តិការ និងប្តេជ្ញាចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល និងដៃគូនានា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ តាមរយៈការបន្តចូលរួមជាមួយរាជរដ្ឋាភិបាល និងដៃគូនានា អម្រឹត នឹងបន្តរួមចំណែកដល់ការរីកចម្រើនរបស់កម្ពុជា ដោយរក្សាការប្តេជ្ញាចិត្តចំពោះការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងវិជ្ជាជីវៈជូនអតិថិជន និងអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ដោយផ្តោតលើការគាំទ្រដល់តម្រូវការពិតប្រាកដរបស់ពួកគេ។
វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ២០២៦ ជាវេទិកានេះមានសារៈសំខាន់ក្នុងការបើកឱកាសវិនិយោគថ្មី ការផ្លាស់ប្តូរទស្សនៈ ការតភ្ជាប់ទំនាក់ទំនង ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបង្កើតភាពជាដៃគូរយៈពេលវែងរវាងសហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ។
វេទិកានេះ មានការចូលរួមពីវិនិយោគិន និងតំណាងក្រុមហ៊ុនមកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងបណ្តាប្រទេសនៅអឺរ៉ុប សរុបជាង ១,៥០០ នាក់។ ការចូលរួមពីភាគីជាច្រើននេះ បង្ហាញពីសារៈសំខាន់នៃការកសាងការយល់ដឹងរួម និងទំនាក់ទំនងដែលអាចនាំទៅរកឱកាស និងកិច្ចសហប្រតិបត្តិការថ្មីៗសម្រាប់កម្ពុជា៕








