* មន្រ្តីគណបក្សពលករអង់គ្លេស ស្នើកាត់បន្ថយការតែតបាល់ ដោយបារម្ភប៉ះពាល់ខួរក្បាល
* Elon Musk ប្រកាសត្រៀមខ្លួនជួល CEO លោក Jensen Huang ក្រោយ Nvidia ត្រៀមដកតំណែង
* TSMC គ្រោងវិនិយោគរហូតដល់ ១ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន AI Anthropic និង OpenAI
* គ្រូពេទ្យ FV ប្រើប្រព័ន្ធមនុស្សយន្ត da Vinci Xi វះកាត់ដុំសាច់មហារីកពោះវៀនធំ និងកាត់កូនកណ្តុរចំនួន៧១ ឱ្យអ្នកជំងឺម្នាក់
* ទ្រព្យសម្បត្តិរបស់លោក Jensen Huang ដែលជា CEO របស់ Nvidia បាត់បង់ ៧,៤ ប៊ីលានដុល្លារត្រឹមរយៈពេល ៣០នាទី ក្រោយផ្ទុះរឿងអាស្រូវ

អាជ្ញាធរជាតិអប្សរា កំពុងបន្តការងារជួសជួលតួប៉មខាងជើងនៃប្រាសាទត្រពាំងល្ពៅ

09-08-2023 14:11

(សៀមរាប)៖ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាកំពុងធ្វើការជួសជុលតួប៉មខាងជើងនៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការងារជួសជុលតួប៉មផ្នែកខាងត្បួង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុលក្នុងខែមីនា ឆ្នាំ២០២៣កន្លងមក។

លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ដែលនៅឈរ មានរូបរាង។ ដូច្នេះក្រុមអ្នកជំនាញបានចំណាយពេលវេលាប្រមាណ៥ខែ ដើម្បីជួសជុលតួប៉មផ្នែកខាងត្បួងរួចរាល់។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ២០២៣ក៏បន្តការងារជួសជុលតួប៉មផ្នែកខាងជើងវិញម្តង ដើម្បីពង្រឹងរចនាសម្ព័នប្រាសាទឱ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ព័ន្ធនៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន។

ក្នុងដំណើរការជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នកជំនាញបានចាប់ផ្តើម ធ្វើការសិក្សាសម្រង់ប្លង់នៃប្រាសាទ និងធ្វើការពង្រឹងខឿនជញ្ជាំងឱ្យមានលំនឹង ទប់ស្កាត់ការរលុះធ្លាក់ ធ្វើឱ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មកធ្វើការសម្អាត បិទបាយអ ភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹក ធ្វើយ៉ាងណាឱ្យតួប៉មនៃប្រាសាទនេះ មានភាពរឹងមាំឡើងវិញ។
លោកស្រី ឈុន រតនា អ្នកជំនាញជួសជុលប្រាសាទត្រពាំងល្ពៅ បញ្ជាក់ទៀតថា មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ដំណើរការជួសជុលសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ ដោយគ្រោងនឹងបញ្ចប់គម្រោងជួសជុល នាចុងឆ្នាំ២០២៣ខាងមុខនេះ។ បន្ទាប់មកនឹងចាប់ផ្តើមការងារជួសជុលប្រាង្គកណ្តាល នៃប្រាសាទត្រពាំងល្ពៅនេះជាបន្តទៀត។ ក្រោយការងារជួសជុលរួចរាល់ អ្នកជំនាញរំពឹងថា តួប៉មនៃប្រាសាទត្រពាំងល្ពៅ នឹងឈររឹងមាំយូរអង្វែងទៅថ្ងៃមុខបន្តទៀត ដើម្បីជាកេរ្តិ៍ដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់។

សូមជម្រាបថា ប្រាសាទត្រពាំងល្ពៅ (ឯកសារមុនៗហៅថា ប្រាសាទត្រពាំងរពៅ) គឺជាប្រាសាទឥដ្ឋមួយ មានប្រាង្គចំនួន៣ បែរទៅទិសខាងកើត ហើយនៅទិសអាគ្នេយ៍មានស្នាមឥដ្ឋរៀបជាបន្ទប់ ដែលប្រហែលជាត្រូវនឹងគេសព្វថ្ងៃហៅថា «ហោត្រៃ» ត្រូវបានកសាងឡើងប្រហែលឆ្នាំ៩៤៤-៩៦៨ ក្នុងសតវត្សទី១០ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័នទី២៕