WhatsApp ប្រកាសដាក់ឱ្យប្រើមុខងារថ្មី «Travel eSIM» អនុញ្ញាតឱ្យទិញ និងដំឡើងអ៊ីនធឺណិតពេលធ្វើដំណើរក្រៅប្រទេសដោយផ្ទាល់ក្នុងកម្មវិធី
28-11-2026 12:49
(បរទេស)៖ កម្មវិធីផ្ញើសារដ៏ពេញនិយម WhatsApp ដែលគ្រប់គ្រងដោយក្រុមហ៊ុន Meta បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ អំពីការដាក់ចេញមុខងារថ្មីមួយមានឈ្មោះថា «Travel eSIM» បន្ទាប់ពីបានធ្វើតេស្តសាកល្បងអស់មួយរយៈពេលកន្លងមក។ មុខងារនេះត្រូវបានរចនាឡើងដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរទៅក្រៅប្រទេស ក្នុងការទិញ និងដំឡើងកញ្ចប់ទិន្នន័យអ៊ីនធឺណិត (Data eSIM) ដោយចុចតែប៉ុន្មានដងប៉ុណ្ណោះ ដោយមិនចាំបាច់ចាកចេញពីកម្មវិធី WhatsApp ឡើយ។
ក្រុមហ៊ុន WhatsApp បានបញ្ជាក់ថា ដំណើរការនៃការប្រើប្រាស់មុខងារ Travel eSIM នេះ នឹងមានភាពងាយស្រួលដូចជាការផ្ញើសារអ៊ីចឹងដែរ។ នៅពេលអ្នកប្រើប្រាស់ធ្វើដំណើរទៅដល់គោលដៅនៅក្រៅប្រទេស មុខងារនេះនឹងអនុញ្ញាតឱ្យពួកគេបន្តប្រើប្រាស់ WhatsApp តាមរយៈលេខទូរស័ព្ទដើមដដែលជាធម្មតា ដោយមិនចាំបាច់ស្វែងរកការភ្ជាប់ Wi-Fi ក្នុងតំបន់ ឬចំណាយពេលទិញស៊ីមកាតថ្មីនៅប្រទេសនោះ ដើម្បីអាចភ្ជាប់ទំនាក់ទំនងតាម WhatsApp និងកម្មវិធីផ្សេងទៀតដែលប្រើប្រាស់អ៊ីនធឺណិតនោះទេ។
ដើម្បីដំណើរការមុខងារនេះ WhatsApp បានសហការជាមួយក្រុមហ៊ុនផ្ដល់សេវា eSIM និងប្រតិបត្តិករទូរគមនាគមន៍ធំៗមួយចំនួន រួមមាន Reliance Jio, Smart Axiata, Smart Communications និង Verizon។ ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនឹងចាប់ផ្ដើមនៅក្នុងប្រទេសមួយចំនួនក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែ WhatsApp មិនទាន់បានបញ្ចេញឈ្មោះប្រទេសដំបូងគេដែលទទួលបានសេវានេះនៅឡើយទេ។
ទោះបីជា WhatsApp មិនទាន់បង្ហាញលម្អិតពីរបៀបដំណើរការទាំងស្រុងក៏ដោយ ក៏ប្រភពពី WABetaInfo បានឱ្យដឹងថា អ្នកប្រើប្រាស់នឹងឃើញមុខងារនេះនៅក្នុងផ្នែក Account នៃកម្មវិធី WhatsApp នៅពេលវាដាក់ឱ្យប្រើប្រាស់ក្នុងតំបន់របស់ខ្លួន។ តាមរយៈរូបភាពដែលបានចែករំលែក អ្នកប្រើប្រាស់អាចមើលឃើញបញ្ជីឈ្មោះប្រទេសគោលដៅដែលគាំទ្រសេវា Travel eSIM ព្រមទាំងអាចស្វែងរកគោលដៅដែលខ្លួនចង់ទៅបានយ៉ាងងាយស្រួល ប៉ុន្តែមុខងារនេះតម្រូវឱ្យប្រើប្រាស់ជាមួយទូរស័ព្ទឆ្លាតវៃដែលគាំទ្របច្ចេកវិទ្យា eSIM ប៉ុណ្ណោះ៕






