ចំណេះដឹងទូទៅ៖ ខេត្តបាត់ដំបង និងសៀមរាប ថ្ងៃទី១៧ ខែវិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្រ្តសំខាន់មួយ ព្រោះជាថ្ងៃដែលដែនដីខេត្តទាំងពីរនេះត្រូវបាន សៀមប្រគល់មកឲ្យកម្ពុជាវិញ

19-11-2025 21:26

(ភ្នំពេញ)៖ សម្រាប់អ្នកខេត្តបាត់ដំបង និងសៀមរាប ថ្ងៃទី១៧ ខែវិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្រ្តសំខាន់មួយគួរឲ្យ ចងចាំទុកព្រោះជាថ្ងៃដែលដែនដីខេត្តទាំងពីរនេះ ត្រូវបានប្រគល់មកឲ្យកម្ពុជាវិញ (កាលនោះស្ថិតក្រោមអាណាព្យាបាលបារាំង) ពីសំណាក់រាជការសៀម តាមរយៈសន្ធិសញ្ញាកិច្ចព្រមព្រៀងក្រុងវ៉ាស៊ីនតោន រវាងប្រទេសបារាំង និងប្រទេសសៀម ដែលមានឈ្មោះពេញថា Franco-Thai Settlement Agreement ដែលបានចុះហត្ថលេខានៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។

កាលណានិយាយអំពីប្រវត្តិសាស្រ្តខេត្តបាត់ដំបងសៀមរាប និងប្រទេសសៀម មានថ្ងៃដែលគួរឲ្យចងចាំចំនួនពីរគឺ៖

*១៖ ថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ សន្ធិសញ្ញាបារាំងសៀម
*២៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦ កិច្ចព្រមព្រៀងបារាំងថៃ។

គួររម្លឹកផងដែរថា កាលនៅក្នុងសម័យសង្រ្គាមលោកលើកទី២ កងទ័ពចក្រភពជប៉ុន បានបើកការវាយលុកដ៏រហ័ស ហើយវាតទីបានស្ទើរតែទាំងអស់លើតំបន់អាស៊ីអាគ្នេយ៍ ដោយដណ្តើមបានទឹកដីពីមហាអំណាចអឺរ៉ុប (អង់គ្លេស បារាំង ហូឡង់) និងសហរដ្ឋអាមេរិក។ ជប៉ុនមានបំណងបង្កើតមណ្ឌលវិបុលភាពរួមដ៏ធំនៅអាស៊ីបូព៌ា (Greater East Asia Co-Prosperity Sphere) និងធានាបាននូវការផ្គត់ផ្គង់ប្រេង និងធនធានធម្មជាតិសម្រាប់កិច្ចខិតខំ ប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន។

នៅប្រមាណឆ្នាំ១៩៤០ បារាំងបានធ្លាក់ដៃក្រោមកងទ័ពណាហ្សីរបស់អាល្លឺម៉ង់ ហើយរដ្ឋាភិបាលរបស់ខ្លួននៅតំបន់ឥណ្ឌូចិន ក៏ចុះទន់ខ្សោយយ៉ាងខ្លាំងផងដែរ។ ឃើញឱកាសល្អបែបនេះរដ្ឋាភិបាលសៀម ដែលដឹកនាំដោយពួកយោធានិយមប្រកាន់គំនិតជាតិនិយមជ្រុល និងដែលបានគុំនឹងបារាំងស្រាប់នោះក៏បានចងសម្ព័ន្ធភាពជាមួយនឹងជប៉ុន ក្នុងឆ្នាំ១៩៤១ ដើម្បីឲ្យជប៉ុនជួយអន្តរាគមន៍ខ្លួនទាមទារយកដែនដីទាំងប៉ុន្មាន ដែលខ្លួនធ្លាប់គ្រប់គ្រង មុនឆ្នាំ១៩០៧ យកពីបារាំងមកវិញ។

ជាលទ្ធផលកាលនោះជប៉ុនបានបង្ខំឲ្យបារាំងចុះអនុសញ្ញាទីក្រុងតូក្យូ (Tokyo Convention) ឆ្នាំ១៩៤១ ដោយបានយល់ព្រមប្រគល់ទឹកដី បាត់ដំបង សៀមរាប រួម និងលាវ ទៅឲ្យភាគី សៀមវិញ។ តំណាងភាគីសៀម ដែលមកទទួលការប្រគល់ដែនដី និងអ្នកបង្ហូតទង់ជាតិសៀមនៅក្នុងខេត្តបាត់ដំបង គឺលោក ឃួង អភ័យវង្ស កូនប្រុសរបស់លោកម្ចាស់បស្ចឹមកថាថនឈុំ។ នៅពេលសង្រ្គាមលោកលើកទី២ បានបញ្ចប់ដោយបរាជ័យរបស់ជប៉ុន ប៉ុន្តែសៀមនៅតែរារែក មិនព្រមប្រគល់ដែនដីទាំងនោះមកបារាំងវិញទេ ដោយយកលេសជាច្រើនជំពូកតាមសន្តានរបស់សៀម។

សៀមកាលនោះបានស្នើសុំចូលជាសមាជិករបស់អង្គការសហប្រជាជាតិ ដែលទើបបង្កើតថ្មីៗនោះ តែមិនបានសម្រេចនោះទេ ដោយសារតែបារាំង ដែលជាសមាជិកអចិន្រ្តែយ៍នៃក្រុមប្រឹក្សាសន្តិសុខនោះបានប្រើសិទ្ធិវេតូជំទាស់បេក្ខភាពរបស់សៀម។ ដើម្បីដោះស្រាយបញ្ហានេះ សហរដ្ឋអាមេរិកក៏បានផ្តួចផ្តើមសន្ធិសញ្ញាថ្មីរវាងបារាំង-សៀមក្នុងគោលបំណងដោះស្រាយផលវិបាកនៃសង្គ្រាមបារាំង-ថៃ (១៩៤០-១៩៤១) និងលុបចោល អនុសញ្ញាទីក្រុងតូក្យូ ឆ្នាំ១៩៤១ មុននោះដែលសៀមក្រោមការគាំទ្ររបស់ជប៉ុន បានកាន់កាប់ទឹកដីពីឥណ្ឌូចិនរបស់បារាំង។

ជាលទ្ធផល កិច្ចព្រមព្រៀងដំណោះស្រាយបារាំង-សៀម ត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤៦។ ភាគីសៀមបានយល់ព្រមប្រគល់ទឹកដី-ខ្មែរ​ និងលាវទាំងអស់នោះ​ ត្រឡប់ទៅឲ្យបារាំងវិញ ដើម្បីជាថ្នូរនឹងការបានចូលជាសមាជិកអង្គការសហប្រជាជាតិ៕


លោក ឃួង អភ័យវង្ស


រូបតំណាង ស្តីពី កិច្ចព្រមព្រៀងក្រុងវ៉ាស៊ីនតោន រវាងប្រទេសបារាំង និងប្រទេសសៀម