ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពី «ភ្លេងមហោរី»
08-12-2025 22:37
(ភ្នំពេញ)៖ «មហោរី» ឬ «វង់ភ្លេងមហោរី» គឺជាក្រុមភ្លេងប្រពៃណីមួយរបស់ប្រទេសកម្ពុជា។ សិល្បៈតន្ត្រីនេះត្រូវបានបង្កើតឡើងនៅសម័យអង្គរ ហើយប្រហែលជាមានអាយុកាលនៅដើមសតវត្សទី៩។ មហោរី កាន់តែមានប្រជាប្រិយភាព និងមានការវិវត្តបន្ថែមទៀតនៅក្នុងសម័យក្រោយអង្គរ រហូតមកដល់បច្ចុប្បន្ន។
បទចម្រៀង និងទំនុកច្រៀងនៃតន្ត្រី មហោរី ជាធម្មតាបង្ហាញពីភាពស្រស់ស្អាត និងការកោតសរសើរនៃធម្មជាតិ និងការសារភាពនៃសេចក្តីស្រឡាញ់។ តន្ត្រីដែលប្រគំដោយក្រុមខ្មែរនេះ គឺទន់ភ្លន់ និងស្រទន់ ដែលសាកសមសម្រាប់ការកម្សាន្តក្នុងព្រឹត្តិការណ៍សង្គម និងប្រពៃណីខ្មែរ។ បច្ចុប្បន្ននេះ មហោរី នៅតែជាតន្ត្រីប្រពៃណី ខ្មែរ ដ៏ពេញនិយមមួយ ដែលលេងក្នុងឱកាស និងពិធីបុណ្យផ្សេងៗ។
នេះបើតាមសៀវភៅបញ្ជីសារពើភណ្ឌបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា ឆ្នាំ២០១៧ ភ្លេងមហោរី គឺសម្រាប់លេងកំដររបាំប្រពៃណី, ល្ខោនមហោរី, ល្ខោនប្រាមោជ្ជទ័យ និងពិធីដទៃទៀត ដែលជាលក្ខណៈកម្សាន្តអារម្មណ៍។ ភ្លេងមហោរី មានសំឡេងស្រាល ប្រកបដោយមនោសញ្ចេតនាទន់ភ្លន់ លន្លង់លន្លោច គួរជាទីលំហែអារម្មណ៍។ នៅពេលច្រៀង ឧបករណ៍ភ្លេងមួយចំនួនត្រូវផ្អាកលេង ហើយ គេច្រៀងចម្រៀងមួយវគ្គ ឬពីរវត្ត រួចទើបលេងភ្លេងសារឡើងវិញមួយ ឬពីរដង។
ផ្អែកលើការស្រាវជ្រាវ ទំនុកភ្លេងមហោរីមានប្រហែលជាង ៦០០បទខុសៗគ្នា។ ឧបករណ៍ភ្លេងមហោរីមួយចំនួន គឺដូចគ្នានឹងឧបករណ៍ភ្លេងពិណពាទ្យដែរ។
ភ្លេងមហោរីអាចចែកជា ៣ប្រភេទ គឺមហោរីធម្មតា(ឬសុទ្ធ), មហោរីច្នៃ និងមហោរីព្រះរាជទ្រព្យ។ ភ្លេងមហោរីទាំង ៣ប្រភេទនេះ គឺមានឧបករណ៍ខុសប្លែកគ្នាខ្លះ។ ភ្លេងមហោរីធម្មតាមានឧបករណ៍ដូចជា៖ រនាតឯក, រនាតធុង, ក្រពើ (តាខេ), ខ្លុយ, ទ្រអ៊ូ, ទ្រដួង (ទ្រសោ), ទ្រឆេ, ស្គរថូន-រមនា, ឈឹង។
មហោរីច្នៃ គឺមានបញ្ចូលឧបករណ៍ភ្លេងសំឡេងស្រាល (ឬស៊ីមហ្វូនី) របស់បរទេសទៅក្នុងនោះដូចជា៖ វិយូឡុង, ហ្គីតាសាំ, បង់ហ្សាអាល់តូ, អាម៉ូនីញ៉ូមតូច, អាម៉ូនីញ៉ូមធំ, អុងទីវ។ ចំណែកភ្លេងមហោរីព្រះរាជទ្រព្យ មានឧបករណ៍ចម្រុះរហូតដល់១៤មុខ គឺ៖ រនាតឯក, រនាតធុង, គងវង់តូច, គងវង់ធំ, ទ្រខ្មែរ, ទ្រអ៊ូ, ទ្រឆេ, ខ្លុយ, ចាប៉ីដងវែង, ក្រពើឯក, ក្រពើធុង, ក្រាប់, ឈឹង, ស្គរថូន-រមនា៕



ក្រុមភ្លេងនារីនៃវង់ភ្លេងមហោរី របស់កម្ពុជា ពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៨០០

ឧបករណ៍ភ្លេងមហោរីពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ១៨០០


