ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីក្រុមប្រឹក្សាធម្មនុញ្ញ
24-09-2025 20:00
(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និង សម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៨។
សមាសភាពនៃក្រុមប្រឹក្សាធម្មនុញ្ញមានប្រធាន ១ រូប និងសមាជិកចំនួន ៨រូប។ ប្រធានត្រូវបានជ្រើសតាំងតាមការបោះឆ្នោត ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមមតិភាគច្រើនដាច់ខាត រៀងរាល់បីឆ្នាំម្តង ក្រោយពីសមាជិកថ្មី ៣រូបចូលកាន់តំណែង។ ប្រធានមានឋានៈ និងបុព្វសិទ្ធិស្មើនឹងប្រធានរដ្ឋសភា។ សមាជិកមានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា។ ជាធម្មតាអាណត្ដិរបស់សមាជិកគឺ ៩ ឆ្នាំ ប៉ុន្ដែសមាជិកចំនួន ៣រូប ត្រូវបានជ្រើសតាំង ឬតែងតាំងរាល់បីឆ្នាំម្ដង។ ក្នុងអាណត្ដិទី១ ត្រូវបានតែងតាំង ឬជ្រើសតាំងសមាជិក ៣រូបសម្រាប់បីឆ្នាំ ៣រូប សម្រាប់ប្រាំមួយឆ្នាំ និង ៣រូប សម្រាប់ប្រាំបួនឆ្នាំ។ សមាជិក ៣រូបតែងតាំងដោយព្រះមហាក្សត្រផ្ទាល់ ៣រូប ជ្រើសតាំងដោយរដ្ឋសភា និង ៣រូបទៀត តែងតាំងដោយឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ សមាជិកទាំងអស់ត្រូវបានតែងតាំង ឬ ជ្រើសតាំងពីចំណោមឥស្សរជន ដែលមានសញ្ជាតិខ្មែរពីកំណើត មានអាយុយ៉ាងតិច ៤៥ឆ្នាំ មានបទពិសោធន៍ការងារយ៉ាងតិច ១៥ឆ្នាំ និង មានសញ្ញាបត្រឧត្ដមសិក្សាឡើងទៅ ក្នុងវិស័យច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច។
ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចយកបញ្ហាណាមួយមកពិនិត្យដោយខ្លួនឯងបានឡើយ។ មានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភាមួយភាគបួន និងតំណាងរាស្ដ្រមួយភាគដប់ ឬតុលាការប៉ុណ្ណោះ ដែលអាចសុំទៅក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាន។ ប្រជារាស្ដ្រ និងគណបក្សនយោបាយអាចលើកសំណើ ឬ ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបានតាមលក្ខខណ្ឌ ដែលមានចែងខាងក្រោយ។
ព្រះមហាក្សត្រ និង ក្រុមប្រឹក្សាធម្មនុញ្ញ
ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះសេចក្ដីស្នើទាំងឡាយដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។
ការផ្ដើមគំនិតសើរើ ឬការផ្ដើមគំនិតធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ដ្រី និងរបស់ប្រធានរដ្ឋសភាតាមសេចក្ដីស្នើរបស់តំណាងរាស្ដ្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ក្រុមប្រឹក្សាធម្មនុញ្ញ និង ប្រជារាស្ដ្រ
ប្រជារាស្ដ្រអាចលើកឡើងប្ដឹងទៅតុលាការអំពីបញ្ហាអធម្មនុញ្ញភាពនៃច្បាប់ ឬ សេចក្ដីសម្រេចរបស់ស្ថាប័ននានារបស់រដ្ឋ ដែលគេអះអាងថាប៉ះពាល់ដល់សិទ្ធិសេរីភាពជាសារវន្តរបស់គេតាមរយៈរឿងក្តីរបស់ខ្លួននៅតុលាការ។ តុលាការថ្នាក់ក្រោមបញ្ជូនពាក្យបណ្ដឹងខាងលើនេះទៅតុលាការកំពូល។ តុលាការកំពូលជាអ្នកបញ្ជូនបណ្ដឹងនោះបន្ដមកក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជាតុលាការកំពូល យល់ឃើញថាសមហេតុសមផល។ បញ្ហាដែលកើត ឡើងនោះ ជាបញ្ហាបន្ទាន់បង្ខំដែលតុលាការទទួលបន្ទុកជំនុំជម្រះត្រូវផ្អាកសិន ដោយរង់ចាំចម្លើយរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាមុន។
ក្នុងករណីគ្មានរឿងក្ដីក៏ដោយ ប្រជារាស្ដ្រមានសិទ្ធិប្ដឹងសុំឱ្យពិនិត្យធម្មនុញ្ញភាពនៃច្បាប់ណាដែលប្រកាសឱ្យប្រើហើយ។ ប្រជារាស្ដ្រត្រូវប្ដឹងតាមរយៈប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន ឬតំណាងរាស្ដ្រចំនួនមួយភាគដប់។
ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និង សម្រេចជូន ប្រជារាស្ដ្រអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និង សមាជិកព្រឹទ្ធសភាក្នុងករណីដែលប្រជារាស្ដ្រមិនសុខចិត្ដនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ក្រុមប្រឹក្សាធម្មនុញ្ញ និង គណបក្សនយោបាយ
ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ និង សម្រេចជូនគណបក្សនយោបាយតាមបណ្តឹងផ្ទាល់ (បណ្តឹងនេះធ្វើបានតែក្នុងរយៈពេល ៧២ម៉ោង យ៉ាងយូរបន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន) ឬតាមបណ្តឹងឧទ្ធរណ៍មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ក្នុងការដោះស្រាយវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការដោះស្រាយបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់នឹងបញ្ជីដំបូងនៃការចុះឈ្មោះបោះឆ្នោត និង ការដោះស្រាយបណ្តឹងក្នុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញបំពេញតួនាទីដូចតុលាការ។
ក្រុមប្រឹក្សាធម្មនុញ្ញ និង បកស្រាយ/ការពិនិត្យធម្មនុញ្ញភាព
ក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យធម្មនុញ្ញភាពតាមសំណើពីព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន តំណាងរាស្ដ្រមួយភាគដប់ ឬតុលាការ។
ក្រុមប្រឹក្សាធម្មនុញ្ញអាចពិនិត្យជាអាទិកាល(១) ឬបច្ឆាកាល(២) នូវធម្មនុញ្ញភាពនៃច្បាប់ក្នុងលក្ខខណ្ឌខាងលើនេះ លើកលែងតែច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និង វិសោធនកម្មច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងទាំងនោះ ដែលត្រូវតែពិនិត្យមុននឹង ប្រកាសឱ្យប្រើ ឬ មុននឹងដាក់ឲ្យអនុវត្ដ៕