សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២១ ចំនួន ២,៦៤៧នាក់ ទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី (BELTEI Senior HIGH SCHOOL DIPLOMA)
28-11-2026 15:33
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលាប៊ែលធីអន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ ជំនាន់ទី២១ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សរុបចំនួន ២,៦៤៧នាក់ នៅសាលសន្និសីទនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធីគ្រុប និងលោកស្រី។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា បច្ចុប្បន្នសាលាប៊ែលធីអន្តរជាតិ មាន ៣៥សាខា (៣៣សាខាកំពុងដំណើរការ និង ២សាខាកំពុងសាងសង់) និងមានកម្មវិធីសិក្សាធំៗចំនួន៦ គឺ៖ ១-ចំណេះទូទៅ ២-ថ្នាក់ពីរភាសា (អង់គ្លេស-ចិន) ៣-ភាសាអង់គ្លេសទូទៅ ៤-ភាសាចិនទូទៅ ៥-កម្មវិធីអភិវឌ្ឍបញ្ញា IMA និង ៦-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ ព្រមទាំងបានបញ្ចូលកម្មវិធីសិក្សាបន្ថែមធំៗចំនួន១២។
លោកបានបន្ថែមថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ សាលាប៊ែលធីអន្តរជាតិ មានសិស្សថ្នាក់ទី១២ ចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ២,៧១៥នាក់ (ពីរពាន់ប្រាំពីររយដប់ប្រាំ) ក្នុងនោះជាប់ ២,៦៤៧នាក់ (ពីរពាន់ប្រាំមួយរយសែសិបប្រាំពីរ) ស្មើនឹង ៩៧.៥០% និងមានសិស្សនិទ្ទេស A ចំនួន ១៧៤នាក់។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងទទួលបានសញ្ញាបត្រចំនួន២៖ ១-ចេញដោយសាលាប៊ែលធីអន្តរជាតិ និង ២-ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។ សញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងគេហទំព័រប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សជ័យលាភីទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្ររយៈពេល ១២ឆ្នាំកន្លងមកនេះ ជាពិសេសគោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ។ លោកបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្ដល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ និងគោរពវិន័យសាលា ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រង នៅតាមបណ្ដាសាខានៃសាលាប៊ែលធីអន្តរជាតិ។
ជាការផ្ដាំផ្ញើ លោកបណ្ឌិតបានលើកទឹកចិត្តសិស្សជ័យលាភីទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើសរើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត និងអាចប្រកួតប្រជែងដណ្ដើមទីផ្សារការងារជាមួយបណ្ដាយុវជនទាំងក្នុងតំបន់អាស៊ាន និងពិភពលោក ដើម្បីដើរឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។
លោកបណ្ឌិតក៏បានជម្រាបជូនផងដែរថា បច្ចុប្បន្នសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ MONASH (ម៉ូណាស់) ដ៏ល្បីមកពីប្រទេសអូស្ត្រាលី ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) ចូលរៀនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៧ ខាងមុខនេះ ដោយទទួលនិស្សិតជាតិ-អន្តរជាតិពីគ្រប់មជ្ឈដ្ឋានមកសិក្សាផ្ទាល់នៅស្នាក់ការកណ្ដាលប៊ែលធីគ្រុប (ជាន់ទី៥)។ និស្សិតសិក្សារយៈពេល ១ឆ្នាំនៅ MONASH – BELTEI IU Cambodia និងបន្តសិក្សា៣ឆ្នាំនៅសាកលវិទ្យាល័យ MONASH ប្រទេសអូស្ត្រាលី។
ជាទីបញ្ចប់ លោកបណ្ឌិត និងលោកស្រី បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីទាំង ២,៦៤៧នាក់ នាពេលនោះផងដែរ៕






















