ចំណេះដឹងទូទៅ៖ ឈ្វេងយល់ចំណុចពិសេសៗអង្គការ SCO ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ទើបអញ្ជើញចូលរួមប្រជុំកំពូលនៅចិន

05-09-2025 20:43

(ភ្នំពេញ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization – SCO) ដែលមានការចូលរួមពីបណ្ដាមេដឹកនាំមកពី ២០ប្រទេស នៅក្នុងទីក្រុង Tianjin។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានមានវត្តមានក្នុងកិច្ចប្រជុំកំពូលដ៏ធំ ខណៈសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានបង្ហាញពីឆន្ទៈរបស់កម្ពុជា ចង់ទទួលបានឋានៈជាអ្នកសង្កេតការណ៍ និងសមាជិកពេញសិទ្ធិរបស់អង្គការ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០១ មួយនេះ។ SCO បានគ្របដណ្តប់លើសេដ្ឋកិច្ចប្រហែល២៣% ស្មើនឹង ២៣ទ្រីលានដុល្លារអាមេរិក (USD 23 trillion) នៃផលិតផលក្នុងស្រុកសរុប GDP សកល និង៤២% នៃចំនួនប្រជាជនពិភពលោក ដែលលាតសន្ធឹងនៅក្នុងអឺរ៉ាស៊ី។

ចំណុចពិសេសៗរបស់អង្គការនេះ រួមមាន៖

សមាជិក និងវិសាលភាព
*មានប្រទេសធំៗដូចជា ចិន និងរុស្ស៊ី ជាសមាជិកធំ
*អង្គការនេះមានសមាជិកពេញសិទ្ធិចំនួន១០ រួមមានចិន រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន តាហ្ស៉ីគីស្ថាន អ៊ូសបេគីស្ថាន ឥណ្ឌា ប៉ាគីស្ថាន អ៉ីរ៉ង់ និងបេឡារុស។

គោលបំណងសំខាន់
*ការរួមគ្នាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងអំពើប្រឆាំងរដ្ឋ
*បង្កើនសន្តិសុខនិងស្ថិរភាពក្នុងតំបន់
*ផ្សព្វផ្សាយការសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

វិស័យសន្តិសុខ
*មាន Regional Anti-Terrorist Structure (RATS) ដែលជាមជ្ឈមណ្ឌលកណ្ដាលក្នុងការប្រមូលព័ត៌មាន និងសម្របសម្រួលប្រឆាំងអំពើភេរវកម្ម
*ប្រៀបបីដូចជាវេទិកាសន្តិសុខមួយសម្រាប់ប្រទេសធំៗក្នុងតំបន់។

វិស័យសេដ្ឋកិច្ច និងសង្គម
*SCO កំពុងពង្រីកពីការចូលរួមផ្នែកសន្តិសុខ ទៅរកសេដ្ឋកិច្ច និងពាណិជ្ជកម្ម
*ព្យាយាមបង្កើតប្រព័ន្ធសហប្រតិបត្តិការ ដែលអាចប្រកួតប្រជែងជាមួយអង្គការផ្សេងៗក្នុងតំបន់។

លក្ខណៈពិសេសនយោបាយ
*SCO មិនមែនជាសម្ព័ន្ធយោធា ដូចជា NATO ទេ
*ផ្អែកលើគោលការណ៍ «ដួងព្រលឹងនៃសៀងហៃ Spirit of Shanghai» ដែលផ្តោតលើ ការគោរពឯករាជ្យរដ្ឋ, មិនពាក់ព័ន្ធនឹងកិច្ចការក្នុងប្រទេស, និងសហប្រតិបត្តិការជាមិត្តភាព។

តួនាទីអន្តរជាតិ
*ក្លាយជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសធំៗ ដើម្បីពិភាក្សាពីបញ្ហា នយោបាយ អន្តរជាតិ និងសេដ្ឋកិច្ច
*ជាឧបករណ៍សម្របសម្រួលកម្លាំងរបស់ប្រទេសក្នុងអាស៊ី ក្នុងការប្រឈមមុខនឹងឥទ្ធិពលអំពើមហាអំណាចផ្សេងៗ។

សូមជម្រាបថា តាមក្រុមអ្នកជំនាញ SCO ត្រូវបានបង្កើតឡើងដើម្បីប្រជែងនឹង សណ្ដាប់ធ្នាប់ពិភពលោកដឹកនាំដោយសហរដ្ឋអាមេរិក។ តាមពិតទៅ SCO បានលេចចេញជារូបរាងតាំងតែពីឆ្នាំ១៩៩៦ម្ល៉េះ ក្នុងនាមជាប្លុកសន្តិសុខមួយមានឈ្មោះថា «Shanghai Five» ដែលត្រូវបានបង្កើតឡើងដោយចិន រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៊ីស្ថាន និងតាហ្ស៉ីគីស្ថាន ដើម្បីផ្សះផ្សាជម្លោះព្រំដែនរបស់បណ្ដាប្រទេសទាំងនេះ បន្ទាប់ពីសង្រ្គាមត្រជាក់បិទបញ្ចប់ជាមួយការដួលរលំសហភាពសូវៀត។ រហូតដល់ខែមិថុនា ឆ្នាំ២០០១ ទើបអង្គការនេះបានប្ដូរឈ្មោះមកជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ថា SCO ដោយបន្ថែមអ៊ូសបេគីស្ថានជាសមាជិក និងមានទីស្នាក់ការក្នុងទីក្រុងប៉េកាំង។ នៅឆ្នាំ២០១៧ SCO បានបញ្ចូលសមាជិកបន្ថែមដូចជាឥណ្ឌា និងប៉ាគីស្ថាន។

អ៉ីរ៉ង់បានចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០២៣ និងបេឡារុសនៅឆ្នាំ២០២៤។ លើសពីនេះទៅទៀត SCO ក៏មានដៃគូសន្ទនាចំនួន១៤ ផងដែររួមមានអារ៉ាប៊សាអូឌីត អេហ្ស៉ីប តួកគីយ៉េ មីយ៉ាន់ម៉ា ស្រីលង្កា និងកម្ពុជា។ រដ្ឋជាសមាជិក SCO មានប្រជាជនសរុបស្មើនឹង ៤៣ភាគរយនៃប្រជាជនពិភពលោក និងតំណាង២៣ភាគរយ ឬជិតស្មើនឹង១ភាគ៤ នៃសេដ្ឋកិច្ចពិភពលោក៕