ចំណេះដឹងទូទៅ៖ ធ្លាប់មានមនុស្សរស់នៅល្អាងស្ពាន ក្នុងខេត្តបាត់ដំបង តាំងពី ៧១ ០០០ឆ្នាំមុន គ.ស
17-11-2025 23:21
(បាត់ដំបង)៖ ល្អាងស្ពាន ជាឈ្មោះស្ថានីយ៍បុរេប្រវត្តិ ដែលជាល្អាងភ្នំមួយក្នុងចំណោមល្អាងផ្សេងៗនៃភ្នំទាក់ទ្រាំង។ ភ្នំនេះមានបណ្តោយប្រមាណ ០,៥គ.ម. ទទឹង ០,៣គ.ម. និងកម្ពស់ ៥០ម. ផុតពីដីទំនាបដែលនៅជុំវិញ។ ភ្នំទាក់ទ្រាំងជាប្រភេទភ្នំថ្មកំបោរ ស្ថិតនៅចម្ងាយប្រមាណ៤០ គីឡូម៉ែត្រខាងនិរតីក្រុងបាត់ដំបង។ បើគិតតាមរដ្ឋបាលសព្វថ្ងៃ គឺនៅក្នុងភូមិគីឡូម៉ែត្រលេខ៣៨, ឃុំត្រែង, ស្រុករតនមណ្ឌល, ខេត្តបាត់ដំបង។
ឯឈ្មោះថា ល្អាងស្ពាន គឺមកអំពីក្នុងល្អាងនោះមានផ្ទាំងថ្មមួយកន្លែងដែលមើលទៅរាងដូចស្ពាន ដោយសារភ្លៀងពីមួយឆ្នាំទៅមួយឆ្នាំធ្វើឲ្យថ្មកំបោរនៅទីនេះសឹករិចរឹលម្តងបន្តិចៗ។ ល្អាងស្ពានស្ថិតនៅផ្នែកខាងលើ បើប្រៀបទៅល្អាងឯទៀត។ ល្អាងនេះមានបណ្តោយអតិបរមាប្រមាណ៨០ម., ទទឹងអតិបរមាប្រមាណ៤០ម. ឯកម្ពស់គឺប្រមាណ២០ម.។
នៅទសវត្ស១៩៦០ លោក Roland Mourer និងអ្នកស្រី Cécile Mourer បានសិក្សាស្រាវជ្រាវជាលើកដំបូងមុនគេនៅទីនេះ។ ដំណាក់កាលការងារធ្វើតាមបុរាណវិទ្យានោះមានបួនបន្តបន្ទាប់គ្នា គឺនៅឆ្នាំ១៩៦៥, ១៩៦៦, ១៩៦៧ និង១៩៦៨។ ដំណាក់កាលនីមួយៗមានរយៈពេលមួយសប្តាហ៍ ហើយតែងតែមានការចូលរួមពីនិស្សិតមហាវិទ្យាល័យបុរាណវិទ្យាផង។ ទីតាំងនៃកំណាយទាំងនោះមានបីផ្សេងគ្នា គឺត្រង់ច្រកចូលល្អាងមួយ, ផ្នែកកណ្តាលមួយ, និងផ្នែកចុងបំផុតនៃល្អាង។ ក្នុងជម្រៅ១,៥ម. គេឃើញមានស្រទាប់ដីចំនួន៩ ក្នុងនោះមាន ៦ស្រទាប់ដែលមនុស្សធ្លាប់ប៉ះពាល់រស់នៅ។ សំណល់ដែលប្រទះឃើញតាមស្រទាប់ទាំង៦នេះមាន ឧបករណ៍ថ្មមានទំហំខុសៗគ្នា, បំណែកកុលាល ភាជន៍, ឆ្អឹងសត្វ, បំណែកឆ្អឹងមនុស្ស, សំបកខ្យង ខ្ចៅ, កម្ទេចធ្យូងជាដើម។
បើយោងតាមការវិភាគធ្យូងហៅថា C14 ស្រទាប់ដីទី១រាប់ពីក្រោមមកលើ មានអាយុប្រមាណ ៦៨០០ឆ្នាំមុនគ្រិស្តសករាជ, ទី២ ប្រមាណ ៤២៩០ឆ្នាំមុនគ្រិស្តសករាជ, ទី៣ ប្រមាណ ២០៥០ឆ្នាំមុនគ្រិស្តសករាជ, ទី៤ ប្រមាណ ៥០០ឆ្នាំមុនគ្រិស្តសករាជ និងទី៥ នៅចន្លោះគ.ស.៧៥០- ៨៥០។
ដូច្នេះឃើញថា ស្ថានីយ៍ល្អាងស្ពានមានមនុស្សរស់នៅតាំងពី ៧ ០០០ឆ្នាំមុនគ្រិស្ត សករាជ រហូតដល់គ.ស.៨៥០ ប៉ុន្តែក្នុងចន្លោះ មនុស្សពុំរស់នៅតៗគ្នារៀងរហូតឥតដែលដាច់សោះនោះទេ គឺមានពេលខ្លះមានការបោះបង់ចោលរយៈពេលខ្លី ឬវែងដែរ។ ឧបករណ៍ ថ្មនៅទីនេះមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងវត្ថុយុគថ្មបំបែក ដែលគេធ្លាប់ប្រទះឃើញនៅកោះស៊ូមាត្រា ព្រមទាំងនៅផ្នែកខាងជើងនៃប្រទេសវៀតណាម ហើយដែលអ្នកស្រាវជ្រាវសន្មតថាជាផ្នែកនៃអារ្យធម៌ Hoabinhian។ រីឯកុលាលភាជន៍វិញ គឺគេរកឃើញនៅស្រទាប់ ទី២ ដែលមានអាយុជាង ៤ ០០០ឆ្នាំមុនគ្រិស្តសករាជ មានន័យថាមកទល់ពេលនេះ គឺជាកុលាលភាជន៍ចាស់ជាងគេនៅកម្ពុជា ដែលអ្នកស្រាវជ្រាវស្គាល់។
ជាសេចក្តីសង្ខេបបណ្តោះអាសន្ន យើងអាចនិយាយថា ល្អាងស្ពានជាស្ថានីយ៍បុរេប្រវត្តិដែលមានចំណាស់លើសគេនៅប្រទេសកម្ពុជា ត្បិតមកទល់បច្ចុប្បន្ននេះ យើងពុំទាន់ស្គាល់ស្ថានីយ៍ណាដែលចាស់រហូតដល់ប៉ុន្នេះនៅឡើយ។ ការស្រាវជ្រាវតទៅអនាគតនឹងនាំឲ្យយើងកាន់តែចេះដឹងវែងឆ្ងាយទៅទៀតក្នុងវិស័យបុរេប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។
*លទ្ធផលថ្មីៗបានមកពីកំណាយនៅស្ថានីយ៍ល្អាងស្ពាន
ក្របខ័ណ្ឌនៃការងារស្រាវជ្រាវនេះ មានគម្រោងទូទៅមានឈ្មោះថា «បេសកកម្មខ្មែរ-បារាំងស្រាវជ្រាវបុរេប្រវត្តិសាស្ត្រ» ធ្វើឡើងក្នុងសហការណ៍រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ (ភាគីខ្មែរ) និង Museum National d’Histoire Naturelle (ភាគីបារាំង) ស្របតាមកិច្ចព្រមព្រៀងថ្ងៃទី១៩ មិថុនា ២០០៩ ហើយដែលមានរយៈពេល ៤ឆ្នាំ។ នៅឆ្នាំ២០១២ សុពលភាពនោះអស់ទៅ ភាគីទាំងពីរក៏បន្តកិច្ចព្រមព្រៀងរយៈពេលបួនឆ្នាំទៀត ដែលត្រូវចប់នៅឆ្នាំ២០១៦។
ក្នុងរយៈពេល៨ឆ្នាំនោះ គេបានធ្វើកំណាយក្នុងទំហំផ្ទៃ៧៥ម៉ែត្រក្រឡា ហើយបានលទ្ធផលដែលយើងចាត់ទុកថាល្អប្រសើរ។ នៅស្រទាប់ដីមួយដែលទាក់ទងនឹងវប្បធម៌ហៅថា Hoabinhian Culture យើងបានរកឃើញពូថៅថ្មរំលីង, បំណែកឆ្អឹងសត្វដែលសល់ពីអាហាររបស់មនុស្ស, បំណែកកុលាលភាជន៍យ៉ាងច្រើន។ ក្រៅពីនេះ យើងបានរកឃើញផ្នូរសពប្រាំ ក្នុងនោះបួនជាសពប្រុស ឯមួយទៀតជាសពស្រី។
តាមលទ្ធផលនៃការវិភាគក្នុងមន្ទីរពិសោធន៍នៅបរទេស ឃើញថាផ្នូរទាំងអស់នោះមានអាយុកាលប្រហាក់ប្រហែលគ្នា គឺថានៅចន្លោះពី៣.៣០០ឆ្នាំទៅ៣.៣៧០ឆ្នាំមុនបច្ចុប្បន្ន។ ដូច្នេះ ផ្នូរទាំងប្រាំនេះស្ថិតនៅក្នុង «យុគថ្មរំលីង» គឺថាជំនាន់ប្រហាក់ប្រហែលគ្នានឹងស្ថានីយសំរោងសែន នៅខេត្តកំពង់ឆ្នាំងដែរ។
ផ្នូរនីមួយៗសុទ្ធសឹងមានវត្ថុកប់ជាមួយ ខ្លះតិចខ្លះច្រើន។ វត្ថុទាំងនោះរួមមាន៖ កុលាលភាជន៍, ពូថៅធ្វើពីថ្មរំលីង ខ្លះមានពន្លួញ ខ្លះគ្មានពន្លួញ, កងដៃថ្ម, អង្កាំថ្ម និងឆ្អឹងសត្វ ជាពិសេសឆ្អឹងអណ្តើក។ គេព្យាយាមបិទផ្គុំអំបែងភាជន៍តាមលទ្ធភាពដែលធ្វើទៅបាន ហើយបានភាជន៍ពេញរូបរាងឡើងវិញចំនួន២១ ដែលមានរូបរាងនឹងទំហំខុសៗគ្នា។ សព្វថ្ងៃយើងរក្សាទុកនៅរោងជាងជួសជុលក្នុងសារមន្ទីរជាតិ ហើយមានគម្រោងនឹងតាំងបង្ហាញនាពេលអនាគត។ អំពីឆ្អឹងសពមនុស្សវិញ ជាពិសេសអំពីទំនៀមអារឬកាត់ធ្មេញ។
មកទល់ពេលនេះ ក្រុមបុរាណវិទូយើងរកឃើញថា នៅស្ថានីយល្អាងស្ពានមានមនុស្សតាំងទីរស់នៅបីដំណាក់កាលផ្សេងៗគ្នា៖
*ដំណាក់កាលទី១៖ នៅស្រទាប់ដីខាងក្រោមចាប់ពីជម្រៅ៣ម.ដល់៥ម. មានស្លាកស្នាមសកម្មភាពមនុស្សដោយសារឃើញមានសំណល់ឆ្អឹងសត្វ និងឧបករណ៍ថ្មបំបែកដែលជាថ្មស៊ីឡិច។ ស្រទាប់នេះមានអាយុកាលចន្លោះពី៧១.០០០ឆ្នាំដល់២៦.០០០ឆ្នាំមុនបច្ចុប្បន្ន។ ដំណាក់កាលនេះស្ថិតនៅក្នុង «យុគថ្មបំបែក» ហើយមនុស្សធ្វើពនេចរនៅឡើយ ដោយពុំទាន់ចេះប្រកបកសិកម្ម គឺថារស់នៅចិញ្ចឹមជីវិតដោយការប្រមាញ់និងប្រមូលអនុផលព្រៃឈើ។
*ដំណាក់កាលទី២៖ នៅស្រទាប់ដីចាប់ពីជម្រៅ៣០ស.ម.ដល់១,៤០ម. ជាពិសេសស្រទាប់ដីពណ៌ខ្មៅដែលមានកម្រាស់ពី៣០ទៅ៤០ស.ម. យើងប្រទះឃើញឧបករណ៍ថ្មបំបែកច្រើនប្រភេទ ហើយថ្មនោះយកចេញមកពីបាតស្ទឹងឬអូរ។ នៅលាយឡំជាមួយឧបករណ៍ទាំងនោះមានបំណែកឆ្អឹងសត្វយ៉ាងច្រើន ថែមទាំងមានសម្បកខ្យងនិងគ្រំជាច្រើនទៀតផង។ លុះយកឆ្អឹងសត្វទាំងនោះទៅវិភាគពិនិត្យ គេឃើញថាភាគច្រើនជាប្រភេទសត្វធំដូចជារមាស, ខ្ទីង, ទន្សោង, ខ្លា, ប្រើស និងក្តាន់ជាដើម។ ក្រៅពីនេះមានជ្រូកព្រៃ, ឈ្លូស, កាំប្រម៉ា, សំពោច, ពស់វែក, ពស់ថ្លាន់, ត្រកួត, សត្វស្លាប និងឆ្អឹងត្រីតិចតួច។ ឆ្អឹងទាំងនេះភាគច្រើនជាសំណល់អាហារដែលមនុស្សទទួលទានរាល់ថ្ងៃ ហើយដែលជ្រកនៅក្នុងល្អាងនេះពីចន្លោះ១១.០០០ឆ្នាំដល់៥.១០០ឆ្នាំមុនបច្ចុប្បន្ន។ រយៈពេលនេះហើយដែលត្រូវនឹងស្រទាប់វប្បធម៌ Hoabinhian ដូចបាននិយាយពីលើមក។ សូមបញ្ជាក់ថាឈ្មោះនេះមកពីភូមិស្រុកមួយឈ្មោះថា Hoabinh ដែលនៅក្នុងដែនដីវៀតណាមបច្ចុប្បន្ន ហើយដែលអ្នកស្រាវជ្រាវប្រទះឃើញវប្បធម៌បុរេប្រវត្តិរបៀបនេះមុនគេ ពោលគឺមុនបានឃើញនៅទីកន្លែងដទៃទៀត។ ស្ថានីយប្រភេទនេះ ក្រោយមកគេប្រទះឃើញនៅទីមួយចំនួនក្នុងអាស៊ីអាគ្នេយ៍ដីគោកដូចជាលាវ, ភូមា, ថៃឡង់ដ៍, ម៉ាឡេស៊ី, ស៊ូម៉ាត្រា (ក្នុងប្រទេសឥណ្ឌូនេស៊ី)។ ក្រុមមនុស្សទាំងអស់នោះសុទ្ធសឹងចិញ្ចឹមជីវិតដោយបរបាញ់ និងប្រមូលអនុផលព្រៃឈើ ហើយយកល្អាងភ្នំជាល្អាងស្នាក់អាស្រ័យ។
*ដំណាក់កាលទី៣៖ ផ្នូរសពទាំងប្រាំដែលបានរកឃើញ ស្ថិតក្នុងជម្រៅដីប្រមាណ១ម. ហើយនៅក្នុងសម័យកាលដែលហៅថា «ថ្មរំលីង»។ នៅសម័យនោះ គេពុំយកល្អាងស្ពានធ្វើជាជម្រករស់នៅទេ តែប្រើជាទីបញ្ចុះសពទៅវិញ។ អ្នកទាំងនោះចាប់ផ្តើមប្តូររបត់នៃការស់នៅ គឺថាបង្កើតភូមិករតាមទីទំនាបក្បែរមាត់ទឹក រាប់តាំងពីបឹង, ស្ទឹង, ទន្លេ រហូតដល់សមុទ្រ ហើយចិញ្ចឹមជីវិតដោយនេសាទ បរបាញ់ និងប្រមូលផលព្រៃឈើ។ ជាមួយគ្នានោះ កសិកម្មនិងការផ្សាំងសត្វយកមកចិញ្ចឹមចាប់ផ្តើមកើតមានហើយ។ គេច្រើនហៅសង្គមរបៀបនេះថា «សង្គមកសិកម្ម»។ ក្នុងតំបន់ដែលយើងសិក្សានេះ យើងពុំទាន់អាចបញ្ជាក់ឲ្យច្បាស់ថាសហគមន៍មនុស្សដែលយកសពទៅកប់ក្នុងល្អាងស្ពាននោះរស់នៅទីណានៅ ឡើយទេ គ្រាន់តែសង្កេតឃើញមានទួលមួយចំនួនស្ថិតនៅចម្ងាយប្រមាណ៣០០ម.ខាងលិចភ្នំទាក់ទ្រាំង ក្បែរអូរតូចមួយ។ នៅលើទួលទាំងនោះ ក្រុមស្រាវជ្រាវយើងប្រមូលបានបំណែកក្អមឆ្នាំង រួមជាមួយពូថៅរំលីងជាច្រើន។
នាបច្ចុប្បន្ននេះ សេចក្តីសន្និដ្ឋានរបស់យើងគឺថាល្អាងស្ពានជាស្ថានីយបុរេប្រវត្តិមួយដែលមានអាយុចាស់ជាងស្ថានីយដទៃទៀតទាំងអស់នៅប្រទេសកម្ពុជា។ កំណាយពុំទាន់ចប់ទេ គឺនឹងមានវែងឆ្ងាយទៅទៀត រីឯកិច្ចព្រមព្រៀងដែលមានបន្តទៅថ្ងៃមុខ គឺសម្រាប់ឆ្នាំ២០១៧ដល់២០២០។ ពេលនោះ យើងនឹងបានទិន្នន័យថ្មីជាងនេះថែមមកទៀតជាមិនខាន។ ការស្រាវជ្រាវក្នុងវិស័យបុរេប្រវត្តិសាស្ត្រដែលមកទល់ពេលនេះ ធ្លាប់តែឮគេនិយាយថានៅស្តួចស្តើងនៅឡើយ បើប្រៀបទៅនឹងប្រទេសជិតខាងនោះ ចាប់ផ្តើមរីកចម្រើនមានសន្ទុះទៅមុខហើយ។
*សង្គមខ្មែរសម័យបុរេប្រវត្តិ
អ្នកប្រាជ្ញាបស្ចិមប្រទេសបានស្រាវជ្រាវឃើញថា ក្នុងសម័យបុរេប្រវត្តិសាស្ត្រ មានក្រុមមនុស្សជាច្រើនក្រុមបានចេញដំណើរពីភូមិភាគខាងជើង ចូលមកតាំងទីលំនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងនោះមានពួកអូស្កូឡូស៊ីត ពួកមេឡាណេស្យាង និងឥណ្ឌូណេស្យាង ហើយបានបញ្ជាក់ឱ្យយើងដឹងថា អម្បូរខ្មែរ-មន គឺជាពួកកាត់ផ្សំគ្នារវាងពួកឥណ្ឌូណេស្យាងនិងពួកមេឡាណេស្យាង ហើយដែលបានមករស់នៅរាយប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិន ជ្រោយមាឡាយូ រហូត់ដល់ព្រំប្រទល់ប្រទេសឥណ្ឌា។
ចំពោះជនអម្បូរខ្មែរ-មននេះទៀតសោត ក៏បានឆ្លងកាត់សម័យបុរេប្រវត្តិដូចជនជាតិដើមដទៃទៀតដែរ ខណៈសម័យបុរេប្រវត្តិសាស្ត្រខ្មែរមាន៤យុគ៖ យុគថ្មបំបែក យុគថ្មរំលីង និងយុគលោហៈ។
ក. យុគថ្មបំបែក
យុគនេះមានអត្ថិភាពចាប់ពី៦០០ពាន់ដល់១២០ពាន់ឆ្នាំមុនគ្រិស្តសករាជ។ នៅក្នុងសម័យនោះ មនុស្សប្រើថ្ម ក្រួសធំៗមានទំហំប៉ុនកដៃ កជើង ធ្វើជាអាវុធ ឬគ្រឿងឧបករណ៍ប្រើប្រាស់ ដោយបំបែកឱ្យមានមុខមុតដូចជាពូថៅ ឬពន្លាកជាដើម។ នៅលើទឹកដីកម្ពុជា តាមដងទន្លេមេគង្គម្តុំភូមិស្បូវ ឬភូមិឫស្សី ក្នុងឆ្នាំ១៩៦៣ លោក អេតម៉ុងសូរ៉ាំ បានជួបប្រទះឃើញគ្រឿងឧបករណ៍ផ្សេងៗដែលមានអាយុប្រហែលចន្លោះ៦០០ពាន់ឆ្នាំ ទៅ៥០០ពាន់ឆ្នាំមុនគ្រិស្តសករាជ។ ដោយសម្អាងលើអាវុធ ឬឧបករណ៍ក្នុងសម័យនោះដែលធ្វើពីថ្មក្រួសបំបែក គេក៏ឱ្យឈ្មោះថា «អរិយធម៌ថ្មបំបែក»។ ឧស្សាហកម្មថ្មបំបែកខ្មែរ ក៏គេរកឃើញនៅទឹកដីកម្ពុជាក្រោមផងដែរ។ ក្នុងសម័យនោះដែរ មនុស្សចេះចាំងថ្មធ្វើស្នាប់ដៃ ធ្វើអាវុធ បំបែកជាថ្មតូចៗ ធ្វើជាខ្នោសសម្រាប់កោសស្បែកសត្វ ឬរចនាគ្រឿងឧបករណ៍ផ្សេងៗ។ គេប្រទះឃើញពូថៅថ្មមានរូបរាងជាត្រីកោណ រាងចតុកោណ ឬចតុកោណកែង ដែលមានលក្ខណៈល្អប្រណិត។ ការរកឃើញឧបករណ៍ព្រមទាំងឆ្អឹងសត្វ
ដែលនៅជាមួយនឹងឆ្អឹងខ្មោចមនុស្សបញ្ជាក់ឱ្យឃើញថា មនុស្សចេះគោរពសែនព្រេនទៅឱ្យអ្នកដែលបានចែកឋានទៅហើយ។ គួរបញ្ជាក់ថា មនុស្សនៅចុងយុគថ្មបំបែកនេះនៅពុំទាន់ចេះរំលីងថ្ម ត្បាញ ចិញ្ចឹមសត្វ ដាំដើមឈើ និងធ្វើស្រែនៅឡើយទេ។
* យុគថ្មបំបែកក្លាយ
យុគនេះក្លាយមានអត្ថិភាពចាប់ពី១២ពាន់ឆ្នាំដល់៨ពាន់ឆ្នាំមុនគ្រិស្តសករាជ។ អរិយធម៌នេះមានដើមកំណើតចេញពីអរិយធម៌មុន។ នៅតាមគុហាភ្នំខ្លះក្នុងស្រទាប់ផែនដី គេជួបប្រទះសម្ភារៈប្រើប្រាស់ធ្វើអំពីថ្មនៅលាយឡំជាមួយឆ្អឹងមនុស្ស។ លក្ខណៈរបស់វាមិនខុសពីសម័យមុនទេ គ្រាន់តែមានរូបរាងប្រសើរជាងមុន។ គប្បីបញ្ជាក់ថា ឆ្អឹងលលាដ៍ក្បាលមនុស្សដែលគេរកឃើញមានលក្ខណៈមិនខុសពីពួកខ្មែរលើ ឬខ្មែរយើងសព្វថ្ងៃនេះទេ។ ពួកមនុស្សទាំងអស់នោះជាបុព្វបុរសរបស់ជនជាតិខ្មែរសព្វថ្ងៃនេះ។ នៅចុងយុគថ្មបំបែកក្លាយនេះ ជនជាតិខ្មែរដើមឬខ្មែរ-មនចេះបរិភោគធញ្ញជាតិព្រៃ ហើយចាប់ផ្តើមចេះធ្វើឆ្នាំង ចាន និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដោយប្រើដីដុត តែភាជន៍ដីទាំងអស់នោះពុំទាន់មានគុណភាពល្អនៅឡើយទេ។
ខ. យុគថ្មរំលីង
យុគថ្មរំលីងមានអត្ថិភាពចាប់ពី៨ពាន់ឆ្នាំដល់២ពាន់ឆ្នាំមុនគ្រិស្តសករាជ។ នៅក្នុងកំឡុងពេលយុគនេះ អ្នកបុរាណប្រវត្តិចាត់ទុកជាយុគបដិវត្តន៍ផ្នែកសេដ្ឋកិច្ច មានបម្លាស់ប្តូរគ្រប់វិស័យផ្នែកជំនឿ និងផ្នែកសង្គមកិច្ច។ មនុស្សចេះដាំរុក្ខជាតិ ដូចជាស្រូវ ពោតជាដើម។ គេចេះរស់នៅដោយធ្វើកសិកម្ម និងចិញ្ចឹមសត្វដើម្បីយកសាច់និងពងសម្រាប់ធ្វើម្ហូបអាហារ។ ក្រៅពីនេះ គេចេះបូជាសពដោយកប់ក្នុងផ្នូរនូវគ្រឿងអលង្ការ ឬឧបករណ៍គ្រប់បែបយ៉ាង។ សំណល់វប្បធម៌បានឱ្យព័ត៌មានថា យុគថ្មរំលីង គេចូលចិត្តសង់ផ្ទះខ្ពស់ពីដី ហើយរស់នៅជាភូមិស្រុក។ អ្នកខ្លះទៀតក៏រស់នៅក្នុងរូងភ្នំ ឬខ្ពង់រាបដែរ។ មនុស្សសម័យនោះចេះត្បាញសំពត់ប៉ឹង ចេះធ្វើគ្រឿងលម្អកាយ ដូចជាទងកាវឬត្រសាល់ធ្វើអំពីភ្លុក ខ្យង ឈើ ឆ្អឹង ថ្ម និងដីដុត។ នេះជាការវិវត្តមួយដ៏ធំផ្នែកបច្ចេកទេសរំលីងថ្មរបស់ខ្មែរដើម។ ក្នុងផ្នែកជំនឿ គេសង្កេតឃើញមានការគោរពបូជាចំពោះបុព្វបុរស។ ការសិក្សាឧបករណ៍ធ្វើអំពីលោហធាតុចុងយុគនេះអាចឱ្យយើងដឹងថា ខ្មែរដើមចេះប្រើប្រាស់លោហៈ ដូចជា កណ្ដៀវ លំពែង កងដៃ កងជើង ធ្វើអំពីសំរឹទ្ធ ឬស្ពាន់។ គេបានរកឃើញពណ៌ ហើយបានយកមកផាត់លើភាជន៍ដី ដើម្បីឱ្យមានពណ៌ប្រណិត។
គ. យុគលោហៈ
យុគលោហៈមានអត្ថិភាពចាប់ពី២ពាន់ដល់១០០ឆ្នាំមុនគ្រិស្តសករាជ។ ក្នុងយុគនេះប្រដាប់ប្រដាដែលគេប្រើប្រាស់ភាគច្រើនធ្វើអំពីដែក ស្ពាន់ សំរឹទ្ធ ទង់ដែង សំណរ និងដីភក់ឬដីឥដ្ឋមកធ្វើជាត្រា ហើយនៅមុខត្រាគេឆ្លាក់ជារូបឬក្បាច់ក្បូរផ្សេងៗ រួចគេយកទៅប្រថាប់នៅលើសំពត់ជាលម្អ។ គេក៏បានប្រទះឃើញផ្នូរធំៗដែលសង់អំពីផ្ទាំងថ្មសម្រាប់បញ្ចុះសព យុគចុងក្រោយនេះជាយុគមួយជឿនលឿនបំផុត ហើយការរស់នៅក៏មិនខុសគ្នាប៉ុន្មានពីជីវភាពមនុស្សខ្មែរសព្វថ្ងៃនៅតាមជនបទដាច់ស្រយាលនៃប្រទេសកម្ពុជា ដែលពុំទាន់មានទំនាក់ទំនងជាមួយពួកអឺរ៉ុប។
ខាងដើមសម័យបុរេប្រវត្តិនេះ គ្មានអរិយធម៌ វប្បធម៌ជាតិសាសន៍ណាចូលមកលាយឡំឡើយ អ្វីៗដែលខ្មែរចេះដឹងធ្វើកើតក្នុងសម័យនោះគឺជាគំនិតខ្មែរ ជារបស់ខ្មែរ ជាស្នាដៃខ្មែរ គឺជាខេមរនិយមសុទ្ធសាធដូចជាវប្បធម៌ អរិយធម៌និងភាសាជាដើម សុទ្ធតែកើតចេញមកពីប្រភពខ្មែរ-មននោះឯង។ មនុស្សជំនាន់ដើមមានជំនឿទៅលើអ្នកតាព្រៃភ្នំ និងទីកន្លែងសម្រាប់គោរពបូជាដែលស្ថិតនៅលើទីខ្ពស់មានទីទួលនិងកំពូលភ្នំជាដើម។ ជំនឿបែបនេះហើយដែលបង្កើតឱ្យមានទស្សនៈក្នុងការកសាងប្រាសាទភ្នំ គឺជាប្រាសាទតំណាងភ្នំ ឯលិង្គតម្កល់ក្នុងប្រាសាទភ្នំ គឺជាតួអង្គអ្នកតានេះឯង។ ជំនឿមួយផ្សេងទៀតរបស់អ្នកស្រុកដើម គឺការគោរពព្រះធរណី ព្រោះដីជាមូលដ្ឋានផ្តល់ស្រូវអង្ករជាអាហារដ៏សំខាន់។ ជំនឿនេះគេឃើញមានរំឭកឡើងក្នុងពីធីច្រត់ព្រះនង្គ័ល ការចាប់បើករដូវធ្វើស្រែចម្ការហើយពិធីនេះ គេធ្វើនៅថ្ងៃ៤រោច ខែពិសាខ៕






