ចំណេះដឹងទូទៅ៖ ស្វែងយល់ពីអាស៊ាន
27-10-2025 00:01
(ពិភពលោក)៖ សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន-ASEAN (Association of South East Asian Nations) ត្រូវបានបង្កើតឡើងដើម្បីធ្វើសហប្រតិបត្តិការគ្នានៅក្នុងតំបន់។ បើមើលទៅលើគោលដៅ និងគោលបំណងក្នុងការបង្កើតអាស៊ាន គឺដើម្បីពង្រឹងសន្តិសុខ និងរក្សាសន្តិភាព។
១៖ ប្រវត្តិអាស៊ាន
អាស៊ាន ត្រូវបានចុះហត្ថលេខាបង្កើតឡើងដោយប្រទេសចំនួន៥ រួមមាន ឥណ្ឌូនេស៉ី ម៉ាឡេស៉ី សិង្ហបូរី ថៃ និងហ្វីលីពីន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ប្រទេសទាំង៥នោះ គេហៅថា បិតាស្ថាបនិកនៃអាស៊ាន (Founding Father of ASEAN) ។
ប្រទេសស្ថាបនិកទាំង៥នោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោង ពីនឹមអាណានិគមក្នុងសម័យនោះ។ គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឲ្យប្រទេសទាំង៥ ប្រកៀកស្មាគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួមជំរុញឲ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៉ីអាគ្នេយ៍ទាំងមូល។
ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃ៦ទៀតក្នុងតំបន់នេះ រួមមានប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា កម្ពុជា និងទីម័រខាងកើត បានក្លាយជាសមាជិក នៃសមាគមនេះជាបន្តបន្ទាប់។
កាលបរិច្ឆេទ ការចូលជាសមាជិកសម្រាប់ប្រទេសទាំង៦ទៀតនោះ រួមមាន៖
* ព្រុយណេ ចូលជាសមាជិកទី៦ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៤
* វៀតណាម ចូលជាសមាជិកទី៧ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥
* ឡាវ និងមីយ៉ាន់ម៉ា ចូលជាសមាជិកទី៨ និងទី៩ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
* កម្ពុជា ចូលជាសមាជិកទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩
* ទីម័រខាងកើត ចូលជាសមាជិកទី១១ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
២៖ គោលបំណងនៃការបង្កើតអាស៊ាន
ដូចដែលបានកំណត់ នៅក្នុងសន្ធិសញ្ញាអាស៊ាន គោលបំណងរបស់អាស៊ាន មានដូចជា៖
* បង្កើនល្បឿនកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់
* លើកកម្ពស់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់
* ជំរុញកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភជួយគ្នាទៅវិញទៅមក ដោយមិនរំពឹងផលប្រយោជន៍តបស្នង
* ផ្ដល់ជំនួញដល់គ្នាទៅវិញទៅមក ក្នុងទម្រង់ជាការបណ្ដុះបណ្ដាល និងការស្រាវជ្រាវឧបករណ៍
* កិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យមានភាពល្អប្រសើរខាងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន
* លើកកម្ពស់ការសិក្សានៅអាស៉ីអាគ្នេយ៍
* រក្សាមិត្តភាពដើម្បីប្រយោជន៍កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ ដែលមានគោលបំណងដូចគ្នា ឬស្រដៀងគ្នា។
៣៖ និមិត្តសញ្ញាអាស៊ាន និងទង់ជាតិប្រទេសសមាជិកអាស៊ាន
* ពណ៌ខៀវ៖ តំណាងឲ្យសន្តិភាព និងស្ថិរភាព
* ពណ៌ក្រហម៖ តំណាងឲ្យសេចក្តីក្លាហាន និងភាពស្វាហាប់
* ពណ៌ស៖ តំណាងឲ្យភាពបរិសុទ្ធ និងស្មោះត្រង់
* ពណ៌លឿង៖ តំណាងឲ្យភាពសម្បូររុងរឿង
* ដើមស្រូវទាំង១០៖ តំណាងឲ្យសុបិន្តរបស់បិតាបង្កើតអាស៊ាន ដែលចង់ប្រមូលផ្តុំប្រទេសទាំង១០ នៅអាស៉ីអាគ្នេយ៍ឲ្យក្លាយជាសមាគមមួយ ដែលមានសាមគ្គីភាព
* ពណ៌ទាំងអស់របស់ទង់អាស៊ាន៖ តំណាងឲ្យពណ៌នៃទង់ជាតិរបស់ប្រទេសជាសមាជិកទាំងអស់
* ទង់អាស៊ាន៖ តំណាងឲ្យសមាគមអាស៊ានមួយ ដែលមានស្ថិរភាព និងសន្តិភាព។
៤៖ អគ្គលេខាធិការដ្ឋាន និងកិច្ចប្រជុំអាស៊ាន
* អគ្គលេខាធិការដ្ឋានអាស៊ាន
មជ្ឈមណ្ឌលរដ្ឋបាលរបស់អាស៊ាន គឺអគ្គលេខាធិការដ្ឋានអាស៊ានមានមូលដ្ឋាន នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៉ី ដែលមានអគ្គលេខាធិការទទួលបន្ទុកសម្របសម្រួល និងអនុវត្តសកម្មភាពនានារបស់អាស៊ាន។ អគ្គលេខាធិការនោះ ត្រូវតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន មានអាណត្តិ៥ឆ្នាំ ប្ដូរវេនគ្នាទៅតាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋជាសមាជិក។
ធម្មនុញ្ញអាស៊ានកំណត់ថា ការជ្រើសរើសអគ្គលេខាធិការត្រូវផ្អែកលើលក្ខខណ្ឌដូចជា សុចរិតភាព បទពិសោធន៍ការងារ សមត្ថភាព និងសមភាពយេនឌ័រ។ អគ្គលេខាធិការដ្ឋាន មានតួនាទីសម្របសម្រួលការអនុវត្តគម្រោង និងសកម្មភាពរបស់អាស៊ាន។
* កិច្ចប្រជុំអាស៊ាន
រាល់ការសម្រេចចិត្តសំខាន់ៗដែលពាក់ព័ន្ធនឹងជោគវាសនារបស់សមាគមអាស៊ាន គឺត្រូវធ្វើដោយកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ នៅប្រទេសដែលមានតួនាទីជាប្រធានអាស៊ាន។ ក្រៅពីកិច្ចប្រជុំកំពូល នៅមានកិច្ចប្រជុំដទៃទៀតដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែកជាដើម។
ការសម្រេចចិត្តសំខាន់ៗ ដែលពាក់ព័ន្ធនឹងជោគវាសនាអាស៊ាន គឺយោងលើកុងសង់ស៉ី (ការសម្រេចជាឯកច្ឆន) ដូចមានបង្ហាញក្នុងគោលការណ៍គ្រឹះស្រាប់។ តាំងពីបង្កើតមក អាស៊ានបានអនុវត្តន៍គោលការណ៍គ្រប់គ្រងនេះ យ៉ាងល្អបំផុតបើទោះបីពេលខ្លះ មានបញ្ហាប្រឈមក្នុងតំបន់ក្តី។
* ប្រធានអាស៊ាន
មាត្រា៣១ នៃធម្មនុញ្ញអាស៊ានចែងថា «ប្រធានអាស៊ានត្រូវប្ដូរវេនជារៀងរាល់ឆ្នាំតាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក» ហើយរដ្ឋសមាជិកដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។ កន្លងមកប្រទេសកម្ពុជា ធ្លាប់ធ្វើជាប្រធានអាស៊ានបានចំនួន២ដង គឺលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។
៥៖ ការបង្កើតតំបន់សន្តិភាព សេរី និងអព្យាក្រឹត ZOPFAN ( Zone of Peace Freedom and Neutrality)
ZOPFAN ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៧១ ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ី។
* សមាជិកអាស៊ាន ប្តេជ្ញាខិតខំរក្សាតំបន់អាស៉ីអាគ្នេយ៍ ឲ្យទៅជាតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹត្យ ដោយមិនស្ថិតក្រោមអន្តរាគមន៍ នៃមហាអំណាចបរទេសឡើយ
* សមាជិកអាស៊ានខិតខំបង្កើនកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលាយ ដោយពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងគ្នានឹងគ្នា
* បន្ថូរភាពតានតឹងអន្តរជាតិ និងធ្វើឲ្យសម្រេចបានសន្តិភាពដ៏យូរអង្វែងមួយនៅអាស៉ីអាគ្នេយ៍
* គោរពបូរណភាពដែនដី ដោះស្រាយទំនាស់ដោយសន្តិភាពវិធី និងមិនជ្រៀតចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។
៦៖ សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ TAC (Treaty of Amity and Cooperation)
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ TAC ត្រូវបានចុះហត្ថលេខាក្នុងសម័យប្រជុំកំពូលអាស៊ាន នៅកោះបាលី ប្រទេសឥណ្ឌូនេស៉ី។
ក្នុងទំនាក់ទំនងរវាងគ្នានឹងគ្នា សមាជិកអាស៊ានមានគោលការណ៍ដូចតទៅ៖
* គោរពគ្នាទៅវិញទៅមកលើឯករាជ្យ អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិ នៃសមាជិកទាំងអស់
* គោរពសិទ្ធិរបស់រដ្ឋនីមួយៗ ក្នុងការដឹកនាំប្រទេសរបស់ខ្លួន ឲ្យចៀសផុតពីការបង្ខិតបង្ខំពីខាងក្រៅ
* មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាទៅវិញទៅមក
* ដោះស្រាយទំនាស់ដោយមធ្យោបាយសន្តិវិធី
* ប្រឆាំងចំពោះការគំរាមប្រើកម្លាំងទ័ព
* រួមសហការគ្នាយ៉ាងល្អ រវាងសមាជិកទាំងអស់
* ធ្វើឲ្យតំបន់អាស៉ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។
៧៖ ការបង្កើតតំបន់ពាណិជ្ជកម្មសេរី AFTA (Asean Free Trade Area)
នៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៣ AFTA ត្រូវបានប្រកាសបង្កើតឡើងជាផ្លូវការ។ AFTA មានគោលដៅទាក់ទងនឹងការបញ្ចុះតម្លៃផលិតផលមួយចំនួន បន្ទាប់មកនឹងបើកឲ្យមានពាណិជ្ជកម្មសេរី។ ការបង្កើត AFTA មានគោលបំណងទាក់ទាញការវិនិយោគទុន និងការរកទីផ្សារ នៅតំបន់ឥណ្ឌូចិនផងដែរ។
សន្និសីទថ្នាក់រដ្ឋមន្ត្រី ការបរទេសអាស៊ានលើកទី២៧ នៅទីក្រុងបាំងកក ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៤ បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ជាថ្មី ពីទិសដៅ AFTA រួមមាន៖
* សម្រេចអនុវត្តន៍លើការបន្ថយតម្លៃទំនិញតាមកម្មវិធីឆ្នាំ១៩៩៤
* លើកទឹកចិត្តចំពោះលំហូរចូល នៃវិនិយោគទុនបរទេស
* ឯកភាពចំពោះការភ្ជាប់ពាណិជ្ជកម្មជាមួយតំបន់ដទៃទៀតក្នុងពិភពលោក។
៨៖ ការបង្កើតវេទិកាតំបន់អាស៊ាន ARF Asean Regional Forum)
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៤ ARF ត្រូវបានបង្កើតជាផ្លូវការ ក្នុងគោលបំណងរឹតចំណងមិត្តភាព ក្នុងបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក។ ARF មានតួនាទីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ដោយកាចរចានានា លើកិច្ចសហប្រតិបត្តិការ ផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់។
ខាងក្រោមស្វែងយល់ពីប្រទេសសមាជិកអាស៊ានទាំង១១៖
១៖ ប្រទេសកម្ពុជា
* ឈ្មោះផ្លូវការ៖ ព្រះរាជាណាចក្រកម្ពុជា
* រាជធានី៖ ភ្នំពេញ
* ភាសាផ្លូវការ៖ ភាសាខ្មែរ
* រាជរដ្ឋាភិបាល៖ ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (២០២៥)
* ទទួលបានឯករាជ្យពីបារាំង៖ ថ្ងៃទី០៩ វិច្ឆិកា ១៩៥៣
* ផ្ទៃដី៖ ១៨១,០៣៥គីឡូម៉េត្រការ៉េ
* ចំនួនប្រជាជន៖ ប្រមាណ ១៧លាននាក់ (ជំនឿ២០២៤)
* អាយុសង្ឃឹមរស់ជាមធ្យមគឺ ៧៦.៦ឆ្នាំ
* រូបិយប័ណ្ណ៖ រៀល (Riel)
២៖ ប្រទេសឡាវ
* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
* រដ្ឋធានី៖ វៀងច័ន្ទ
* ភាសាផ្លូវការ៖ ភាសាលាវ
* ទទួលបានឯករាជ្យពីបារាំង៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៤៩
* ផ្ទៃដី៖ ២៣៦,៨០០គីឡូម៉េត្រការ៉េ
* ចំនួនប្រជាជន៖ ជាង៧.៦លាននាក់ (ស្ថិតិឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ គីប (LAK)
៣៖ ប្រទេសវៀតណាម
* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋសង្គមនិយមវៀតណាម
* រដ្ឋធានី៖ ហាណូយ
* ភាសាផ្លូវការ៖ ភាសាវៀតណាម
* ផ្ទៃដី៖ ៣៣១,២១២ គីឡូម៉ែត្រការ៉េ។
* ចំនួនប្រជាជន៖ ប្រហែល១០០លាននាក់ (ឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ ដុងវៀតណាម (VND)
៤៖ ប្រទេសថៃ
* ឈ្មោះផ្លូវការ៖ ព្រះរាជាណាចក្រថៃ
* រដ្ឋធានី៖ បាងកក (Bangkok)
* ភាសាផ្លូវការ៖ ភាសាថៃ
* ផ្ទៃដី៖ ប្រហែលជា ៥១៣,១២០គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ៧១លាននាក់ (ឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ បាតថៃ (THB)
៥៖ ប្រទេសមីយ៉ាន់ម៉ា
* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
* រដ្ឋធានី៖ ណៃពិដោ
* ភាសាផ្លូវការ៖ ភាសាមីយ៉ាន់ម៉ា
* ផ្ទៃដី៖ ប្រហែលជា ៦៧៦,៥៧១ គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ៥៦លាននាក់ (ស្ថិតិឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ Kyat – MMK
៦៖ ប្រទេសឥណ្ឌូណេស៊ី
* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋឥណ្ឌូណេស៊ី
* រាជធានី៖ Nusantara (រាជធានីថ្មី ប្ដូរពី Jakarta ឆ្នាំ២០២៤-២០២៥)
* ទីក្រុងធំ៖ ហ្សាកាតា
* ភាសាផ្លូវការ៖ ភាសាឥណ្ឌូណេស៊ី
* រដ្ឋាភិបាល៖ ដឹកនាំដោយ ប្រ៉ាបូវ៉ូ ស៊ូបៀនតូ Prabowo Subianto (២០២៥)
* ផ្ទៃដី៖ ប្រហែលជា ១,៩០៤,៥៦៩ គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ២៧៦លាននាក់ (ឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ Rupiah – (IDR)
៧៖ ប្រទេសម៉ាឡេស៊ី
* ឈ្មោះផ្លូវការ៖ សហព័ន្ធម៉ាឡេស៊ី
* រាជធានី៖ កូឡាឡាំពួរ
* ទីក្រុងរដ្ឋបាល៖ Putrajaya (ទីតាំងរដ្ឋាភិបាល)
* ភាសាផ្លូវការ៖ ភាសាម៉ាឡេ
* ផ្ទៃដី៖ ប្រហែល ៣៣០,៥៧៩ គីឡូម៉ែត្រការ៉េ* ចំនួនប្រជាជន៖ ៣៥លាននាក់ (ឆ្នាំ២០២៤)* រូបិយប័ណ្ណ៖ Ringgit Malaysia (MYR)* សាសនា: មូស្លីម (61%), ពុទ្ធសាសនា (19%), គ្រិស្តសាសនា (9%), ហិណ្ឌូ (6%)
៨៖ ប្រទេសព្រុយណេ
* ឈ្មោះផ្លូវការ៖ ព្រះរាជាណាចក្រព្រុយណេដារូសាឡាម
* រាជធានី៖ បាន់ដា សេរី បេកាវ៉ាន់ (Bandar Seri Begawan)
* ភាសាផ្លូវការ៖ ភាសាម៉ាឡេ
* ផ្ទៃដី៖ ៥,៧៦៥ គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ប្រហែល៤៥ម៉ឺននាក់ (ស្ថិតិឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ ដុល្លារព្រុយណេ (Brunei Dollar – BND)
៩៖ ប្រទេសហ្វីលីពីន
* ឈ្មោះផ្លូវការ៖ ប្រទេសហ្វីលីពីន
* រាជធានី៖ ម៉ានីល (Manila)
* ភាសាផ្លូវការ៖ តាហ្គាឡុក (Tagalog) និងអង់គ្លេស (ភាសាផ្លូវការ)
* ផ្ទៃដី៖ ៣០០,០០០ គីឡូម៉ែត្រការ៉េ (កោះប្រមាណ ៧៦៤១កោះ)
* ចំនួនប្រជាជន៖ ១១៥លាននាក់ (ស្ថិតិឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ ប៉េសូហ្វីលីពីន (PHP)
១០៖ ប្រទេសសិង្ហបុរី
* ឈ្មោះផ្លូវការ៖ ប្រទេស សិង្ហបុរី
* រាជធានី៖ Singapore (ជាទីក្រុង-រដ្ឋ)
* ភាសាផ្លូវការ៖ អង់គ្លេស, ចិន (ម៉ាដារីន), ម៉ាឡេ, តាមីល
* ផ្ទៃដី៖ ៧២៨.៦គីឡូម៉ែត្រការ៉េ
* ចំនួនប្រជាជន៖ ៦.៣៧ លាននាក់ (ស្ថិតិឆ្នាំ២០២៤)
* រូបិយប័ណ្ណ៖ ដុល្លារសិង្ហបុរី (SGD)
១១៖ ប្រទេសទីម័រឡេស្តេ
* ឈ្មោះផ្លូវការ៖ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រ-លេស្ទេ (Democratic Republic of Timor-Leste)
* រាជធានី៖ ទីលី (Dili)
* ផ្ទៃដី៖ ប្រហែល ១៤,៩៥០ គីឡូម៉ែត្រការ៉េ
* ប្រជាជន៖ ប្រហែល ១,៤១៨,៥១៧ នាក់ (ឆ្នាំ ២០២៥)
* ភាសាផ្លូវការ៖ ព័រទុយហ្គាល់ និង តេតុង (Tetum)
* សាសនា៖ ប្រជាជនប្រហែល ៩៧.៦% ជាសាសនាចក្រកាតូលិក
* រូបិយប័ណ្ណ: ដុល្លារអាមេរិក (USD)



