ចំណេះដឹងទូទៅ៖ ព្រះវិស្ណុ ឬព្រះនារាយណ៍ គឺជាអាទិទេពស្រោចស្រង់ពិភពលោក ទ្រទ្រង់ពិភពលោក និងចម្រើនពិភពលោក
29-12-2025 21:09
(ភ្នំពេញ)៖ ព្រះវិស្ណុ ជាព្រះអាទិទេពដ៏សំខាន់ក្នុងសាសនាព្រាហ្មណ៍តាមបែបហិណ្ឌូនិយមក្នុងចំណោមព្រះអាទិទេពទាំង ៣អង្គ គឺព្រះព្រហ្ម ព្រះវិស្ណុ ឬព្រះនារាយណ៍ និងព្រះសិវៈ ឬព្រះឥសូរ។ តាមឯកសារនៃព្រហ្មណ៍សាសនា តួនាទីរបស់ព្រះវិស្ណុ គឺនៅពេលដែលផែនដីកើតហើយ ព្រះវិស្ណុ មានបេសកកម្មរបស់ព្រះអង្គជាអ្នកថែរក្សាការពារ និងរៀបចំលោក។ ឯកសារខ្លះទៀតបានបង្ហាញថា ព្រះវិស្ណុមានតួនាទីទ្រទ្រង់លោក ឬបង្កើតនូវវឌ្ឍនភាពនៃលោកនេះឲ្យមានការរីកចម្រើន ដោយឆ្លងផុតពីគ្រោះភ័យ និងឧបទ្រពចង្រៃទាំងពួង។
លក្ខណៈពិសេសសម្គាល់ព្រះវិស្ណុ រួមមាន៖
*មានព្រះកេសមួយ
*មានព្រះហស្ថ ២ ឬ៤ ឬ៨
*ម្កុដមូលវែង
*ពាហនៈជាយានជំនិះ សត្វគ្រុឌ ឬពស់ (សេសៈ)
*វិមាន ឋានវៃកុណ្ធៈ
*កេតនភណ្ឌ៖ កងចក្រ ដំបង ផ្កាឈូក ខ្យងស័ង្ខ ធ្នូ ដាវ
*មហេសី៖ នាងលក្ម្សី ទេវតាតំណាងទ្រព្យសម្បត្តិ និងនាងស្រី ទេវតាតំណាងសោភ័ណភាព។
ព្រះវិស្ណុមានអវតា១០ រួមមាន៖
*១៖ មត្ស្យ (Matsya): ជាត្រីជួយស្រោចស្រង់ជីវិតមនុស្សឲ្យរួចផុតពីទឹកជំនន់ ដែលបង្កើតឡើងដោយយក្សឈ្មោះថា ហយគ្រីវៈ។
*២៖ កុម៌ (Kurma): ជាអណ្តើកជួយធ្វើកំណល់ភ្នំមន្ទរ ឲ្យទេវតា និងយក្សយកនាគឈ្មោះ វាសុក បង្វិលភ្នំកូរសមុទ្រទឹកដោះ ឲ្យខះរីងហួត ដើម្បីយកទឹកអម្រិតផឹកកុំឲ្យស្លាប់។
*៣៖ វារាហ (Varaha) ជាជ្រូកព្រៃ បានបំផ្លាញហិរណយក្សដែលប៉ុនប៉ងរំលាយលោក ឲ្យទៅជាទឹកសមុទ្រ។
*៤៖ នរសិង្ហ (Narasinha) ជាមនុស្សសិង្ហ ក្បាលមនុស្សខ្លួនសិង្ហ បានបំផ្លាញយក្ស ដែលធ្វើបាបទេវតា។
*៥៖ វមន (Vamna) ជាមនុស្សតឿ បានប្រើកលល្បិចសុំដីយក្ស ៣ជំហាន ទុកឲ្យមនុស្សនៅ។
*៦៖ បរសុរាម (Parachurama) ជារាមពូថៅ បានបង្រ្កាបក្សត្រអរជុន។
*៧៖ រាម (Rama) ជាព្រះរាម ក្នុងរឿងរាមាយណៈ បង្រ្កាបក្រុងរាពណ៍។
*៨៖ ក្រឹស្ណ (krisna) ជាក្រឹស្ណ បានជួយមនុស្សឲ្យរួចពីកណ្តាប់ដៃស្តេចកំណាចឈ្មោះ កម្ស (Kamsa) ក្នុងរឿងភារតយុទ្ធ
*៩៖ ពុទ្ធ (Budha) ជាព្រះពុទ្ធ បានជួយស្រោចស្រង់ដាស់តឿនមនុស្សឲ្យស្គាល់បុណ្យបាប អាក្រក់ល្អ ផុតចាកបាបកម្ម។ល។ (ព្រះពុទ្ធ ពុំមែនជាអវតារព្រះវិស្ណុនោះទេ តែពួកព្រាហ្មណ៍ ដោយបានឃើញព្រះពុទ្ធមានឥទ្ធិពល មានអនុភាពខ្លាំងក្លា ក៏បានបញ្ចូលព្រះអង្គជាអវតាព្រះវិស្ណុ)។
*១០៖ កល្កិន (Kalkin) ជាមនុស្សសេះ គឺខ្លួនមនុស្សក្បាលសេះ។ អវតានេះមិនទាន់បានចាប់បដិសន្ធិលើលោកយើងទេ ព្រោះការមកដល់របស់អវតានេះ ប្រៀបដូចជាចុងបញ្ចប់នៃផែនដី។ កល្កិនមានមុខងារជាអ្នកកាត់ទោសសភាវៈអាក្រក់ដោយដាក់ទណ្ឌកម្ម និងឲ្យរង្វាន់ដល់សភាវៈល្អដើម្បីរៀបចំយុគមាស៕


ព្រះវិស្ណុពីប្រាសាទរូបអារក្ស,រចនាបទគូលែន

ព្រះវិស្ណុរចនាបទអង្គរវត្ត




