សាកលវិទ្យាល័យ AUPP បើកការដ្ឋានសាងសង់សាលសន្និសីទលំដាប់អន្តរជាតិថ្មី ផ្ទុកមនុស្សជាង ១,៥០០នាក់ គ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៧ (Video inside)
29-11-2026 09:25
(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP បានបោះជំហានដ៏សំខាន់មួយទៀត ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា តាមរយៈការបើកការដ្ឋានសាងសង់សាលសន្និសីទលំដាប់អន្តរជាតិថ្មីមួយនៅក្នុងបរិវេណសាកលវិទ្យាល័យកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៦ និងគ្រោងបញ្ចប់ការសាងសង់នៅខែមិថុនាឆ្នាំ២០២៧ ខាងមុខនេះ។
គម្រោងថ្មីនេះ រួមមាន សាលសន្និសីទដ៏ធំទូលាយដែលអាចផ្ទុកអ្នកចូលរួមបានជាង ១,៥០០នាក់ បន្ទប់សិក្សាទំនើបប្រមាណ ៦០បន្ទប់ ដែលបំពាក់ដោយបរិក្ខារសិក្សាទាន់សម័យ ព្រមទាំងចំណតរថយន្តក្រោមដីដ៏ធំទូលាយ ដែលផ្តល់ភាពងាយស្រួលដល់និស្សិត សាស្ត្រាចារ្យ និងភ្ញៀវជាតិនិងអន្តរជាតិ។
លើសពីការបម្រើដល់វិស័យអប់រំ សាលសន្និសីទថ្មីនេះ មានគោលបំណងក្លាយជាទីតាំងដ៏មានសក្តានុពលមួយសម្រាប់ការរៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិនៅកម្ពុជា រួមមាន សន្និសីទអន្តរជាតិ វេទិកាពិភាក្សា ពិធីប្រគល់សញ្ញាបត្រ សិក្ខាសាលាអប់រំ វេទិកាធុរកិច្ច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍ទ្រង់ទ្រាយធំផ្សេងៗទៀត។
គម្រោងនេះ នឹងដើរតួនាទីជាស្ពានតភ្ជាប់រវាងនិស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ ស្ថាប័នអប់រំ សហគមន៍ធុរកិច្ច និងដៃគូជាតិ និងអន្តរជាតិ ដើម្បីជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ។
ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យ វែងឆ្ងាយរបស់ AUPP ក្នុងការឆ្លើយតបទៅនឹងកំណើននៃតម្រូវការអប់រំប្រកបដោយគុណភាពនៅកម្ពុជា ក៏ដូចជាការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវការអប់រំថ្នាក់ឧត្តមសិក្សាតាមស្តង់ដារអាមេរិកដោយផ្ទាល់នៅរាជធានីភ្នំពេញ។
លោកបណ្ឌិត Matthew Schenk សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ AUPP បានថ្លែងថា «គម្រោងពង្រីកនេះ គឺជាជំហានដ៏គួរឱ្យមានមោទនៈភាពមួយទៀតសម្រាប់ AUPPដែលផ្តល់នូវទីធ្លាកាន់តែទូលាយសម្រាប់ការបង្រៀន ការសិក្សារៀនសូត្រ និងការប្រមូលផ្តុំមនុស្សពីគ្រប់មជ្ឈដ្ឋាន រួមមាន និស្សិត និងសាស្ត្រាចារ្យ សាកលវិទ្យាល័យដៃគូ ថ្នាក់ដឹកនាំធំៗ ក៏ដូចជាសហគមន៍ធំៗផងដែរ។ ស្របជាមួយគ្នានេះ AUPP នៅតែបន្តផ្តោតសំខាន់លើការបង្កើតឱកាសនានា ដើម្បីពង្រឹងគុណភាពអប់រំ និងជំរុញឱ្យនិស្សិតមានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា»។
បច្ចុប្បន្ន ការសាងសង់កំពុងដំណើរការយ៉ាងសកម្ម និងគ្រោងបញ្ចប់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៧។ សាកលវិទ្យាល័យ AUPP សូមស្វាគមន៍សិស្សានុសិស្ស និងមាតាបិតា ក្នុងការអញ្ជើញមកទស្សនាបរិវេណសាកលវិទ្យាល័យដោយផ្ទាល់ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា បរិក្ខារសិក្សា និងឱកាសសិក្សាសម្រាប់ឆមាសថ្មីចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២៧ ខាងមុខនេះ៕


















