ចំណេះដឹងទូទៅ៖ តួនាទីរបស់អ្នកគ្រប់គ្រងមជ្ឈមណ្ឌលត្រួតពិនិត្យសន្តិសុខសាយប័រ SOC (ភាគ២)

01-09-2025 20:37

(ភ្នំពេញ)៖ បន្តពីចំណេះដឹងអំពី SOC ភាគ១ អង្គភាពព័ត៌មាន Fresh News នឹងលើកយកអំពីតួនាទីរបស់អ្នកគ្រប់គ្រងមជ្ឈមណ្ឌលត្រួតពិនិត្យសន្តិសុខសាយប័រវិញម្តង។ អ្នកគ្រប់គ្រង SOC គឺជាអ្នកយុទ្ធសាស្ត្រ ដើរតួនាទីសំខាន់ក្នុងការបកប្រែព័ត៌មានបច្ចេកទេសស្មុគស្មាញទៅជាភាសាដែលថ្នាក់ដឹកនាំជាន់ខ្ពស់អាចយល់បាន។

ពួកគេមិនត្រឹមតែធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំអំពីស្ថានភាពសន្តិសុខសាប៏ររបស់អង្គភាព និងការគំរាមកំហែងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អនុសាសន៍ជាយុទ្ធសាស្ត្រអំពីការវិនិយោគលើការងារសន្តិសុខសាយប័រ ដោយបង្ហាញពីផលចំណេញលើការវិនិយោគ (ROI) និងហានិភ័យដែលពាក់ព័ន្ធ។ សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងដោយប្រសិទ្ធភាពរវាងក្រុមបច្ចេកទេស និងអ្នកពាក់ព័ន្ធ គឺចាំបាច់សម្រាប់ការធានាបាននូវការគាំទ្រផ្នែកថវិកា និងធនធាន។

លោក អ៊ូ ផាន់ណារិទ្ធ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) បានឲ្យដឹងថា៖

*១៖ ការងារគ្រប់គ្រងប្រតិបត្តិការក្រុមការងារ
អ្នកគ្រប់គ្រង SOC ដឹកនាំ និងត្រួតពិនិត្យសកម្មភាពក្រុមសន្តិសុខសាយប័រទាំងអស់នៅក្នុង SOC ដើម្បីធានាបាននូវប្រតិបត្តិការរលូន និងប្រសិទ្ធភាពខ្ពស់បំផុត។ ពួកគេមិនត្រឹមតែវាយតម្លៃដំណើរការរបស់ក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាអ្នកណែនាំ អ្នកដោះស្រាយបញ្ហា និងជាអ្នកធានាថា ធនធានទាំងអស់ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ នេះរួមបញ្ចូលទាំងការគ្រប់គ្រងកាលវិភាគ បែងចែកភារកិច្ច និងធានាថាអ្នកវិភាគមានឧបករណ៍ (hardware+software) និងជំនាញចាំបាច់ដើម្បីបំពេញការងាររបស់ពួកគេ។

*២៖ កំណត់អាទិភាព និងនីតិវិធី
ការបង្កើតពិធីការ គោលការណ៍ណែនាំ និងដំណើរការស្តង់ដារ សម្រាប់ក្រុមគឺជាទំនួលខុសត្រូវចម្បងមួយរបស់ពួកគេ។ ដំណើរការទាំងនេះធានានូវភាពស៊ីសង្វាក់គ្នា និងប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងឧប្បតិ្តហេតុសន្តិសុខសាយប័រ។ ពួកគេកំណត់អាទិភាពក្នុងការឆ្លើយតប ដោយផ្អែកលើកម្រិតធ្ងន់ធ្ងរ ផលប៉ះពាល់ដែលអាចកើតមាន និងការបែងចែកធនធានដើម្បីដោះស្រាយបញ្ហាសំខាន់ៗ។ ការបង្កើតផែនការឆ្លើយតបជាមុន នឹងជួយកាត់បន្ថយពេលវេលាដោះស្រាយ និងផលប៉ះពាល់នៃការវាយប្រហារ។

*៣៖ ធានាការអនុលោម និងការកែលម្អជាប្រចាំ
អ្នកគ្រប់គ្រង SOC ធានាការអនុលោមតាមបទប្បញ្ញត្តិនានា និងស្តង់ដារឧស្សាហកម្មពាក់ព័ន្ធ។ ពួកគេក៏តាមដានការវិវឌ្ឍថ្មីៗក្នុងវិស័យសន្តិសុខសាយប័រ ដើម្បីឱ្យស្ថាប័នខ្លួន ដឹងនិងនាំមុខការគំរាមកំហែងថ្មីៗជានិច្ច។ លើសពីនេះទៀត ពួកគេដឹកនាំកម្មវិធីកែលម្អជាប្រចាំ ដោយពិនិត្យមើលឧប្បតិ្តហេតុដែលបានកើតឡើង និងអនុវត្តន៍មេរៀនដែលបានរៀន ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ SOC ទាំងមូល។

អ្នកគ្រប់គ្រងត្រូវមានគំនិតច្នៃប្រឌិត និងភាពប៉ិនប្រសប់ដើម្បីអាចធ្វើការសម្រេចចិត្តយ៉ាងរហ័ស និងមានប្រសិទ្ធភាពក្នុងពេលមានឧប្បតិ្តហេតុសន្តិសុខសាយប័រសំខាន់ៗ។ ក្នុងស្ថានភាពដែលមានសម្ពាធខ្ពស់ ការវិភាគព័ត៌មានយ៉ាងរហ័ស ការវាយតម្លៃហានិភ័យ និងការដាក់គោលការណ៍ត្រឹមត្រូវ គឺជាគុណសម្បត្តិសំខាន់ ដែលកំណត់ភាពជោគជ័យរបស់អ្នកគ្រប់គ្រង SOC។

ក្រៅពីនេះ ពួកគេក៏ទទួលខុសត្រូវក្នុងការអភិវឌ្ឍជំនាញរបស់ក្រុម SOC តាមរយៈការបណ្តុះបណ្តាល និងការបន្តអប់រំ ដើម្បីធានាថាក្រុមខ្លួននៅតែមានសមត្ថភាព និងត្រៀមខ្លួនជាស្រេចក្នុងការទប់ទល់នឹងបញ្ហាប្រឈមផ្នែកសន្តិសុខសាយប័រ៕

អានភាគ១៖ https://plus.freshnewsasia.com/knowledge/399960-2025-08-25-20-41-36