ចំណេះដឹងទូទៅ៖ ពលរដ្ឋជប៉ុនជិត ១០០ ០០០នាក់ មានអាយុលើសពី ១០០ឆ្នាំ, ច្រើនជាងគេលើពិភពលោក គិតត្រឹមឆ្នាំ២០២៥

14-01-2026 20:03

(ភ្នំពេញ)៖ នៅប្រទេសជប៉ុន ចំនួនមនុស្សដែលមានអាយុចាប់ពី ១០០ឆ្នាំឡើងទៅ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៩៩ ៧៦៣នាក់ គិតត្រឹមឆ្នាំ២០២៥។ នេះជាតួលេខខ្ពស់បំផុតក្នុងរយៈពេល ៥៥ឆ្នាំជាប់ៗគ្នា។

ក្នុងចំណោមនេះ មានប្រហែល៨៨% ជាស្ត្រី ហើយជប៉ុននៅតែបន្តនាំមុខគេលើពិភពលោក ដែលមានអ្នកមានអាយុលើសពី ១០០ឆ្នាំ។

អ្នកជំនាញ បានលើកទឹកចិត្តឲ្យយើងមានរបបអាហារដែលមានសុខភាពល្អ ការថែទាំសុខភាពជាប្រចាំ ការរក្សាសកម្មភាពប្រចាំថ្ងៃ និងចូលរួមគាំទ្រសហគមន៍ ដើម្បីជួយមនុស្សឱ្យយល់ដឹងពីការរស់នៅដល់វ័យចំណាស់។

*មកស្គាល់កត្តារួមចំណែកឱ្យជីវិតរស់ដល់អាយុវែង ប្រកបដោយសុខភាពល្អ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា កត្តារួមចំណែកសំខាន់ៗរួមមាន៖

១៖ របៀបរស់នៅដែលមានផាសុខភាពល្អ
* ការញុំាអាហារដែលមានតុល្យភាព: ការទទួលទាន «តិចអំបិល តិចខ្លាញ់ តិចស្ករ» និងបន្លែផ្លែឈើច្រើន ការកំណត់ការទទួលទានសាច់ និងការចៀសវាងអាហារកែច្នៃ ព្រមទាំងការបរិភោគក្នុងបរិមាណសមល្មម គឺជាអ្វីដែលលោកអ្នកដែលមានអាយុវែងច្រើនតែអនុវត្តន៍។
* ការធ្វើលំហាត់ប្រាណជាប្រចាំ: ការធ្វើចលនា និងសកម្មភាពរាងកាយជាប្រចាំជួយរក្សាសុខភាពបេះដូង ឆ្អឹង និងសាច់ដុំឱ្យរឹងមាំ។
* ការសម្រាន្តឱ្យបានគ្រប់គ្រាន់: ការគេងយ៉ាងហោចណាស់ ៧ ម៉ោងក្នុងមួយថ្ងៃមួយយប់ ជួយឱ្យរាងកាយបានសម្រាក និងមានថាមពលឡើងវិញ។
* ការគ្រប់គ្រងភាពតានតឹង: ការស្វែងរកវិធីកាត់បន្ថយភាពតានតឹង ដូចជាការអនុវត្តសមាធិ ការធ្វើចិត្តឱ្យស្ងប់ និងការមានអារម្មណ៍ដឹងគុណ ព្រមទាំងការគិតបែបវិជ្ជមាន គឺមានសារសំខាន់ណាស់។
* ការមិនជក់បារី និងការមិនទទួលទានគ្រឿងស្រវឹង: ការជក់បារីបង្កើនហានិភ័យនៃជំងឺជាច្រើន ចំណែកឯការទទួលទានគ្រឿងស្រវឹង ក៏ប៉ះពាល់ដល់សុខភាព និងបង្កឱ្យមានជំងឺមិនឆ្លងជាច្រេីនផងដែរ។

២៖ កត្តាសង្គម និងផ្លូវចិត្ត
* ទំនាក់ទំនងសង្គមខ្លាំងក្លា: ការមានទំនាក់ទំនងល្អជាមួយគ្រួសារ មិត្តភក្តិ និងសហគមន៍ ជួយឱ្យមានអារម្មណ៍សុវត្ថិភាព និងមានតម្លៃ។
* ការមានគោលបំណងក្នុងជីវិត: ការមានអ្វីមួយដែលត្រូវខិតខំប្រឹងប្រែង និងមានអារម្មណ៍ថាមានប្រយោជន៍ក្នុងជីវិត ជួយលើកទឹកចិត្តឱ្យរស់នៅប្រកបដោយសុខភាពល្អ។
* ការរក្សាចិត្តគំនិតវិជ្ជមាន និងភាពធន់: ការមានទស្សនវិជ្ជមាន និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការលំបាក គឺជាកត្តាសំខាន់ក្នុងការជួយឱ្យលោកអ្នកអាចងើបឡើងវិញពីការលំបាក។

៣៖ កត្តាតំណពូជ និងជីវសាស្ត្រ
* ហ្សែន: ហ្សែនមានតួនាទីខ្លះក្នុងការកំណត់អាយុវែង ប៉ុន្តែវាមិនមែនជាកត្តាតែមួយគត់នោះទេ។ ការសិក្សាបានបង្ហាញថា ហ្សែនអាចជួយពន្យារអាយុរហូតដល់ ៩០ ឆ្នាំ ប៉ុន្តែនៅអាយុ ១១០ ឆ្នាំ កត្តារបៀបរបបរស់នៅ (lifestyle) មានសារសំខាន់ជាង។
* សូចនាករជីវសាស្ត្រ: ការសិក្សាខ្លះបានរកឃើញថា កម្រិតនៃសារធាតុគីមីមួយចំនួនក្នុងឈាម (ដូចជាការត្រួតពិនិត្យជាតិស្ករ ក្រេអ៊ាតធីនីន អាស៊ីតអ៊ួរិក អង់ស៊ីមថ្លើម) មានទំនាក់ទំនងជាមួយអាយុវែង។

៤៖ ការថែទាំសុខភាព
* ការពិនិត្យសុខភាពជាប្រចាំ: ការតាមដានស្ថានភាពសុខភាព និងការរកឃើញបញ្ហាសុខភាពតាំងពីដំបូង ជួយឱ្យមានការព្យាបាលទាន់ពេលវេលា។
* ការយល់ដឹងពីប្រវត្តិគ្រួសារ: ការដឹងពីប្រវត្តិជំងឺរបស់សាច់ញាតិ អាចជួយឱ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ និងណែនាំការការពារបានកាន់តែល្អប្រសើរ៕