ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីគោលបំណងសំខាន់ៗ សន្ធិសញ្ញាស្តីពីតំបន់អាស៉ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ

19-09-2025 21:27

(ភ្នំពេញ)៖ សន្ធិសញ្ញាស្តីពីតំបន់អាស៉ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (Treaty on the Southeast Asia Nuclear Weapon-Free Zone – SEANWFZ Treaty) គឺជាសន្ធិសញ្ញាដែលបានចុះហត្ថលេខាដោយបណ្តាប្រទេសអាស៊ាន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៥ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ។

ព្រះរាជាណាចក្រកម្ពុជា បានក្លាយជារដ្ឋភាគីនៃសន្ធិសញ្ញានេះ តាមរយៈការផ្តល់សច្ចាប័ន ដោយព្រះរាជក្រម ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៩៧។

គោលបំណងសំខាន់ៗរបស់សន្ធិសញ្ញានេះរួមមាន៖

*បង្កើតតំបន់អាស៊ីអាគ្នេយ៍ឲ្យគ្មានអាវុធនុយក្លេអ៊ែរ
*រេរាំងប្រទេសសមាជិកអាស៊ានមិនឲ្យផលិត, ទិញ, ផ្ទុក ឬ សាកល្បងអាវុធនុយក្លេអ៊ែរ
*ផ្តល់ភាព សន្តិភាព និងសុវត្ថិភាពប្រកបដោយចីរភាព ក្នុងតំបន់
*ជួយជំរុញឲ្យមានការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិភាព (ឧ. ការផលិតថាមពលអគ្គិសនី, ការព្យាបាលជំងឺ)។

សារៈសំខាន់សន្ធិសញ្ញាស្តីពីតំបន់អាស៉ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ រួមមាន៖

*បង្ហាញពីក្តីស្រមៃរួមរបស់អាស៊ាន ក្នុងការការពារតំបន់ពីគ្រោះថ្នាក់អាវុធនុយក្លេអ៊ែរ
*ជួយបង្កើនទំនុកចិត្ត និងសន្តិភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍
*ជាផ្នែកមួយនៃចលនាពិភពលោកសម្រាប់ការកាត់បន្ថយ និងបំបាត់អាវុធនុយក្លេអ៊ែរ។

សរុបមកសន្ធិសញ្ញានេះ គឺជាការប្តេជ្ញារបស់អាស៊ាន ក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ឲ្យសុវត្ថិភាព ពីអាវុធនុយក្លេអ៊ែរ និងប្រើប្រាស់វិទ្យាសាស្ត្រនុយក្លេអ៊ែរ សម្រាប់គោលបំណងសន្តិភាព។

សូមជម្រាបថា ដើម្បីបំពេញនីតិវិធីក្នុងដំណើរការរៀបចំឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលនឹងក្លាយជាសមាជិកពេញសិទ្ធិទី១១ របស់អាស៊ាន នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ និងការចូលជារដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីតំបន់អាស៉ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរជាផ្លូវការ រដ្ឋភាគី ប្រទេសសមាជិកអាស៊ានទាំង១០ បានអនុម័តកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញានេះ នៅក្នុងកិច្ចប្រជុំគណៈកម្មការសន្ធិសញ្ញាស្តីពីតំបន់អាស៊ានគ្មានអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីធ្វើវិសោធនកម្ម មាត្រា១ (ក) នៃសន្ធិសញ្ញានេះ។

ដូច្នេះដើម្បីអនុញ្ញាតឱ្យសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជារដ្ឋភាគីនៃសន្ធិសញ្ញានេះបានតាមកាលកំណត់ រដ្ឋភាគីបានឯកភាពដាក់តម្កល់លិខិតុបករណ៍នៃការយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមនេះ ជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ដែលជារដ្ឋតម្កល់ឯកសារ នៅត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យកិច្ចព្រមព្រៀងបន្ថែមនេះ ចូលជាធរមាននៅ ៣០ថ្ងៃក្រោយនៃការតម្កល់លិខិតុបករណ៍ទី៧ នៃការយល់ព្រមរបស់រដ្ឋភាគីនៃសន្ធិសញ្ញា គឺត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕