* OpenAI ដាក់ពាក្យប្តឹងបកក្រុមហ៊ុន Apple ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម និងរារាំងដៃគូផ្គត់ផ្គង់ផលិតផល AI
* ការវិលត្រឡប់របស់ Jensen Huang ជួយស្រោចស្រង់ Nvidia តែមួយពេលខ្លី ឬជាផ្កាភ្លើងដាស់ទីផ្សារ AI ដែលកំពុងរង្គោះរង្គើ?
* មិនត្រឹមឆ្លើយសំណួរ! ChatGPT អាចនឹងហៅទូរស័ព្ទ ផ្ញើសារ និងបញ្ជាមុខងារផ្សេងៗជំនួសអ្នក
* Nvidia ផ្អាកការដឹកជញ្ជូនម៉ាស៊ីនមេ និងបន្ទះឈីប AI ទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ជាបណ្ដោះអាសន្ន
* ក្រុមហ៊ុន Binance ប្រកាសបើកដំណើរការដកប្រាក់ឡើងវិញ ក្រោយបញ្ចប់ការស្តារប្រព័ន្ធបន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធឺណិត

Apple ប្រឈមពិន័យជិត ៨០ លានដុល្លារនៅឈីលី ព្រោះរារាំងការប្រកួតប្រជែងលើប្រព័ន្ធ iOS

28-11-2026 12:22

(បរទេស)៖ អាជ្ញាធរប្រកួតប្រជែងរបស់ប្រទេសឈីលី (FNE) បានស្នើឱ្យតុលាការពាក់ព័ន្ធពិន័យក្រុមហ៊ុន Apple ប្រមាណ ៨០ លានដុល្លារ និងបង្គាប់ឱ្យកែប្រែការអនុវត្តមួយចំនួន បន្ទាប់ពីរកឃើញថា ក្រុមហ៊ុននេះបានប្រើប្រាស់អំណាចទីផ្សាររបស់ខ្លួនដោយមិនត្រឹមត្រូវលើប្រព័ន្ធប្រតិបត្តិការ iOS។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Rueters នៅថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០២៦។

អាជ្ញាធរ FNE បានឱ្យដឹងថា ចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ២០១៩ មក Apple បានដាក់កំហិតលើការចែកចាយកម្មវិធី និងប្រព័ន្ធទូទាត់ប្រាក់សម្រាប់ទំនិញឌីជីថលនៅក្នុងកម្មវិធី ដោយរារាំងអ្នកប្រើប្រាស់ iPhone មិនឱ្យដំឡើងកម្មវិធីពីប្រភពខាងក្រៅ ឬប្រើប្រាស់ហាងកម្មវិធីផ្សេងក្រៅពី App Store។ អាជ្ញាធរបានបញ្ជាក់ថា «Apple បានរារាំងការដំឡើងកម្មវិធីពីប្រភពខាងក្រៅ និងការប្រើប្រាស់ហាងកម្មវិធីផ្សេងៗតាមរយៈកម្មវិធីរុករកអ៊ីនធឺណិតនៅលើ iPhone ដោយបង្ខំឱ្យអ្នកអភិវឌ្ឍកម្មវិធី និងអ្នកប្រើប្រាស់ពឹងផ្អែកទាំងស្រុងលើ App Store»។

ជាការឆ្លើយតប Apple បានអះអាងថា ការរឹតបន្តឹងទាំងនេះគឺចាំបាច់ដើម្បីការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់ ប៉ុន្តែអាជ្ញាធរឈីលីបានចាត់ទុកថា វិធានការទាំងនោះមិនចាំបាច់ និងមានភាពតឹងរ៉ឹងហួសហេតុ។ ទឹកប្រាក់ពិន័យដែលអាជ្ញាធរស្នើឡើង ស្មើនឹង ៣០% នៃប្រាក់ចំណូលពីផលិតផល និងសេវាកម្មដែលពាក់ព័ន្ធនឹងការបំពានក្នុងអំឡុងពេលស៊ើបអង្កេត។

ក្រៅពីការពិន័យ អាជ្ញាធរ FNE ក៏ចង់ឱ្យតុលាការបង្គាប់ Apple ឱ្យអនុញ្ញាតកម្មវិធី និងហាងកម្មវិធីរបស់ក្រុមហ៊ុនផ្សេងៗ ព្រមទាំងប្រព័ន្ធទូទាត់ប្រាក់ជំនួសប្រព័ន្ធរបស់ខ្លួន។ វិធានការនេះក៏រួមបញ្ចូលការអនុញ្ញាតឱ្យអ្នកអភិវឌ្ឍកម្មវិធីដាក់ប៊ូតុងដែលនាំអ្នកប្រើប្រាស់ទៅកាន់ប្រព័ន្ធទូទាត់ប្រាក់ខាងក្រៅបានដោយងាយស្រួលផងដែរ៕