ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីអំណាចក្នុងរចនាសម្ព័ន្ធគណបក្សកុម្មុយនិស្តចិន

26-01-2026 22:30

(ភ្នំពេញ)៖ ថ្មីៗនេះ លោក Zhang Youxia (ចាង យូសៀ) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនិស​ចិន និងលោក Liu Zhenli (លីវ ជិនលី) សមាជិកគណៈកម្មាធិការយោធាមជ្ឈិមបក្សកុម្មុយនីសចិន ត្រូវបានដាក់ឱ្យស្ថិតក្រោមការស៊ើបអង្កេត ជុំវិញការសង្ស័យបំពានវិន័យធ្ងន់ធ្ងរ។

ពួកគាត់ សុទ្ធតែជាមនុស្សខ្លាំងនៅក្នុងគណបក្ស និងជាពិសេស អាចនិយាយបានថា នៅក្បែរលោក ស៉ី ជីនពីង ទៀតផង។ ប្រការនេះ នាំឲ្យមហាជនឆ្ងល់ពីរចនាសម្ព័ន្ធគណបក្សកុម្មុយនិស្តចិន។

ហេតុនេះហើយ បានជា Fresh News បានសង្ខេបពីអំណាចក្នុងរចនាសម្ព័ន្ធគណបក្សកុម្មុយនិស្តចិន ដូចខាងក្រោម៖

១៖ គណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ (Politburo Standing Committee – PSC)

*សមាជិក ៧នាក់
*អំណាចខ្លាំងបំផុត
*ជាក្រុមមេដឹកនាំកំពូល
*សម្រេចចិត្តចុងក្រោយលើនយោបាយ សេដ្ឋកិច្ច កងទ័ព និងការបរទេស
*ប្រធានាធិបតីចិន (សព្វថ្ងៃគឺ លោក ស៊ី ជីនពីង) ស្ថិតនៅក្នុងក្រុមនេះ។

២៖ ការិយាល័យនយោបាយ (Politburo)

*សមាជិក ២៤នាក់
*គ្រប់គ្រង និងដឹកនាំប្រទេសជាទូទៅ
*ត្រួតពិនិត្យរដ្ឋាភិបាល កងទ័ព និងតុលាការ
*បោះឆ្នោតជ្រើសរើសគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ។

៣៖ គណៈកម្មាធិការមជ្ឈិម (Central Committee)

*សមាជិកប្រមាណ ២០០នាក់ (បូកសមាជិកបម្រុង)
*បោះឆ្នោតជ្រើសរើសសមាជិកការិយាល័យនយោបាយ
*ប្រជុំជាទៀងទាត់ (Plenum)
*កំណត់ទិសដៅធំៗរបស់បក្ស។

៤៖ សមាជបក្សថ្នាក់ជាតិ (National Party Congress)

*សមាជិកជាង ២ ០០០នាក់
*ប្រជុំរៀងរាល់ ៥ឆ្នាំម្តង
*កែប្រែធម្មនុញ្ញបក្ស
*ជ្រើសរើសគណៈកម្មាធិការមជ្ឈិម។

ក្រៅពីនេះ មានស្ថាប័នគាំទ្រសំខាន់ៗ រួមមាន៖

១៖ គណៈកម្មាធិការយោធាមជ្ឈិម (Central Military Commission – CMC)

*គ្រប់គ្រងកងទ័ពចិន
*ប្រធានគណៈកម្មាធិការយោធាមជ្ឈិម = មេដឹកនាំកំពូលនៃប្រទេស។

២៖ លេខាធិការដ្ឋាន (Secretariat)

*អនុវត្តសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ
*គ្រប់គ្រងការងារប្រចាំថ្ងៃ

៣៖ គណៈកម្មាធិការត្រួតពិនិត្យវិន័យកណ្ដាល (CCDI)

*ត្រួតពិនិត្យវិន័យ និងប្រឆាំងអំពើពុករលួយ
*មានឥទ្ធិពលខ្លាំងក្នុងការគ្រប់គ្រងមន្ត្រី៕