ចំណេះដឹងទូទៅ៖ តើត្រូវធ្វើយ៉ាងណា ដើម្បីអាចក្លាយជាសារការី?

06-10-2025 19:34

(ភ្នំពេញ)៖ សារការី គឺជាអ្នកទទួលបានសិទ្ធិ និងសម្បទាផ្លូវច្បាប់ក្នុងការបំពេញសេវាកម្មផ្នែកសារការី ដែលតម្រូវឲ្យមានតាមបញ្ញត្តិច្បាប់ ឬក្នុងករណីគូភាគីចង់បានសេវាកម្មផ្នែកសារការី។

តើត្រូវធ្វើយ៉ាងណា ដើម្បីអាចក្លាយជាសារការី?

ក៖ លក្ខខណ្ឌ

*១៖ ត្រូវមានសញ្ជាតិខ្មែរពីកំណើត
*២៖ ត្រូវមានអាយុ ៣៥ឆ្នាំ យ៉ាងច្រើន ចំពោះបេក្ខជនជា និស្សិត និងមានអាយុ ៤០ឆ្នាំ យ៉ាងច្រើន ចំពោះ បេក្ខជនជាមន្ត្រីរាជការ គិតមកដល់ថ្ងៃប្រឡង
*៣៖ ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រច្បាប់ឡើងទៅ
*៤៖ មិនដែលមានទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋ
*៥៖ ត្រូវមានកាយសម្បទាគ្រប់គ្រាន់អាចបំពេញការងារបាន។

ខ៖ ឯកសារតម្រូវ

*១៖ ប្រវត្តិរូបសង្ខេបមានបិទរូបថតទំហំ ៤x ៦ ចំនួន ១ច្បាប់
*២៖ រូបថតបច្ចុប្បន្នទំហំ ៤x ៦ ចំនួន ៣សន្លឹក
*៣៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (មានការបញ្ជាក់ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម) ចំនួន ១ច្បាប់
*៤៖ បរិញ្ញាបត្រច្បាប់ (មានការបញ្ជាក់ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម) ចំនួន ១ច្បាប់
*៥៖ សលាកបត្រឯកត្តជន (មានបិទរូបថតទំហំ៤x៦) ចំនួន ៣ច្បាប់
*៦៖ បង្កាន់ដៃទទួលពាក្យប្រឡងប្រជែង (មានបិទរូបថតទំហំ៤x៦) ចំនួន ១ច្បាប់
*៧៖ លិខិតបញ្ជាក់ពីក្រសួងសាមី ចំពោះមន្ត្រីរាជការ ចំនួន ១ច្បាប់
*៨៖ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ចំនួន ១ច្បាប់
*៩៖ ព្រឹត្តិបត្រថ្កោលទោសចេញដោយក្រសួងយុត្តិធម៌ (នៅសុពលភាព ពេលដាក់ពាក្យ) ចំនួន ១ច្បាប់
*១០៖ វិញ្ញាបនបត្រពិនិត្យកាយសម្បទាចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (ពេលដាក់ពាក្យចំនួន ១ច្បាប់)។

គ៖ មុខវិជ្ជាប្រឡង

ដំណាក់កាលទី១ - វិញ្ញាសាសរសេរ

*១៖ នីតិអចលនទ្រព្យ រយៈពេល ២ម៉ោង មេគុណ ១
*២៖ នីតិពាណិជ្ជកម្ម និងនីតិក្រុមហ៊ុន រយៈពេល ២ម៉ោង មេគុណ ១
*៣៖ នីតិកាតព្វកិច្ច និងកិច្ចសន្យា រយៈពេល ៣ម៉ោង មេគុណ ២
*៤៖ នីតិគ្រួសារ រយៈពេល ២ម៉ោង មេគុណ ១។

ដំណាក់កាលទី២ - វិញ្ញាសាសួរផ្ទាល់មាត់

*១៖ វិញ្ញាសាជ្រើសរើស ១. នីតិអចលនទ្រព្យ ២. នីតិពាណិជ្ជកម្ម និង នីតិក្រុមហ៊ុន ៣. នីតិគ្រួសារ រយៈពេល ៣០នាទី សម្រាប់ឆ្លើយនឹងសំណួររបស់គណៈមេប្រយោគ។ គណៈមេប្រយោគ អាចសួរសំណួរបន្ថែមទៅបេក្ខជនលើមុខវិជ្ជា ២ផ្សេងទៀត។

*២៖ វិញ្ញាសាលើកទឹកចិត្ត (Bonus) ភាសាបារាំង រយៈពេល ១៥នាទី បេក្ខជន ដែលស្ម័គ្រចិត្តជ្រើសយកភាសាបារាំងសម្រាប់ធ្វើការប្រឡងប្រជែងនឹងទទួលបានពិន្ទុបន្ថែមដូចខាងក្រោម៖

-ពិន្ទុ ០ ដល់ ៤៩ = បន្ថែម ០ ពិន្ទុ
-ពិន្ទុ ៥០ ដល់ ៧៥ = បន្ថែម ១ ពិន្ទុ
-ពិន្ទុ ៧៦ ដល់ ១០០ = បន្ថែម ២ ពិន្ទុ៕

អត្ថបទគួរអាន៖
*១៖ ឈ្វេងយល់ពីលក្ខខណ្ឌ ដើម្បីអាចក្លាយជាសិស្សចៅក្រម និងព្រះរាជអាជ្ញា
*២៖ តើធ្វើយ៉ាងណាទើបអាចក្លាយជាក្រឡាបញ្ជី?