ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីអត្ថន័យចំនួននៃការអុជធូប

10-09-2025 20:04

(ភ្នំពេញ)៖ មានជំនឿថា ការអុជធូប ដែលមិនត្រឹមត្រូវតាមក្បួនតម្រា មិនសមប្រកប ទៅនឹងការប្រើប្រាស ត្រូវបានចាត់ទុកថា ជាការអុជធូបដែលមិនផ្សារភ្ចាប់ទៅនឹងមជ្ឈដ្ឋានធម្មជាតិនៃញាណ។ ការអុជធូប​នៅក្នុងជំនឿខ្មែរបុរាណ តែងតែប្រើប្រាសនូវការអុជធូបជាចំនួនសេស ដែលគិតចាប់ពី​ចំនួន ១,​​ ៣, ៥, ៧, ៩, ១១ និង២១។

ចំនួន​អុជ​ធូប មានន័យដូចតទៅ៖

*ចំនួន ១សសៃធូប៖ តំណាងឱ្យដួងវិញាណ ដែលវិលវល់នៅជុំវិញមជ្ឈដ្ឋានរបស់យើង ការអុជប្រកាសប្រាប់ទៅកាន់ដួងវិញាណ ដែលនូវវិលវល់រកទីមិនឃើញ។ ឧទាហរណ៍​ ការអុជសែនដង្វាយទៅកាន់ព្រលឹងខ្មោច ការអុជសែនបញ្ជៀសពែដើម្បីរំដោះគ្រោះថ្នាក់ផ្សេងៗ ។

*ចំនួន ៣សសៃធូប៖ តំណាងឱ្យឋានទាំង៣ ឋានលើ, ឋានកណ្ដាល និងឋាននរក។ ការផ្សារភ្ជាប់ឋានទាំង៣ ទៅនឹងសាច់ញាតិប្រាំពីរសណ្ដាន ឪពុកម្ដាយ និង ជីដូនជីតា ដែលកំណត់យកផើងដោតធូបចំនួន៤ ស្មើ ១២សសៃ តំណាងខែទាំង១២ ដែលជាទំនាក់ទំនងនៃវិញាណសាច់ញាតិ អុជចំពោះសាច់ញាតិដែលស្គាល់គ្នា។

*ចំនួន ៥សសៃធូប៖ តំណាងឱ្យការផ្សារភ្ជាប់ញាណទាំង៥ របស់មនុស្ស ទៅនឹងមជ្ឈដ្ឋាននៃញាណអាថ៌កំបាំងដែលមិនអាចមើលឃើញដោយភ្នែកទទេបាន ដូចជា ទេវតាថ្នាក់ទាប ជំនាងផ្ទះ ព្រះភូមិ ម្រេញ​គង្វាល អរ័ក្សអ្នកតា ជាដើម ល-។​ ក្នុងលទ្ធិថេរវាទនៃពុទ្ធសាសនាត្រូវបានតំណាងឱ្យព្រះពុទ្ធទាំង ៥ ព្រះអង្គផងដែរ។​

*ចំនួន ៧សសៃធូប៖ តំណាងឱ្យការផ្សារភ្ជាប់ញាណទាំង៦ របស់មនុស្ស​ ទៅបូកនឹងញាណទស្សន៍បារមី១ទៀត បានជាញាណនៃការដឹងមុន ដឹងនូវព្រឹត្តិការណ៍មិនល្អអ្វីមួយដែលនឹងអាចកើតឡើងចំពោះពួកគេ ក្នុងពេលឆាប់ៗខាងមុខនេះ។ ឧទាហរណ៍​ ឪពុកម្ដាយស្លាប់ហើយ រួចបានធ្វើអាសនៈលើកគាត់ជាគ្រូ ត្រូវអុជ ៧សសៃធូប តំណាងឱ្យគុណឪពុក គុណម្ដាយ ដែលអញ្ជើញ​ពួកគាត់មកជាកិច្ចការពារចំពោះកូនចៅ ទាំង៧ថ្ងៃ។​

*ចំនួន ៩សសៃធូប៖ តំណាងឱ្យការឧទ្ទិសចំពោះទស្សន៍បារមី ដែលមានអាសនៈបាយសីថ្នាក់៩ ដែលជាបារមីខ្លាំងពូកែ អាចប្រមើរមើលឃើញ នៅកាលពេលវេលាខាងមុខ បានឆ្ងាយដូចទៅនឹងដួងផ្កាយទាំង ៩ដួង នៅក្នុងប្រព័ន្ធព្រះអាទិត្យ។​ ឧទាហរណ៍​ ការអុជធូប​ចំពោះតែទេវៈ អាទិទេព ដែលមានបារមីខ្លាំងពូកែ លើកអាសនៈជាថ្នាក់៩ ថ្នាក់កម្រិត ធំ មានទំនាក់ទំនងញាណទៅនឹងការស្នងរូបនៃបុគ្គល។

*ចំនួន ១១សសៃធូប៖ តំណាងឱ្យការផ្សារភ្ជាប់ញាណ (ព្រលឹង) តូចធំទាំង១០ របស់មនុស្សទៅបូកនឹងព្រលឹងវិញាណខាងក្រៅ១ មិនថា ជាវិញាណទេវតា អារក្សអ្នកតា ឬ ជាវិញាណខ្មោចព្រាយបិសាចជាដើម ដែលត្រូវបានអុជអន្ទងហៅ ដើម្បីមកស្ថិតក្នុងខ្លួនរបស់ពួកគេ។

*ចំនួន ២១សសៃធូប៖ តំណាងឱ្យការឧទ្ទិសសំបូងរូងទៅកាន់ច្រកទ្វាទេវតា ទាំង២១ច្រក ឱ្យទទួលបានជាក់ច្បាស់អំពីការបន់ស្រន់អ្វីមួយ ឬ កិច្ចប្ដឹងប្ដល់អ្វីមួយដែលមិនសុខចិត្ត និងសុំឱ្យពពួកបារមី ឬ ទេវតាជួយ។​

ក្រៅពីការរៀបរាប់ខាងលើនេះ រាល់ជនទាំងឡាយណាដែលអុជធូបផ្ទុយពីអត្ថន័យនៃការតំណាលនេះមិនត្រូវបានចាត់ចូលជាជំនឿនៃការអុជធូបបន់ស្រន់តាមបែបខ្មែរនោះទេ៕

ឯកសារយោង៖

១៖ Heinrich-Böll-Stiftung (2005) 7th Socio-Cultural Research Congress on Cambodia, 15-17 November 2004, Publisher: Royal University of Phnom Penh (RUPP) Original from University of California, Berkeley. p.1035

២៖ Franklin E. Huffman, Im Proum (1988) Cambodian Literary Reader and Glossary, Publisher: SEAP Publications p.494