ចំណេះដឹងទូទៅ៖ ទង់ជាតិកម្ពុជា និងព្រះឆាយាលក្ខណ សម្តេចព្រះនរោត្តម សីហនុ មានតម្កល់ទុកនៅសារមន្ទីរសន្និសីទក្រុងបានឌុង
17-10-2025 21:36
(បានឌុង, ឥណ្ឌូនេស៉ី)៖ សន្និសីទក្រុងបានឌុង (Bandung Conference) ឬ សន្និសីទអាស៊ី-អាហ្រ្វិក (Asian African Conference) គឺជាជំនួបមេដឹកនាំនៅអាស៊ីនិងអាហ្វ្រិកខ្នាតធំជាលើកដំបូង ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី១៨-២៤មេសា
១៩៥៥ នៅក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី។ ប្រទេសចំនួន២៩ បានចូលរួមក្នុងសន្និសីទក្រុងបានឌុងមួយនេះ។

សន្និសីទនេះត្រូវបានរៀបចំឡើងដោយប្រទេសឥណ្ឌូនេស៊ី ភូមា ប៉ាគីស្ថាន សីឡង់ (បច្ចុប្បន្នប្រទេសស្រីលង្កា) និងឥណ្ឌា។ រដ្ឋដែលចូលរួមភាគច្រើននៃអាស៊ី-អាហ្រ្វិក ជារដ្ឋដែលបានឯករាជ្យថ្មីៗ។
បណ្តាប្រទេសដែលបានចូលរួមក្នុងសន្និសីទនេះមាន៖
*ប្រទេសសមាជិកក្រុមកូឡុំបូ៖ ប្រទេសឥណ្ឌូនេស៊ី ឥណ្ឌា ប៉ាគីស្ថាន សីឡង់ (ស្រីលង្កា) ភូមា។
*ប្រទេសអារ៉ាប់ឯករាជ្យ៖ ប្រទេសអេស៊ីប លីប៊ី អ៉ីរ៉ាក់ លីបង់ ស៊ីរី ហ្ស័រដានី អារ៉ាប់ប៊ីសាអូឌីត យេម៉ែន។
*ប្រទេសនៅតំបន់អាស៊ី៖ ប្រទេសតួគី អ៉ីរ៉ង់ អាកានីស្ថាន កម្ពុជា ឡាវ វៀតណាម ថៃឡង់ នេប៉ាល់ ហ្វីលីពីន ចិន ជប៉ុន អ៊ីស្រាអែល កោះតៃវ៉ាន់។
*ប្រទេសឯករាជ្យនៅទ្វីបអាហ្វ្រិក៖ ប្រទេសអេត្យូពី លីបេរីយ៉ា ស៊ូដង់ ហ្គាណា។
សម្តេចព្រះនរោត្តម សីហនុ ដែលកាលនោះមានព្រះជន្ម៣២វស្សា គឺជាមេដឹកនាំវ័យក្មេងជាងគេ នៅក្នុងសន្និសីទក្រុងបានឌុងនោះ។ សន្និសីទក្រុងបានឌុង បានចេញសេចក្ដីថ្លែងការណ៍១០ចំណុច ដែលកំណត់នូវទំនាក់ទំនងអន្ដរជាតិ និងបង្កើតជាមូលដ្ឋាននៃចលនាមិនចូលបក្សសម្ព័ន្ធ។
គិតត្រឹមឆ្នាំ២០២៥ ពោលគឺ៧០ឆ្នាំក្រោយមក ទង់ជាតិកម្ពុជា និងព្រះឆាយាលក្ខណ សម្តេចព្រះនរោត្តម សីហនុ មានតម្កល់ទុកនៅសារមន្ទីរសន្និសីទក្រុងបានឌុង ឬសារមន្ទីរសន្និសីទអាស៊ី-អាហ្រ្វិក៕