ចំណេះដឹងទូទៅ៖ មកស្គាល់ប្រាសាទភ្នំឈ្ងោក សាងសង់ពីឥដ្ឋ នាសតវត្សរ៍ទី៦ ដែលកម្ពុជាត្រៀមស្នើចុះបញ្ជី នៅអង្គការយូណេស្កូ

03-09-2025 20:29

(កំពត)៖ ស្ថានីយភ្នំឈ្ងោក គឺជាទីតាំងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងចងក្រងឯកសារ ដើម្បីចុះបញ្ជីជាសម្បត្តិបេតិភណ្ឌវប្បធម៌រូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ រូងភ្នំនេះពិសេសពិសាលខ្លាំងណាស់ ព្រោះមានទាំងប្រាសាទបុរាណ និងមានទាំងទីតាំងលាក់ខ្លួន ឬរស់នៅបែបបុរេប្រវត្តិផង។

ចំពោះពន្លកថ្មខ្ចីដុះចេញជារាងសត្វឥន្ទ្រីយ៍ ក្បាលគោ ព្រះព្រហ្មណ៍ ពស់ អណ្តើក និងរូបសត្វដទៃទៀត អាចវាយតម្លៃថាប្រើពេលរាប់ឆ្នាំ។ ចូលដល់រូងភ្នំឈ្ងោក​​ គេអាចគិតដល់រូងភ្នំ​ដ៏ល្បីនៅបារាំង Massabielle Grotto (Grotte de Massabielle)​​ និងរូងភ្នំនៅវៀតណាម​​ Hang Sơn Đoòng​​ ។

ហេតុអ្វីបានជាស្ថានីយភ្នំឈ្ងោកពិសេស?
បើតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទូ ភ្នំឈ្ងោកមានគុហា ឬរូងភ្នំកើតដោយធម្មជាតិ សរុប ១២១ គុហា ក្នុងនោះមានគុហាធំៗចំនួន៨ និងគុហាតូចៗចំនួន១១៣។ នៅលើកំពូលភ្នំមានរូងជាច្រើន ដែលភ្ញៀវទេសចរអាចដើរចូលសម្លឹងមើលផ្ទាំងថ្ម មានលំនាំដូចសត្វដំរី ឥន្ទ្រីយ៍ អណ្តើក ក្រពើ និងពស់ជាដើម។ វាមានទីតាំងស្ថិតនៅភូមិមានរិទ្ធ ឃុំត្រពាំងព្រីង ស្រុកកំពត ខេត្តកំពត ដែលមានចម្ងាយប្រមាណ១២គីឡូម៉ែត្រ ភាគខាងកើតទីរួមខេត្តកំពត។

ឯកសារដែលមន្ទីរវប្បធម៌និងវិចិត្រសិល្បៈផ្តល់ឲ្យបណ្តាញព័ត៌មាន Fresh News បានឲ្យដឹងថា ប្រាសាទភ្នំឈ្ងោក ធ្លាប់បានសិក្សាស្រាវជ្រាវដោយអ្នកសិក្សាខ្មែរ និងបរទេសជាច្រើនរូបមកហើយ ជាពិសេស គឺការសិក្សាដំបូងៗដោយអ្នកស្រាវជ្រាវជនជាតិបារាំង មានដូចជា លោក Etienne Aymonier លោក Lunet De Lajonquière លោក Henri Parmentier និងលោក Goerge Coedès ជាដើម។

ប្រាសាទភ្នំឈ្ងោក សាងសង់ឡើងអំពីឥដ្ឋនៅក្នុងរូងភ្នំថ្មកំបោរមួយ ជាបន្ទប់មានរាងបួនជ្រុងស្មើ និងផ្នែកខាងមុខមានយ៉លយចេញទៅទិសខាងលិច ហើយផ្នែកដំបូលធ្វើឡើងជាបីថ្នាក់តាមទម្រង់ប្រាសាទបែបដ្រាវិទ (Drãvida) នៃសិល្បៈឥណ្ឌាខាងត្បូង។ លក្ខណៈពិសេសមួយដែលគេអាចកត់សម្គាល់នោះគឺ ប្រាសាទនេះសង់គ្របពីលើលិង្គធម្មជាតិមួយ ដែលជាប្រភេទថ្មកំបោរ និងមានសង់ស្នានទ្រោនិមួយអំពីថ្មភក់សម្រាប់ជាទម្រសិវលិង្គ។

សព្វថ្ងៃ នៅលើទ្វារចូលប្រាសាទយើងឃើញនៅសល់បំណែកផ្តែរទ្វារធ្វើអំពីឥដ្ឋ ដែលចុងសងខាងមានចម្លាក់រូបសត្វមករបែរមុខចូលក្នុងខ្ជាក់ក្បាច់អង្កត់ធ្នូដែលមានរាងកោងក្នុងទម្រង់ស្រដៀងផ្តែរជាច្រើនដែលយើងឃើញនៅតំបន់ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង (ឧទាហរណ៍ ប្រាសាទបាដើម) និងស្រដៀងផ្តែរទ្វារនៅគុកព្រះធាតុ (ភ្នំហាន់ជ័យ) ខេត្តកំពង់ចាម។ ក្រៅពីនេះ នៅខាងលើផ្តែរទ្វារយើងឃើញមានហោជាងរាងដូចជើងក លម្អដោយក្បាច់ផ្សេងៗ ដែលយើងអាចចាត់បញ្ចូលបានថា ទំនងជាហោជាងប្រាសាទធ្វើអំពីឥដ្ឋដ៏ចំណាស់មួយក្នុងសិល្បៈខ្មែរដែលនៅមានរូបរាងល្អ។

នៅប្រាសាទភ្នំឈ្ងោក គេធ្លាប់រកឃើញសិលាចារឹកមួយចារឹកអក្សរពីរជ្រុង ដែលជ្រុងទីមួយមានចំនួន ១១បន្ទាត់ និងជ្រុងទីពីរមានចំនួន ១៣បន្ទាត់ ចុះបញ្ជីលេខ K.46 ចារឹកជាភាសាសំស្រ្កឹតនិងភាសាខ្មែរបុរាណ ប៉ុន្តែផ្នែកខាងភាសាសំស្រ្កឹតបានរលុបស្ទើរអស់ នាំឱ្យគេមិនអាចប្រែសេចក្តីបានឡើយ។ សិលាចារឹកនេះមិនបានផ្តល់កាលបរិច្ឆេទណាមួយឱ្យគេដឹងឡើយ ហើយអត្ថន័យជាទូទៅនៅក្នុងសេចក្តីជាភាសាខ្មែរបានរៀបរាប់អំពីតង្វាយរបស់ម្ចាស់ទាន ម្រតាញសិវ និងបោញជ្ញានកុមារ ថ្វាយដល់ព្រះអាទិទេពព្រះនាម «ព្រះកម្រតាងអញស្រីឧត្បន្នេស្វរ» (ព្រះនាមមួយរបស់ព្រះឥសូរ ដែលពាក្យ ឧត្បន្ន មានន័យថា “ដែលកើតឡើងហើយ”) មានដង្វាយដូចជា គោ ក្របី ស្រែ ស្លា ដូង កឱល និងក្ញុំបម្រើព្រះស្រីប្រុសជាច្រើននាក់ ហើយមានដាក់បណ្តាសាឱ្យធ្លាក់នរកចំពោះជនណាដែលបានលួចទ្រព្យទាំងនេះទៀតផង។ លោក Aymonier និងលោក Coedès យល់ស្របគ្នាថា សិលាចារឹកនេះទំនងចារឡើង នៅរវាងស.វ.ទី៧ នៃគ.ស.។

ក្នុងការកំណត់អាយុកាលរបស់ប្រាសាទនេះ គឺពិតជាមានភាពលំបាកបន្តិច ដោយសារអត្ថបទផ្នែកខាងលើរបស់សិលាចារឹកទាំងពីរជ្រុងជាភាសាសំស្រ្កឹតសុទ្ធតែរលុប ដែលធ្វើឱ្យយើងបាត់ភស្តុតាងសំខាន់។ ឥឡូវ យើងសាកល្បងយកព្រះនាមរបស់ទេពដែលគេថ្វាយដង្វាយនៅក្នុងសិលាចារឹកមកសិក្សា គឺទេពមានព្រះនាមថា «ព្រះកម្រតាងអញស្រីឧត្បន្នេស្វរ»។

ព្រះនាមនេះ គេធ្លាប់ឃើញមាននៅក្នុងសិលាចារឹកគុហាហ្លួង ខេត្តកំពត (K.44) សិលាចារឹកវត្តគិរីទសពិធ ខេត្តកំពង់ស្ពឺ សិលាចារឹកគងពិសី ខេត្តកំពង់ស្ពឺ (K.1298)។ ក្នុងនោះ សិលាចារឹកវត្តគិរីទសពិធ និងសិលាចារឹកគងពិសី ក៏មិនបានផ្តល់កាលបរិច្ឆេទដែរ ប៉ុន្តែបើមើលតាមអក្សរលោក កំ វណ្ណារ៉ា បានសន្និដ្ឋានថា ជាចារឹកស.វ.ទី៧ ដូចសិលាចារឹកប្រាសាទភ្នំឈ្ងោកដែរ។ ចំណែក សិលាចារឹកគុហាហ្លួង ខេត្តកំពត (K.44) មានចារឹកកាលបរិច្ឆេទនៃឆ្នាំចារឹកអក្សរ គឺមហាសករាជឆ្នាំ ៥៩៦ ត្រូវនឹងគ្រឹស្តសករាជឆ្នាំ៦៧៤ ដែលត្រូវនឹងរជ្ជកាលរបស់ព្រះបាទជ័យវម៌្មទី១ (គ.ស.៦៥៧-៦៨១)។ សេចក្តីជាទូទៅនៃសិលាចារឹកគុហាហ្លួង បានរៀបរាប់អំពីព្រះរាជបញ្ជារបស់ព្រះបាទជ័យវម៌្មទី១ សម្រាប់ការធ្វើតង្វាយថ្វាយដល់អាទិទេព «ព្រះកម្រតាងអញស្រីឧត្បន្នេស្វរ»។

ប៉ុន្តែ អ្វីដែលយើងគួរកត់សម្គាល់នោះគឺ នៅបន្ទាត់ទី១០ នៃជ្រុងទី១ មានរៀបរាប់ឱ្យដឹងថា អំណោយដែលគេថ្វាយដល់ប្រាសាទនេះមានតាំងពីជំនាន់ព្រះបាទរុទ្រវម៌្ម (គ.ស.៥១៥-៥៥០) ដែលគេច្រើនយល់ថាទ្រង់ជាព្រះមហាក្សត្រចុងក្រោយរបស់អាណាចក្រហ្វូណន។ ហេតុដូច្នេះ ប្រសិនបើមើលតាមទិន្នន័យសិលាចារឹកនេះហាក់ដូចជាចង់បញ្ជាក់ថា ទីសក្ការបូជាដែលនៅគុហាហ្លួងនោះ អាចមានអាយុកាលតាំងពីជំនាន់ព្រះបាទរុទ្រវម៌្ម មកក៏អាចថាបាន ឬគេអាចសាងបន្ថែមទៀតនៅសម័យក្រោយក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី១។

ទោះបីជាយ៉ាងណា តាមទិន្នន័យសិលាចារឹកភ្នំឈ្ងោកឯណោះវិញ យើងនៅតែពិបាកកំណត់ថា ប្រាសាទភ្នំឈ្ងោកសង់ឡើងនៅស.វ.ទីប៉ុន្មាន និងរជ្ជកាលស្តេចអង្គណាឱ្យបានប្រាកដណាស់។ ប្រសិនយើងផ្តល់ការសន្និដ្ឋានអាយុកាលប្រាសាទភ្នំឈ្ងោកប្រហាក់ប្រហែលគុហាហ្លួង ប្រាសាទភ្នំឈ្ងោកទំនងសាងសង់ឡើងនៅរវាងពាក់កណ្តាលស.វ.ទី៦ រវាងរជ្ជកាលព្រះបាទរុទ្រវម៌្ម។ ប៉ុន្តែបើយើងឱ្យអាយុកាលប្រហាក់ប្រហែលប្រាសាទគុកព្រះធាតុនៅភ្នំហាន់ជ័យ អាចមានអាយុកាលនៅចុងស.វ.ទី៦ ឬដើមស.វ.ទី៧ រវាងរជ្ជកាលព្រះបាទភវវរ្ម័នទី១ ហើយបើសិនជាឱ្យអាយុកាលប្រហាក់ប្រហែលក្រុមប្រាសាទនៅតំបន់ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ប្រាសាទភ្នំឈ្ងោកអាចទំនងសាងឡើងនៅចុងស.វ.ទី៦ ដើមស.វ.ទី៧ រវាងរជ្ជកាលព្រះបាទភវវម៌្មទី១ ឬព្រះបាទមហេន្រ្ទវម៌្ម។

ជារួមមក ប្រាសាទភ្នំឈ្ងោក គឺជាប្រាសាទមួយឧទ្ទិសដល់ព្រហ្មញ្ញសាសនា (ព្រះឥសូរ) ដែលគេចាត់ទុកថាជាសំណង់ក្នុងរូងភ្នំដែលចាស់ជាងគេនៅក្នុងសិល្បៈខ្មែរ (នៅមានរូបរាងល្អ)។ ចំពោះ អាយុកាលរបស់ប្រាសាទនេះ យើងពុំអាចផ្តល់អាយុកាលជាក់លាក់ណាមួយបានឡើយ តែយើងអាចសន្និដ្ឋានបានថា ប្រាសាទភ្នំឈ្ងោកទំនងសង់ឡើងនៅរវាងចន្លោះពាក់កណ្តាលស.វ.ទី៦ ដល់ដើមស.វ.ទី៧នៃគ.ស. ពោល គឺចាប់ពីរវាងចន្លោះរជ្ជកាលព្រះបាទរុទ្រវម៌្ម (គ.ស.៥១៥-៥៥០) ដល់រជ្ជកាលព្រះបាទមហេន្រ្ទវម៌្ម (៦០៦-៦១៦)។ ទោះជាយ៉ាងណាក្តី យើងជឿថាប្រាសាទនេះទំនងជាមានអាយុកាលមុនក្រុមប្រាសាទនៅតំបន់សំបូរព្រៃគុក ខេត្តកំពង់ធំ ដែលភាគច្រើនជាសំណង់ក្នុងរជ្ជកាលព្រះបាទឦសានវម៌្មទី១ (គ.ស.៦១៦-៦៣៧)៕