ចំណេះដឹងទូទៅ៖ ប្រាសាទភ្នំពណ្ណរាយ ជាប្រាសាទបែរមុខទៅទិសខាងលិច ដូចប្រាសាទអង្គរវត្ត
29-09-2025 21:35
(ភ្នំពេញ)៖ ប្រាសាទភ្នំពណ្ណរាយ ស្ថិតក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កសាងនៅលើភ្នំឈ្មោះ «ពណ្ណរាយ»។ ភ្នំពណ្ណរាយមានកម្ពស់ ៥០ម៉ែត្រ សន្តូកលើវាលទំនាបរហូតដល់ទន្លេសាប ហើយស្ថិតនៅចុងខាងជើងជួរភ្នំទូកមាសដែលជា ភ្នំធំមួយក្នុងស្រុកកំពង់លែង។

លោក អោក ហៃ ជាឆ្មាំប្រាសាទ ប្រចាំស្រុកកំពង់លែង ប្រាប់ឲ្យដឹងថា ឈ្មោះប្រាសាទភ្នំពណ្ណរាយមកពីប្រាសាទនេះធ្លាប់មានបដិមាព្រះវិស្ណុ។ រីឯលោក Etienne Aymonier (ជាអ្នកស្រាវជ្រាវជនជាតិបារាំង) សរសេរថា អ្នកស្រុកខ្លះហៅ «ប្រាសាទពណ្ណរាយ» មកពីពាក្យ «ល្អប្រពៃ, ដែលភ្លឺត្រចះ» ចំណែកអ្នកស្រុកខ្លះហៅ «ប្រាសាទព្រះនរាយណ៍» ដោយសារជាប្រាសាទរបស់ព្រះវិស្ណុ។
លោកបណ្ឌិត ផុន កសិកា អ្នកស្រាវជ្រាវមួយរូប បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ជាប្រាសាទមានតួ២ សង់ពីឥដ្ឋ មានថ្មភក់ជាគ្រឿងបង្គំប្រាសាទ។ ក៏ប៉ុន្តែ នៅឆ្នាំ១៩០០ និង១៩០២ ក្នុងពេលដែលលោក Etienne Aymonier និង លោក Lunet de Lajonquière មកសិក្សាស្រាវជ្រាវចុះបញ្ជីសារពើភណ្ឌប្រាសាទ តួប្រាសាទភ្នំពណ្ណរាយមានចំនួន ៣ ស្របតាមអក្សជើង-ត្បូង។
ទោះយ៉ាងណាក៏ដោយ លោក Lunet de Lajonquière សរសេរបន្ថែមទៀតថា តួប្រាសាទខាងជើង (បច្ចុប្បន្នលែងឃើញរូបរាងហើយនោះ) ស្ថិតក្នុងភាពបាក់បែករិចរិលខ្លាំង។ តួប្រាសាទ សង់ស្ទើជាប់ៗគ្នា ដោយចន្លោះពីតួប្រាសាទមួយទៅតួប្រាសាទមួយទៀតប្រវែង តែ ៩០សង់ទីម៉ែត្រប៉ុណ្ណោះ។ តួប្រាសាទកណ្ដាលមានទំហំខាងក្នុងធំជាងគេ ប្រវែង ៤,៥ម៉ែត្រ រីឯតួកណ្តាលពីរទៀតមានទំហំខាងក្នុងប្រវែងតែ ៣,៥ម៉ែត្រ។ មានផ្តែរនៅពីមុខប្រាសាទដែលក្បាច់នោះជារចនាបថប្រែរូប។ ដូច្នេះ ប្រាសាទប្រហែលកសាងនៅក្នុងសតវត្សរ៍ទី១០។ ចំណុចពិសេសមួយគឺ ប្រាសាទនេះបែរមុខទៅទិសខាងលិច (២៥៥ ដឺក្រេ) ខុសពីប្រាសាទដទៃ ក្នុងស្រុកកំពង់លែង ហើយក៏ខុសប្លែកពីប្រាសាទជាច្រើនក្នុងប្រទេសកម្ពុជាដែរ។
លោក Lunet de Lajonquière យល់ថា ការបែរមុខទៅទិសខាងជើងនៃប្រាសាទភ្នំពណ្ណរាយ មកពីហេតុផលបែទៅរកបឹងទន្លេសាប។ ចំណែកលោក Etienne Aymonier ក៏សន្និដ្ឋានដែរថា ដោយសារទេសភាពនៅភាគខាងលិចភ្នំពណ្ណរាយមាន សម្រស់ព្រៃឈើ និងទំនាបលិចទឹកដាច់កន្ទុយភ្នែករហូតដល់បឹងទន្លេសាប ទើបគេសង់ប្រាសាទលើភ្នំពណ្ណរាយបែរមុខទៅទិសខាងលិច។ ករណីប្រាសាទបែរមុខទៅទិសខាងលិច គឺជាបញ្ហាមួយដែលមានការពិភាក្សគ្នាច្រើនរវាងអ្នកស្រាវជ្រាវប្រវត្តិ សិល្បៈទាំងអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ ព្រោះមានប្រាសាទខ្លះក្នុងប្រទេសកម្ពុជា សង់បែរមុខទៅទិសខាងលិច ដូចជាប្រាសាទ អង្គរវត្តជាដើម។
មានវត្ថុបុរាណមួយចំនួន ត្រូវបានគេរៀបចំទុកដាក់មួយបណ្ដុំចំពីមុខប្រាសាទ គឺនៅទិសខាងលិច។ លោក Lunet de Lajonquière ក៏រៀបរាប់ដែរថា នៅមានសំណល់បដិមាទេពមួយ មានដៃ៦ ប៉ុន្តែលោកសង្ស័យថា ជាបដិមាមានដៃ៨ ដូចដែលអ្នកស្រុកប្រាប់ថា នៅប្រាសាទភ្នំពណ្ណរាយមានបដិមាព្រះនរាយណ៍មួយ ប៉ុន្តែត្រូវបាត់បង់ទៅហើយ។ តាមការសិក្សាស្រាវជ្រាវនៅឆ្នាំ២០២២ ប្រាសាទភ្នំពណ្ណរាយនៅរក្សាកម្ពស់៖ ចំពោះប្រាង្គខាងជើងមានកម្ពស់ ៧,១៩ ម៉ែត្រ ចំណែកតួខាងត្បូងមានកម្ពស់ ៧,៣៥ ម៉ែត្រ។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥កើត ខែផល្គុន អ្នកស្រុកភូមិឯលិច ឃុំច្រណូក តែងប្រារព្ធធ្វើបុណ្យឡើងនៅលើភ្នំពណ្ណរាយ រយៈ៥យប់ ៥ថ្ងៃ ដោយមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ ដើម្បីបួងសួងសុំពរជ័យសេចក្តីសុខចម្រើនដល់អ្នកភូមិនៅទីនោះ។ ពិធីបុណ្យនេះ អ្នកស្រុកកំពង់លែង ហៅថា «បុណ្យកម្សាន្តថ្វាយភ្នំពណ្ណរាយ»។
ប្រាសាទនេះ មានព្រៃដុះនៅបរិវេណប្រាសាទ ដូចមិនសូវមានមនុស្សថែរក្សា។ ផ្លូវទៅប្រាសាទទៀតសោត (ផ្លូវនៅស្រុកកំពង់លែង) ពិបាកធ្វើដំណើរណាស់៕