ចំណេះដឹងគួរឱ្យចាប់អារម្មណ៍៖ មហាសេដ្ឋី Jeff Bezos នៅតែប្រើតុចាស់ តាំងពីបង្កើត Amazon ដំបូង ដើម្បីធ្វើការមកទល់បច្ចុប្បន្ន
24-01-2026 12:03
(បរទេស)៖ អាចនិយាយបានថា នេះជាចំណេះដឹងគួរឱ្យចាប់អារម្មណ៍មួយ ដែលត្រូវបានគេលើកមកនិយាយជាបន្តបន្ទាប់។ លោក Jeff Bezos នៅតែប្រើតុធ្វើពីទ្វារចាស់មួយ ដែលលោកបានធ្វើឡើងតាំងពីពេល Amazon ចាប់ផ្តើមដំបូង។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលមនុស្សម្នាក់មានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក មិនទាន់បោះបង់របស់ចាស់ៗចោល។ វាចាស់ក៏ពិតមែន តែជាអ្វីដែលតំណាងឲ្យការខិតខំដំបូងរបស់មហាសេដ្ឋីរូបនេះ។
រឿងនេះជាការរំលឹកដ៏មានអត្ថន័យថា ក្រុមហ៊ុនឬអាជីវកម្មធំៗជាច្រើន តែងចាប់ផ្តើមពីអ្វីដែលសាមញ្ញ និងតូចតាច។ ការរក្សាទុកអ្វីមួយពីអតីតកាល ជួយឲ្យមិនភ្លេចគោលបំណង និងចក្ខុវិស័យដើម។ វាបង្ហាញថា ទោះជាបានសម្រេចជោគជ័យធំធេងក៏ដោយ ក៏នៅតែអាចរក្សាភាពសាមញ្ញ និងគោលការណ៍ដើមបានដែរ។ ការឃើញមហាសេដ្ឋីម្នាក់នៅតែប្រើតុចាស់សាមញ្ញ គឺប្រៀបបានជាការបង្កើតកម្លាំងចិត្តយ៉ាងខ្លាំង។ វាបញ្ជាក់ថា អ្វីធំៗអាចកើតឡើងពីការចាប់ផ្តើមតូចៗ។ ផ្តោតលើការងារ និងមូលដ្ឋានឲ្យរឹងមាំ ជោគជ័យនឹងតាមមកដោយខ្លួនឯង។ នេះជាមេរៀនល្អសម្រាប់មនុស្សគ្រប់គ្នា។
គួរជម្រាបថា Jeff Bezos ត្រូវបានគេដឹងថា ធំធាត់ឡើងក្នុងគ្រួសារសាមញ្ញ ហើយតាំងពីក្មេងលោកចូលចិត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការបង្កើតអ្វីថ្មីៗ។ បើនិយាយពីកំណើតរបស់ Amazon គឺកាលពីឆ្នាំ១៩៩៤ Bezos លះបង់ការងារល្អមួយនៅ Wall Street ទៅចាប់ផ្តើម Amazon ក្នុងទីធ្លារទំនេរនៅផ្ទះ ដែលដំបូង Amazon គ្រាន់តែជាហាងលក់សៀវភៅតាមអ៊ីនធឺណិតប៉ុណ្ណោះ តែពេលនេះ Amazon ពង្រីកទៅលក់គ្រប់យ៉ាង (សម្ភារៈប្រើប្រាស់, Cloud, AI), បង្កើត Amazon Web Services (AWS) ដែលរកប្រាក់ចំណូលធំខ្លាំង រហូតធ្វើឲ្យបច្ចុប្បន្ននេះ Jeff Bezos ក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនបំផុតមួយរបស់ពិភពលោក។ មេរៀនដែលយើងត្រូវរៀនពីទស្សនវិស័យ និងគំនិត របស់ Jeff Bezos គឺលោកជឿលើការគិតរយៈពេលវែង (Long-term thinking), ផ្តោតលើអតិថិជនជាមុន (Customer First), មិនភ័យខ្លាចបរាជ័យ និងចាប់ផ្តើមពីតូច ក្លាយជាធំ៕









