ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីប្រាសាទព្រះវិហារ ដែលសាងសង់ដោយអតីតស្តេចខ្មែរ

10-12-2025 20:33

(ភ្នំពេញ)៖ ប្រាសាទ​ព្រះវិហារ គឺជា​ប្រាសាទខ្មែរ ស្ថិតនៅលើ​ពយ​តា​ឌី នៅជាប់​ច្រាំង​ថ្ម​កម្ពស់​៥២៥ ម៉ែត្រ នៃ​ភ្នំ​ដងរែក ក្នុង​ខេត្ត​ព្រះវិហារ។ប្រាសាទ​នេះ បាន​ផ្តល់​ឈ្មោះ​ដល់​ខេត្ត​ព្រះវិហារ និង​មាន​ចម្ងាយ​ ១៤០​គ​.​ម ពី​ប្រាសាទ​អង្គរវត្ត និង​ប្រហែល ៣២០​គ​.​ម ពី​រាជធានីភ្នំពេញ​។

ប្រាសាទព្រះវិហារ មានទីតាំងស្ថិតនៅ ភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរ៉ែក ជាប់ព្រំប្រទល់ ប្រទេសថៃ មានចំងាយ ១០៨គ.ម ពីទីរួមខេត្តព្រះវិហារ (ស្រុកត្បែងមានជ័យ) តាមផ្លូវលេខ ២១១។ ខេត្តព្រះវិហារ បានបង្កើតឡើង នៅក្នុងឆ្នាំ១៩៦៤ ដោយកាត់ដីពី ខេត្តស្ទឹងត្រែង កំពង់ធំ និង សៀមរាប។ ខេត្តនេះ គឺនៅភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ជាខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ ភ្នំ និង ស្ទឹង ដងអូរ។

ប្រាសាទ​ព្រះវិហារ មាន​ទីតាំង​ដ៏​អស្ចារ្យ​បំផុត ក្នុងចំណោម​ប្រាសាទ​ដែល​បាន​សាងសង់​ក្នុងសម័យ​អាណាចក្រ​ខ្មែរ នៃ​សតវត្ស​រ៍ទី​៦​។ ប្រាសាទ​នេះ មានវិហារ​ជាច្រើន ត​ភ្ជាប់​ដោយ​ប្រព័ន្ធ​កម្រាល​ថ្ម និង​ជណ្តើរ​មាន​ប្រវែង​ប្រហែល ៨០០​ម៉ែត្រ និង​ត្រូវបាន​សាងសង់​ឲ្យមើល​ឃើញ​ទេសភាព​ដែល​នៅ​ជុំវិញ​នោះបាន​យ៉ាងច្បាស់​។ ប្រាសាទ​នេះ​ត្រូវបាន​ឧទ្ទិស​ដល់​ព្រះ​សិវៈ គឺ​មាន​ភាពខុសប្លែក​ពី​ប្រាសាទ​ដទៃ ក្នុងចំណោម​ប្រាសាទខ្មែរ ដែលបាន​សាងសង់ តាម​បណ្តោយ​អ័ក្ស​ជើង​ត្បូង ជា​ជាង​មាន​រាង​ជា​ចតុកោណកែង ឆ្ពោះ​ទៅ​ខាងកើត​។ ប៉ុន្តែ​ទោះបីជា​ប្រាសាទ​នេះ មាន​ភាព​ខុសប្លែក​គ្នា​ច្រើន​ពី​ប្រាសាទ​ភ្នំ ដែល​បាន​រកឃើញ​នៅ​អង្គរ គេ​ជឿ​ថា​ប្រាសាទ​ទាំងនេះ​ត្រូវបាន​សាងសង់​ឡើង តំណាងឲ្យភ្នំ​ព្រះ​សុ​មេរុ ដែល​ជា​ទីលំនៅ​របស់​អាទិទេព​។​

ប្រាសាទព្រះវិហារ មានទំហំ ៨០០ម×៤០០ម ស្ថិតនៅលើភ្នំព្រះវិហារដែលមានកម្ពស់ ៦២៥ម។ វាត្រូវបានប្រគល់មកឱ្យព្រះរាជាណាចក្រកម្ពុជាវិញ តាមសាលដីកា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិ នាក្រុងឡាអេ។

ប្រាសាទព្រះវិហារ ជាប្រភេទរមណីយដ្ឋាន ប្រវត្តិសាស្រ្ត ដែលពីដើមមានឈ្មោះថា ស្រីសិខរីស្វារៈ ប្រែថា បារមីភ្នំ ហើយប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និង ដើមសតវត្សរ៍ទី១២ ដោយស្តេច៤ អង្គគឺ៖

*ព្រះបាទយសោវ័រ្មនទី១ (គ.ស ៨៨៩​ – ៩១០ ឬ ៩១០?)៖ ព្រះអង្គបានសាងសង់ ប្រាសាទកណ្តាល។ ព្រះបាទយសោវ័រ្មនទី១ បានបង្កើតរាជធានី យសោធរបុរៈ និង ជាក្សត្រដែលចូលចិត្ត សាងសង់ប្រាសាទ លើកំពូលភ្នំធម្មជាតិ។

*ព្រះបាទសូរ្យវ័រ្មនទី១ (គ.ស ១០០២ – ១០៥០)៖ ព្រះអង្គបានសាងសង់ អាគារដ៏វែង នៅជិតប្រាសាទកណ្តាល កំពែងព័ទ្ធជុំវិញ និង គោបុរៈបី។ យោងទៅតាមសិលាចារិករបស់ប្រាសាទ ព្រះបាទសូរ្យវ័រ្មន បានរៀបចំពិធី ដើម្បីអញ្ជើញទេវ ភទ្រស្វរៈ ដែលគង់នៅវត្តភូ (សព្វថ្ងៃនៅប្រទេសឡាវបច្ចុប្បន្ន) មកគង់នៅជាមួយនឹងទេវ ស្រីសិខរីស្វារៈ ដើម្បីជួយការពារ និងថែរក្សាអាណាចក្រខ្មែរ និង ប្រជារាស្រ្ត។

*ព្រះបាទជ័យវ័រ្មនទី៦ (គ.ស ១០៨០ – ១១០៩)៖ ព្រះអង្គបានសាងសង់ បណ្ណាល័យពីរ និង ជួសជុល ផ្នែកមួយចំនួននៃប្រាសាទ។

*ព្រះបាទសូរ្យវ័រ្មនទី២ (គ.ស ១១១៣ – ១១៥០)៖ ព្រះអង្គបានសាងសង់ព្រះលាន ដែលមាននាគក្បាលប្រាំពីរ រូបតោតាមផ្លូវ និង នាគជាច្រើនទៀត តាមជណ្តើរឡើង។ ព្រះអង្គក៏បានរៀបចំពិធីសម្ពោធប្រាសាទ និង ចាត់ទុកជាកន្លែង គោរពសម្រាប់ព្រះមហាក្សត្រ គ្រប់រូប។

មានរឿងទេវកថា របស់ព្រាហ្មណ៍សាសនាជាច្រើន ដែលបានឆ្លាក់លើផ្តែរនៃប្រាសាទព្រះវិហារ។ រឿងពីរក្នុងចំណោម រឿងទាំងនោះ មានអត្ថន័យជ្រាលជ្រៅ គឺរឿងជ័យជម្នះ របស់គ្រឹស្ណៈ ដែលបង្ហាញពីជោគជ័យ ក្នុងការដណ្តើមយក ទឹកដីទន្លេយុមនា និង រឿងកូរសមុទ្រទឹកដោះ។

ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាពវាងវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ប្រាសាទព្រះវិហារ​ត្រូវបាន​ដាក់បញ្ចូល និង​ប្រកាស​ជាបេ​តិកភណ្ឌ​ពិភពលោក ដោយ​អង្គការ UNESCO នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០០៨​៕