ចំណេះដឹងទូទៅ៖ ពីក្រុមមនុស្សរស់នៅលើវាលខ្សាច់ ក្លាយជាមហាសេដ្ឋី, មកស្គាល់សហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម

10-10-2025 20:00

(ភ្នំពេញ)៖ សហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម (UAE) គឺជារដ្ឋសហព័ន្ធដែលត្រូវបានបង្កើតឡើងដោយរដ្ឋចំនួន៧ និងមានរដ្ឋធានីឈ្មោះថា Abu Dhabi។ នេះជាប្រទេសមហាសេដ្ឋី ដែលស្ថិតនៅអាស៊ីខាងលិច មានទីតាំងនៅចុងខាងកើតនៃឧបទ្វីបអារ៉ាប់ ដែលប្រកាន់របបរាជានិយមពាក់កណ្តាលរដ្ឋធម្មនុញ្ញសហព័ន្ធ ដោយរដ្ឋនីមួយៗសុទ្ធតែមានស្តេចគ្រប់គ្រង។ UAE មានព្រំប្រទល់ដីជាមួយប្រទេសអូម៉ង់នៅភាគខាងកើតនិងឦសាន និងជាមួយប្រទេសអារ៉ាប៊ីសាអូឌីតនៅភាគនិរតី ក៏ដូចជាព្រំដែនសមុទ្រនៅឈូងសមុទ្រពែរ្សជាប់ប្រទេសកាតា និងប្រទេសអ៉ីរ៉ង់ និងជាប់ជាមួយប្រទេសអូម៉ង់នៅឈូងសមុទ្រអូម៉ង់។

ក្រៅពីមានប្រេង ដែលត្រូវបានរកឃើញនៅឆ្នាំ១៩៥០ ឥលូវនេះ UAE កំពុងក្លាយជាប្រទេសដែលរីកចម្រើនខ្លាំងលើវិស័យអវកាស។ ប្រទេសមហាសេដ្ឋីមួយនេះ បានដាក់បញ្ចូលភាសាអង់គ្លេសទៅក្នុងប្រព័ន្ធអប់រំ ដើម្បីសមាហរណកម្មពិភពលោក ព្រមទាំងបញ្ញាសិប្បនិម្មិត (Ai) ដើម្បីអ្នកជំនាន់ក្រោយនៃប្រទេសនេះមានធនធានមនុស្សជឿនលឿនលឿន។ រឿងគួរឲ្យចាប់អារម្មណ៍ដែរនោះ ភាសាចិនក៏នឹងត្រូវដាក់បញ្ចូលក្នុងវិស័យអប់រំ ដើម្បីវិស័យពាណិជ្ជកម្មជាមួយចិន។ វាជាប្រទេសដំបូងបំផុត ដែលភ្ជាប់ជើងហោះហើរពីទីក្រុងអាប៊ូដាប៊ី មករាជធានីភ្នំពេញ ក្នុងផ្លូវឆ្ងាយនិងត្រង់មិនឈប់ ពីមជ្ឈិមបូព៌ាមកកម្ពុជា ពោលគឺមិនចុះចតនៅប្រទេសកណ្តាល ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដោយក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways។

ចំនួនប្រជាជន និងទំហំរដ្ឋទាំង៧ របស់សហព័ន្ធអេមីរ៉ាត់អារ៉ាប់រួម៖

*១៖ Abu Dhabi

ផ្ទៃដីធំជាងគេ ប្រហែល ៦៧,៣៤០ គីឡូម៉ែត្រការ៉េ (ប្រហែល ៨៧% នៃផ្ទៃដីសរុបរបស់ UAE)។ នេះជារដ្ឋ ដែលមានរដ្ឋធានីសហព័ន្ធ មានប្រជាជនប្រហែល ៣,៧៨៩,៨៦០នាក់ និងមានមេដឹកនាំមានព្រះនាមថា Sheikh Mohamed bin Zayed Al Nahyan ដែលទ្រង់ក៏ជាប្រធានាធិបតីនៃរដ្ឋសហព័ន្ធផងដែរ។ Abu Dhabi ជារដ្ឋដែលមានដីដ៏ធំជាងគេ និងធនធានប្រេងយ៉ាងច្រើន។

*២៖ Dubai

ផ្ទៃដីប្រហែល ៤,១១៤ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែ នេះគឺជាទីក្រុងសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំរបស់រដ្ឋសហព័ន្ធ ដែលមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងទំនើប ហើយទទួលបានការផ្គត់ផ្គង់ហិរញ្ញវត្ថុពីរដ្ឋធានី Abu Dhabi ។ Dubai មានប្រជាជនប្រហែល ៣,៨១១,៥៤៩នាក់ និងមានមេដឹកនាំព្រះនាមថា Sheikh Mohammed bin Rashid Al Maktoum ដែលទ្រង់ក៏ជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីនៃរដ្ឋសហព័ន្ធផងដែរ។

*៣៖ Sharjah

ផ្ទៃដីប្រហែល ២,៥៩០ គីឡូម៉ែត្រការ៉េ។ នេះជាទីតាំងនៃវប្បធម៌ និងការអប់រំ មានប្រជាជនប្រហែល ១,៨០៨,០០០នាក់ និងមេដឹកនាំមានព្រះនាមថា Sheikh Sultan bin Muhammad Al Qasimi។

*៤៖ Ras Al Khaimah

ផ្ទៃដីប្រហែល ១,៦៨៤ គីឡូម៉ែត្រការ៉េ។ នេះជាទីតាំងសម្បូរភ្នំ និងទេសភាពធម្មជាតិ មានប្រជាជនប្រមាណ ៣៤៥,០០០នាក់ និងមានមេដឹកនាំ ព្រះនាមថា Sheikh Saud bin Saqr Al Qasimi ។

*៥៖ Fujairah

ផ្ទៃដីប្រហែល ១,១៦៥ គីឡូម៉ែត្រការ៉េ។ មានប្រជាជនប្រមាណ ២៥៦,២៥៦នាក់ មានមេដឹកនាំព្រះនាមថា Sheikh Hamad bin Mohammed Al Sharqi ហើយនេះជារដ្ឋតែមួយគត់នៃរដ្ឋសហព័ន្ធ ដែលស្ថិតនៅឆ្នេរសមុទ្រខាងកើត (ឈូងសមុទ្រអូម៉ង់)។

*៦៖ Umm Al Quwain

ផ្ទៃដីប្រហែល ៧៧៧ គីឡូម៉ែត្រការ៉េ។ នេះជារដ្ឋផ្តោតលើឧស្សាហកម្មប្រពៃណី មានប្រជាជនប្រមាណ ៤៩,១៥៩នាក់ និងមានមេដឹកនាំព្រះនាមថា Sheikh Saud bin Rashid Al Mualla ។

*៧៖ Ajman

ផ្ទៃដីតូចបំផុត ប្រហែល ២៦០ គីឡូម៉ែត្រការ៉េ ប៉ុន្តែមានប្រជាជនប្រហែល ៥០៤,៨៤៦នាក់។ រដ្ឋនេះមានមេដឹកនាំព្រះនាមថា Sheikh Humaid bin Rashid Al Nuaimi ។

សូមជម្រាបថា មុនពេលប្រេងត្រូវបានរកឃើញក្នុងឆ្នាំ១៩៥០ សេដ្ឋកិច្ច UAE គឺពឹងផ្អែកលើការនេសាទ និងឧស្សាហកម្មគុជខ្យង។ ប៉ុន្តែចាប់តាំងពីការនាំចេញប្រេង ផ្តើមឡើងនៅឆ្នាំ១៩៦២ សង្គមនិងសេដ្ឋកិច្ច UAE បានផ្លាស់ប្តូរទៅរកបរិបទថ្មីមួយទៀត។ UAE បានធ្វើពិពិធកម្ម និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ក្នុងតំបន់។ មានក្រុមហ៊ុន UAE យ៉ាងច្រើន កំពុងធ្វើការវិនិយោគនៅឯបរទេស។

* ព្រឹត្តិការណ៍សំខាន់ៗជាប្រវត្តិសាស្រ្ត របស់ UAE

១៩២០- ការជួញដូរគុជខ្យងធ្លាក់ចុះ ដោយសារតែឱភាពសេដ្ឋកិច្ចពិភពលោក និងការច្នៃប្រឌិតនៃគុជខ្យងវប្បធម៌។
១៩៣៥- ការរុករកប្រេងនៅឈូងសមុទ្រ បានចាប់ផ្តើម។
១៩៥៨- ​ពាណិជ្ជកម្ម​ប្រេងលើកដំបូងធ្វើឡើងនៅក្រៅទីក្រុង Abu Dhabi ហើយការនាំចេញប្រេងចាប់ផ្តើមនៅឆ្នាំ១៩៦២។
១៩៦៨- ចក្រភពអង់គ្លេស ប្រកាសដកកងកម្លាំងយោធារបស់ខ្លួន នៅឆ្នាំ១៩៧១ ធ្វើឱ្យប្រទេសនេះបានឯករាជ្យពេញលេញ។
១៩៧១- អេមីរ៉ាត់អារ៉ាប់រួម ចូលរួមជាមួយសម្ព័ន្ធអារ៉ាប់ និងអង្គការសហប្រជាជាតិ។
១៩៨១- អេមីរ៉ាត់អារ៉ាប់រួម ក្លាយជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។
២០០៦- ការបោះឆ្នោតជាតិ លើកដំបូង។
២០១៥- អេមីរ៉ាត់អារ៉ាប់រួម ចូលរួមវាយប្រហារតាមអាកាស ដឹកនាំដោយអារ៉ាប៊ីសាអូឌីត លើក្រុមហ៊ូទី នៅយេម៉ែន។
២០២- អេមីរ៉ាត់អារ៉ាប់រួម បង្កើតទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អ៉ីស្រាអែល-អេមីរ៉ាត់អារ៉ាប់រួម-បារ៉ែន។
២០២១- អេមីរ៉ាត់អារ៉ាប់រួម ក្លាយជាប្រទេសទី៥ លើពិភពលោក និងជាប្រទេសអារ៉ាប់ដំបូងគេ ដែលបានបញ្ជូនយានទៅដល់ភពព្រះអង្គារ៍៕